ជាតិ
សង្គមជាតិ
តុលាការ កាត់ទោស​បុរស​២​នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ ពីបទ​ជួញដូរ​មនុស្ស​
26, Sep 2017 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​២​នាក់ ត្រូវបាន​សាល​ដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ និង​សង​សំណង​ជាង​៩​ម៉ឺន​ដុល្លារ​ទៅ​ជនរងគ្រោះ ពីបទ​ជួញដូរ​មនុស្ស​ចំនួន​១៧​នាក់​ទៅ​ប្រទេស​ចិន​។ ក្នុងករណីនេះ ជនល្មើស បាន​បោក​ជនរងគ្រោះ ក្រោមរូបភាព​ផ្តល់ឱកាស​រៀន​ថ្នាក់​បរិញ្ញាបត្រ និង​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ កាត់ដេរ​សម្លៀកបំពាក់​។



​បុរស​២​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ កាលពី​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ពីបទ​ជួញដូរ​ជនរងគ្រោះ​ចំនួន​១៧​នាក់ ទៅ​ប្រទេស​ចិន មាត្រា​១១ នៃ​ច្បាប់​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​។ តុលាការ ក៏​បង្គាប់​ឲ្យ​ជន​ជាប់​ចោ រួមគ្នា​សង​សំណង​ចំនួន ៩២,២០០​ដុល្លារ ដល់​ជនរងគ្រោះ​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​បេសកម្ម​យុត្តិធម៌​អន្តរជាតិ​ប្រចាំ​កម្ពុជា (IJM) នៅ​ថ្ងៃទី​២៥​ខែកញ្ញា បាន​ឲ្យ​ដឹងថា ជន​ល្មើ​ល បាន​បោក​បញ្ឆោត​ជនរងគ្រោះ ក្នុង​រូបភាព​ផ្តល់ឱកាស​រៀន​ថ្នាក់​បរិញ្ញាបត្រ និង​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ កាត់ដេរ​សម្លៀកបំពាក់ តាមរយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​គណនេយ្យ​វិជ្ជាជីវៈ​(IPAT)​។ តែ​ផ្ទុយទៅវិញ ជនរងគ្រោះ​ត្រូវបាន​ជួញដូរ​ទៅ​ប្រទេស​ចិន ធ្វើការ​ជា​កម្មករ​រោងចក្រ​។

​តាម​សាក្សី​ដែលជា​ជនរងគ្រោះ ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើការ​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ហើយ​ទទួល​បានតែ​ពាក់កណ្តាល នៃ​ប្រាក់​ឈ្នួល​ដំបូង​ដែល​បាន​សន្យា​។ បើ​ទោះ​ជនរងគ្រោះ​ទទួលបាន ការរៀន​ភាសា​ចិន​បឋម ប៉ុន្តែ​ពួកគេ​ត្រូវ​បង់ថ្លៃ​ឈ្នួល​បន្ថែមទៀត​គ្រប់​ទីកន្លែង និង​ត្រូវតម្រូវ​ឲ្យ​ធ្វើការ​នៅពេល​ពួកគេ​ឈឺ​។ នេះ​បើតាម អង្គការ IJM ដែល​បាន​ស្រង់​សម្តី​របស់​ជនរងគ្រោះ​។

​លោក Peter Williams នាយក​អង្គការ IJM បានចាត់ទុក​ការផ្តន្ទាទោស​ទាំងនេះ គឺជា​សញ្ញា​បង្ហាញថា តុលាការ​កម្ពុជា មាន​សមត្ថភាព​មើល​ហួស​ពី​អាការ​ខាងក្រៅ ដែល​បង្ហាញ​ពី​ភាព​គួរ​ឲ្យ​គោរព​របស់​ជនល្មើស​ទាំង​នេះ និង​មើលឃើញ​ជាក់ស្តែង​ជាក់ច្បាស់​អំពី​អាជីវកម្ម​មួយ​នេះ ដែលជា​បណ្តាញ​ឧក្រិដ្ឋ​ជួញដូរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com