អន្តរជាតិ
អ្នកនេសាទជនជាតិវៀតណាម២នាក់ស្លាប់ ពេលរត់គេចពីនាវាល្បាតហ្វីលីពីន
× អ្នកនេសាទជនជាតិវៀតណាម២នាក់ស្លាប់ និង៥នាក់ទៀតត្រូវចាប់ខ្លួន ក្រោយពេលដែលទូកនេសាទមួយគ្រឿងព្យាយាមបើករត់ និងបុកជាមួយនាវាល្បាតហ្វីលីពីន នៅថ្ងៃ ២៥ ខែកញ្ញា។ អាជ្ញាធរកំពុងស៊ើបអង្កេតឲ្យបានល្អិតល្អន់ពាក់ព័ន្ធការស្លាប់របស់ជនជាតិវៀតណាមនេះ ដើម្បីបញ្ចៀសបញ្ហាការទូតដែលអាចកើតឡើង។
នៅថ្ងៃទី២៥ខែកញ្ញា អ្នកនេសាទវៀតណាម២នាក់បានស្លាប់ និង៥នាក់ទៀតត្រូវចាប់ខ្លួន បន្ទាប់ពីទូកនេសាទវៀតណាមមួយ ក្នុងចំណោមទូកនេសាទប្រាំ៦គ្រឿង បានបុកជាមួយនាវាល្បាតហ្វីលីពីន។ ទូកនេសាទទាំង៦គ្រឿងនេះ បានចូលនេសាទខុសច្បាប់ ក្នុងដែនទឹកហ្វីលីពីន ជិតឆ្នេរខាងជើង ក្រុងBolinao។ ដូច្នេះហើយ ទើបអាជ្ញាធរហ្វីលីពីនដេញចាប់បែបនេះ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីអ្នកនាំពាក្យរបស់មន្ត្រីយោធាលោក Jose Covarrubias ដូច្នេះថា៖«ហ្វីលីពីន នឹងស្រាវជ្រាវឲ្យច្បាស់ ពីមូលហេតុដែលបណ្ដាលឲ្យអ្នកនេសាទវៀតណាមទាំង២រូបនេះស្លាប់។ ប៉ុន្តែសាកសពទាំង២នេះ ត្រូវបានគេរកឃើញ បន្ទាប់ពីទូកនេសាទវៀតណាម បានបុកជាមួយកប៉ាល់ហ្វីលីពីន។ ចំណែកឯអ្នកនេសាទ៥នាក់ផ្សេងទៀត នឹងត្រូវផ្ដន្ទាទោស ពីបទលួចចូលនេសាទខុសច្បាប់ និងបានប្រើប្រាស់ឧបករណ៍ឆក់ត្រី»។
កាលពីឆ្នាំ ២០១៣ កងល្បាតសមុទ្រហ្វីលីពីន បានសម្លាប់អ្នកនេសាទតៃវ៉ាន់ម្នាក់ ដែលចូលនេសាទខុសច្បាប់ ក្នុងដែនទឹកហ្វីលីពីន បន្តែវាបានបង្កឲ្យមានបញ្ហាការទូតកើតឡើង។ ចុងក្រោយហ្វីលីពីន សម្រេចសុំទោសតៃវ៉ាន់ រឿងសម្លាប់អ្នកនេសាទនេះ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធការស្លាប់របស់អ្នកនេសាទវៀតណាម តំណាងក្រសួងការបរទេសហ្វីលីពីន បានប្រាប់ទៅកាន់ភាគីវៀតណាមរួចរាល់ហើយ ពីការបន្តស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានដិតដល់ និងត្រឹមត្រូវពាក់ព័ន្ធនឹងការស្លាប់នេះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano បានបង្ហាញការសោកស្តាយ ចំពោះការស្លាប់នេះ និងប្តេជ្ញាស៊ើបអង្កេតករណីនេះ ពេលលោកជួបជាមួយសមភាគីវៀតណាម Pham Binh Minh នៅក្រៅអង្គសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក។
គួរបញ្ជាក់ដែរថា អ្នកនេសាទបរទេសជាញឹកញាប់ត្រូវបានចាប់ខ្លួន ខណៈពេលចូលក្នុងដែនទឹកហ្វីលីពីនដោយខុសច្បាប់។ ជាក់ស្ដែងកាលពីឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឲ្យរំដោះអ្នកនេសាទវៀតណាម១៧នាក់ ដែលចូលបានដែនដីហ្វីលីពីនខុសច្បាប់៕
Tag:
វៀតណាម
Alan Peter Cayetano
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com