ជាតិ
លោក សុន ឆ័យ មានសុទិដ្ឋិនិយមថា ខ្មែរអាចដោះស្រាយបញ្ហាខ្មែរបាន! លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
× មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានសុទិដ្ឋិនិយមថា ស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន មានតែអ្នកនយោបាយខ្មែរគ្នាឯងទេ ដែលអាចដោះស្រាយបញ្ហានេះបាន។ លោកថា បរទេសគ្រាន់តែជាអ្នកជំរុញឲ្យខ្មែរនិយាយគ្នា ដើម្បីស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ។
ការជជែកគ្នារវាងខ្មែរ និងខ្មែរ គឺជាក្តីសង្ឃឹមដ៏សំខាន់បំផុត ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា អាចដោះស្រាយបញ្ហានយោបាយនាពេលបច្ចុប្បន្នបាន។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីករណីឯកឧត្តម កឹម សុខា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់យ៉ាងនេះថា៖«យើងនៅតែមានសង្ឃឹម និងមានជំនឿចំពោះការដោះស្រាយបញ្ហាក្នុងប្រទេសមួយ ហើយអ្វីដែលជាការងារជោគជ័យ មានប្រសិទ្ធភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ។ បរទេសគ្រាន់តែជាអ្នកជួយជំរុញឲ្យមានការយកចិត្តទុកដាក់រវាងខ្មែរនិងខ្មែរ ដើម្បីដោះស្រាយបញ្ហាខ្លួនដោយខ្លួឯងតែប៉ុណ្ណោះ»។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវឲ្យអ្នកនយោបាយរួសរាន់ជជែកគ្នា ដើម្បីរកដំណោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស ដោយកុំបណ្តោយឲ្យស្ថានការណ៍កាន់តែធ្ងន់ឡើង។ «យើងសង្ឃឹមថា នឹងមានយន្តការដែលអាចជជែកគ្នាបាន ដើម្បីធានាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការបង្កលក្ខណៈនៃការបោះឆ្នោតមានយុត្តិធម៌ត្រឹមត្រូវ តាមរយៈការដោះស្រាយបញ្ហាដែលកំពុងកើតឡើងនេះជាមួយគ្នា»។ នេះជាការបន្ថែមរបស់លោក សុន ឆ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com