ជាតិ
កម្ពុជា​ចូលរួម​សរសេរ​របាយការណ៍​ស​កល​ស្តីពី «​ទឹក និង​សន្តិភាព​»
26, Sep 2017 , 11:45 am        
រូបភាព
​ហ្សឺ​ណែវ​៖ រដ្ឋាភិបាល​ស្វី​ស​បានបង្ហាញ​របាយការណ៍​សកល​មួយ​ស្តីពី «​ទឹក និង សន្តិភាព​» កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ តំណាង​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​នៃ​ប្រទេស​ចំនួន​១៤​ផ្សេងទៀត​ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ត្រូវបាន​អញ្ជើញ​ឲ្យ​រួម​ក្នុង​កិច្ចពិភាក្សា​អន្តរជាតិ​មួយ​នេះ និង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​របាយការណ៍​ដែលមាន​គោលដៅ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​ពិភពលោក យកចិត្តទុកដាក់​លើ​បញ្ហា ទឹក​ឲ្យ​ក្លាយជា​ឧបករណ៍​នាំទៅរក​សន្តិភាព ប៉ុន្តែ​មិនមែនជា​ឧបករណ៍​នេះ​ជម្លោះ​ឡើយ​។​



​របាយការណ៍​សកល​មួយ​ស្តីពី «​ទឹក និង​សន្តិភាព​» ដែលមាន​លក្ខណៈ​ជា​គោលនយោបាយ​ផង និង​ជាការ​អំពាវនាវ​ផង ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅក្នុង​អគារ​សន្តិភាព (maison de la paix) នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៃ​ប្រទេស​ស្វី​សនា​ពាក់កណ្តាល​ខែកញ្ញា​នេះ​។ ការផ្សព្វផ្សាយ​របាយការណ៍​កម្រាស់​១០០​ទំព័រ​ស្តីពី បញ្ហា​គ្រប់គ្រង​ទឹក ការប្រើប្រាស់​ទឹកជា​ឧបករណ៍​នាំទៅរក​សន្តិភាព​ត្រូវបាន​ធ្វើឡើង​មុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូយ៉ក​លើក​ទី​៧២ ហើយ​របាយការណ៍​នេះ​ក៏​នឹង​ត្រូវដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​។​



​របាយការណ៍​ដែលមាន​ចំណងជើង​ថា «​បញ្ហា​នៃ​ការរស់រានមានជីវិត (The matter of survival) »  ត្រូវបាន​រៀបចំ​ធ្វើ​យ៉ាង​ឧឡា​រិ​ក​ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល​ទាំង​១៥​ប្រទេស​ដែល​បាន​ចូលរួម​សរសេរ​របាយការណ៍​នេះ អ្នកកាសែត​នៃ​ប្រទេស​ដែលមាន​តំណាង​រដ្ឋាភិបាល​ចូលរួម​តាក់តែង​របាយការណ៍​នោះ តំណាង​យុវជន សង្គម​ស៊ីវិល​អន្តរជាតិ​ផងដែរ​។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ក្រុម​អ្នកជំនាញ​ជាន់ខ្ពស់​ចំនួន​១៥​រូប ស្តីពី​បញ្ហា​ទឹក និង​សន្តិភាព ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​កម្ពុជា លោក ថោ ជេដ្ឋា ស្ថិតនៅ​ក្នុងចំណោម​អ្នកជំនាញ​អន្តរជាតិ​១៤​រូប​ផ្សេងទៀត​ដែល​មកពី ប្រទេស​កូ​ឡំ​ប៊ី​, កូ​ស្តា​រី​កា​, អេ​ស្តូ​នី​, បារាំង​, ហ្កា​ណា​, ហុង​គ្រី​, ហ្ស៊​កដា​នី​, កា​ហ្សា​ស្ថាន​, ម៉ា​រ៉ុ​ក​, អូ​ម៉​ង់​, សេ​នេ​ហ្កា​ល់​, ស្លូ​វេ​នី​, អេ​ស្ប៉ា​ញ និង​ប្រទេស​ស្វី​ស​។ អ្នកជំនាញ​ទាំងនេះ​ធ្វើការ​រួមគ្នា​ពី​ទីតាំង​ផ្សេងៗ​គ្នា ក្រោម​ការសម្របសម្រួល​របស់​មជ្ឈមណ្ឌល​ទឹក​នៃ​ក្រុង​ហ្សឺ​ណែវ ដែលមាន​មុខងារ​ជា​លេខាធិការដ្ឋាន​នៃ​ក្រុម​អ្នកតាក់តែង​របាយការណ៍​។​

​ហេតុអ្វី​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ទឹក​? នៅក្នុង​សន្និសីទកាសែត​មួយ លោក​បណ្ឌិត ដា​នី​ឡូ តួ​ក ( Danilo Turk) ដែលជា​ប្រធាន​ក្រុម​អ្នកសរសេរ​របាយការណ៍​បាន​ថ្លែង​ឲ្យ​ដឹងថា ទឹក​មិនមែន​ត្រឹមតែ​ជា​បញ្ហា​នៅក្នុង​ការអភិវឌ្ឍ និង​សិទ្ធិមនុស្ស​ទៀតឡើយ ប៉ុន្តែ​វា​ក្លាយជា​ឧបករណ៍​សន្តិភាព និង​សន្តិសុខ​ទៀតផង​។ ដូច្នេះ សម្រាប់​លោក ដា​នី​ឡូ តួ​ក គេ​ត្រូវតែ​ប្រញាប់ប្រញាល់​ក្នុង​ការលើក​បញ្ហា​ទឹក​នៅ​គ្រប់​ជាន់ថ្នាក់ និង​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ តាំងពី​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន​។​



​លោក ដា​នី​ឡូ ពន្យល់​ប្រាប់​អ្នកកាសែត​យ៉ាង​ប្រាកដប្រជា​យ៉ាង​ដូច្នេះ​៖«​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ យើង​ដូចជា​គ្រូពេទ្យ ដែល​ដឹងថា​ជំងឺ​អ្វីមួយ វា​នឹង​បង្ក​ឲ្យ​មាន​បច្ច័យ​យ៉ាងណា​។ ហើយ​យើង​ត្រូវ​ទប់ស្កាត់ ការពារ​មិនមាន​ជំងឺ​នោះ​កើតឡើង​»​។​

​ការខ្វះខាត​ទឹក គោលនយោបាយ​គ្រប់គ្រង​ទឹក​សម្រាប់​ការប្រើប្រាស់ និង​សម្រាប់​កសិកម្ម ការ​ប្រឈម​ចំពោះ​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ទឹក​នៅក្នុង​តំបន់​ជម្លោះ​ប្រដាប់អាវុធ ទាំងអស់នេះ​សុទ្ធតែជា​បញ្ហា​ទឹក​ដែល​បាន​កើតឡើង​នៅតាម​តំបន់​មួយចំនួន​រួចហើយ​នៅលើ​ពិភពលោក​នេះ ហើយ​ដែល​ត្រូវបាន​សរសេរ​នៅក្នុង​របាយការណ៍​។ របាយការណ៍​សកល​ស្តីពី​បញ្ហា​ទឹក និង​សន្តិភាព បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដើរតួនាទី​ស្នូល​ក្នុងការ​អំពាវនាវ​ឲ្យ​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​ស្តីអំពី​បញ្ហា​ទឹក ដើម្បី​បង្កើត​ឲ្យ​មាន​យន្តការ​ដោះស្រាយ​បញ្ហា​ទឹកជា​រួម ក៏ដូចជា​ប្រមូល​មូលនិធិ​សម្រាប់​ការងារ​សកល​ស្តីអំពី​បញ្ហា​ទឹក​នេះដែរ​។​

​ទន្ទឹមនឹង​ការផ្សព្វផ្សាយ​របាយការណ៍​នេះ យុទ្ធនាការ​ដែលមាន​ឈ្មោះ​ថា «Blue peace Campaign» ដែល​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​របាយការណ៍ និង​បញ្ហា​ទឹក និង​បទ​ភ្លេង​ស្តីពី​បញ្ហា​ទឹក ក៏ត្រូវ​បាន​សម្ពោធ​ផងដែរ​៕


Tag:
 blue peace campaign
  ស្វី​ស​
  water and peace
© រក្សាសិទ្ធិដោយ thmeythmey.com