អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ថា អាមេរិក​បានប្រកាស​សង្គ្រាម តែ​សេត​វិមាន​ថា ទេ​!
26, Sep 2017 , 12:39 pm        
រូបភាព
 
​បន្ទាប់ពី​ផ្លោង​ពាក្យសម្ដី​ដាក់គ្នា​មួយ​ប្រាវ​មក រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៥ ខែកញ្ញា និយាយថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ហើយ​។ ជាមួយគ្នានេះ កូរ៉េខាងជើង​ក៏​គំរាម​ចាត់វិធានការ​ឆ្លើយតប​វិញ រួមបញ្ចូល​ទាំង​ការបាញ់​ទម្លាក់​រាល់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ទោះជា​មិនបាន​ហោះចូល​ដែនអាកាស​របស់ខ្លួន​ក្ដី​។ ឯ​សេត​វិមាន​បាន​ទាត់ចោល​ការលើកឡើងរ​បស់​មន្ត្រី​កូរ៉េខាងជើង​រូបនេះ​។​

 
​ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ បាន​ផ្ញើ​សារ​គំរាម​ខ្លាំងក្លា​មួយ​ពី​ទីក្រុង​ញូវយ៉ក​ទៅកាន់​មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​គំរាម​កម្ទេច​កូរ៉េខាងជើង​ទាំងស្រុង​នោះ​។ សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង ក្រោយ​ការ​ថ្លែង​របស់លោក ត្រាំ ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ចាប់ផ្ដើម​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន​។ គូសត្រូវ​ទាំងពីរ បាន​គំរាម​វាយប្រហារ​គ្នា​ទៅវិញទៅមក ដែល​ធ្វើ​ឲ្យ​មានការ​បារម្ភ​យ៉ាងខ្លាំង​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៥ ខែកញ្ញា មន្ត្រីការទូត​កូរ៉េខាងជើង​ចាត់ទុក​សា​រលើ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ ដែល​សរសេរថា «​រដ្ឋមន្ត្រីការបរទេស និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងមិន​អាចមាន​មុខ​យូរ​ទៀតឡើយ បើ​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​» គឺជា​ការប្រកាសសង្គ្រាម​។ លោក រី យ៉ុង​ហូ ក៏​ប្រាប់​ឲ្យ​ពិភពលោក​ចងចាំ​ឲ្យ​ច្បាស់​ថា អាមេរិក​ឯណោះ​ទេ​ជា​អ្នក​ប្រកាសសង្គ្រាម​មុន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​ប្រមុខ​ការទូត​កូរ៉េខាងជើង​ដដែល​នេះ ក្រុង​ព្យុងយ៉ាង​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តបត​សកម្មភាព​របស់​អាមេរិក រាប់ទាំង​ការបាញ់​ទម្លាក់​យន្តហោះ​អាមេរិក​ផងដែរ​។ នេះ​ជាការ​គំរាម​ដោយផ្ទាល់​ទៅកាន់​យន្តហោះ​កងទ័ព​អាមេរិក ជាពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក B1-B ដែល​តែងតែ​បង្ហាញ​វត្តមាន​ញឹកញាប់​លើ​ដែនអាកាស​ឧបទ្វីប​កូរ៉េ​ដើម្បី​សម្ញែង​អានុភាព​យោធា​។   
 
​ក្នុងន័យ​ឆ្លើយតប​ទៅនឹង​សារ​លើ Twitter ថ្ងៃទី​២៣ ខែកញ្ញា របស់​ប្រធានាធិបតី​អាមេរិក លោក រី យ៉ុង​ហូ បាន​ព្រមាន​វិញ​ថា​៖ «​សំណួរ​ថា​នរណា​នឹងមិន​អាចមាន​មុខ​បានយូរ នឹងត្រូវ​ឆ្លើយ​នៅពេលនោះ​តែម្ដង​»​។ ជាមួយ​ការ​គំរាម​បាញ់​យន្តហោះ​អាមេរិក ក្ដីបារម្ភ​ជុំវិញ​ការរីក​រាលដាល​ជម្លោះ​បាន​កើនឡើង​ខ្លាំង ដ្បិត​យន្តហោះ​អាមេរិក​ហោះ​តែ​ក្នុង​ដែនអាកាស​អន្តរជាតិ​ប៉ុណ្ណោះ ហើយក៏​មិនដែល​ឆ្លង​ចូល​ដែន​អធិបតេយ្យ​កូរ៉េខាងជើង​ដែរ​។  
 
​ទាក់ទង​សម្ដី​ចោទប្រកាន់​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង សេត​វិមាន​អាមេរិក​ក៏​ចេញមុខ​បដិសេធ​ផងដែរ​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders ចាត់ទុក​ពាក្យ​ចោទប្រកាន់​ទាំងនេះ ជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ ហើយ​អាមេរិក​ក៏​មិនដែល​ប្រកាសសង្គ្រាម​អ្វី​ដែរ​។ លើសពីនេះ ក្រសួងការពារជាតិ​អាមេរិក​ក៏​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ឈប់​ធ្វើ​សកម្ម​បង្ករឿង ព្រោះ​អាចធ្វើ​ឲ្យ​បញ្ហា​រាលដាល​ធំ​ឡើង ពិបាក​គ្រប់គ្រង​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  Ri Yong-ho
© រក្សាសិទ្ធិដោយ thmeythmey.com