ជាតិ
ឧទ្ធរណ៍​បើកសវនាការ​រឿងក្តី​ឯកឧត្តម កឹម សុខា ដោយ​គ្មាន​វត្តមាន​ជនត្រូវ​ចោទ​
26, Sep 2017 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ កញ្ញា សាលាឧទ្ធរណ៍ កំពុងបើក​សវនាការ​លើ​រឿងក្តី​ឯកឧត្តម កឹម សុខា ជុំវិញ​បណ្ដឹង​របស់​ក្រុម​មេធាវី ដែល​ប្ដឹង​ជំទាស់​នឹង​ដីការ​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​



​នៅក្នុង​សវនាការ​នៅ​ព្រឹក​នេះ មិនមាន​វត្តមាន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឡើយ​។ ក្រោយ​បើក​ដំណើរការបាន​មួយសន្ទុះ ក្រុម​មេធាវី​ការពារ​ក្តី​ឯកឧត្តម កឹម សុខា បាននាំគ្នា​ចេញពី​បន្ទប់​សវនាការ ដោយសារតែ​មិន​ពេញចិត្ត​ចំពោះ​ដំណើរការ​ស៊ើបសួរ​នេះ​។ លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នីតិវិធី​សវនាការ​ប្រព្រឹត្ត​ទៅដោយ​មិនមាន​ភាពត្រឹមត្រូវ ព្រោះ​ការសម្រេច​បែបណា​នោះ ត្រូវមាន​វត្តមាន​ជនជាប់ចោទ​ចូលរួម​។ មេធាវី​រូបនេះ បាន​បញ្ជាក់ថា ៖«​សវនាការ​នេះ​មិន​បានធ្វើ​ចំពោះមុខ​ជនជាប់ចោទ ពោលគឺ​ឯកឧត្តម កឹម សុខា មិន​ត្រូវបាន​បញ្ជូនមក​ស្ដាប់​ក្នុង​បន្ទប់​សវនាការ ដូច្នេះ​វា​មិន​ត្រឹមត្រូវ​ឡើយ​»​។​



​ជាការ​កត់សម្គាល់​នៅ​ព្រឹក​នេះ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាននាំគ្នា​ទៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​តាមដាន​ដំណើរការ​របស់​សវនាកា​រ ក៏ដូចជា​លើក​ចិត្ត​ដល់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​ផងដែរ​។ ប៉ុន្តែ​ការជួបជុំ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​សមត្ថកិច្ច​ដាក់​ប៉ា​រាស​បាំង​មិន​ឲ្យ​មានការ​ជួបជុំគ្នា​នៅមុខ​សាលាឧទ្ធរណ៍​ឡើយ ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​៕






Tag:
 កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com