ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រាប់មូលហេតុដែលនាំឲ្យមនុស្ស៨នាក់ស្លាប់ ដោយសារបរិភោគសាច់ជ្រូកព្រៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាល
× ភ្នំពេញ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ចំនួន៨នាក់ បានស្លាប់ដោយសារការបរិភោគសាច់ជ្រូកព្រៃ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋស្លាប់នេះ ដោយសារតែពួកគេបរិភោគសាច់ចម្អិនមិនបានឆ្អិនល្អ ដែលសាច់នោះមានដង្កូវព្រូនទ្រីស៊ីណែឡា ដែលជាមេរោគបង្កគ្រោះថ្នាក់ដល់ជីវិត។
ជំងឺព្រូនទ្រីស៊ីណែឡា ឬហៅថា ទ្រីស៊ីណែឡូស៊ីស គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬ បរិភោគសាច់ចម្អិនមិនបានឆ្អិនល្អ ដែលសាច់នោះមានផ្ទុកដង្កូវព្រូនប្រភេទនេះ។ នេះជាការពន្យល់របស់ក្រសួងសុខាភិបាល ដែលបានបន្ថែមថា រោគសញ្ញាដំបូងនៃការពុល ដោយសារបរិភោគសាច់សត្វព្រៃ ដែលផ្ទុកដង្កូវព្រូនទ្រីស៊ីណែឡា រួមមាន ការក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ ហើយករណីឈឺពោះអាចកើតមានឡើងក្នុងអំឡុងពេល ១ថ្ងៃ ទៅ២ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រីស៊ីណែឡា ចូលក្នុងខ្លួនមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ កញ្ញានេះ បានពន្យល់ដូច្នេះថា៖«បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្តៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់ និងឈឺសាច់ដុំ រមាស់ស្បែក រាក ឬទល់លាមក។ រោគសញ្ញាផ្សេងទៀតជាធម្មតាចាប់ពី២ទៅ៨សប្ដាហ៍ បន្ទាប់ពីបរិភោគសាច់ដែលមានដង្កូវព្រូននេះ។ ហើយរោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើចលនា និងបង្កបញ្ហាដល់បេះដូង និងដង្ហើម ដែលបណ្ដាលមកពីការរាតត្បាតនៃដង្កូវព្រូននេះ នៅក្នុងសរីរាង្គរបស់មនុស្ស (ដូចជាសួត បេះដូង ថ្លើម និងខួរក្បាលជាដើម) អាចបណ្ដាលឲ្យស្លាប់បាន»។
ត្រង់ចំណុចនេះក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅភូមិច្រកតោល ឃុំរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានរោគសញ្ញាខាងលើនេះ ប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីពេទ្យ ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា ចៀសវាងទុកយូរដែលធ្វើឲ្យដង្កូវព្រូនវាយលុកចូលប្រព័ន្ធសេរីរាង្គច្រើនកន្លែង ដែលនាំឲ្យបាត់បង់ជីវិត។ បន្ថែមពីនេះក្រសួងសុខាភិបាល ក៏ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នលើការបរិភោគចំណីអាហារ ដែលប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងដូច្នេះថា៖«សូមប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិនមិនឆ្អិនល្អ ដោយគ្រប់ៗគ្នាត្រូវចម្អិនសាច់ឲ្យបានឆ្អិនល្អ និងមានអនាម័យម្អូបអាហារត្រឹមត្រូវ ដើម្បីការពារពីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា និងជំងឺផ្សេងៗ ហើយរួមគ្នាប្រុងប្រយ័ត្ននូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារអាការឈឺ»។
ករណីនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រង់ចំណុចតំបន់ព្រៃឡង់ បានជួបអាការជំងឺដូចការរៀបរាប់របស់ក្រសួងសុខភិបាលខាងលើ ចាប់ពីតាំងពីថ្ងៃទី១ សីហា ឆ្នាំ២០១៧ រហូតមកដល់ពេលថ្ងៃទី២៦ កញ្ញា ដែលកើតឡើងចំនួន៣៣ករណី ក្នុងនោះមនុស្សចំនួន៨នាក់បានស្លាប់។ ក្នុងចំណោមអ្នកជំងឹ១៣នាក់ ដែលបានមកសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ មន្ទីពេទ្យកាល់ម៉ែត្រ និងមន្ទីពេទ្យព្រះកេតុមាលា ត្រូវបានក្រុមការងារនិងក្រុមគ្រូពេទ្យ បានយកសំណាកកោសិកាសាច់ដុំដើមដៃអ្នកជំងឺ៣នាក់ និងឈាមអ្នកជំងឺ៩នាក់ទៅវិភាគ រកឃើញថា អ្នកជំងឺ៣នាក់ មានផ្ទុកដង្កូវព្រូនទ្រីស៊ីណែឡា នៅក្នុងសាច់ដុំផងដែរ។
Tag:
សុខាភិបាល
ជ្រូកព្រៃ
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com