កីឡាជាតិ
ជាតិ
ជើងឯក​សិស្ស​មធ្យមសិក្សា ជា​ថ្នាល​បណ្តុះ​ធនធាន​ដ៏​សំខាន់​ដើម្បី​ត្រៀម​ប្រកួត​អន្តរជាតិ​
26, Sep 2017 , 2:01 pm        
រូបភាព
លោក​ អ៊ុក សិទ្ធិជាតិ ពេលចូលរួមសន្និសីទសារព័ត៌មានការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស
លោក​ អ៊ុក សិទ្ធិជាតិ ពេលចូលរួមសន្និសីទសារព័ត៌មានការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស
ដោយ:
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ បានចាត់ទុក​ការប្រកួត​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស ជា​ថ្នាល​បណ្តុះ​ធនធាន​កីឡាករ​ដ៏​សំខាន់ ដើម្បី​ឈានទៅ​ប្រកួត​ថ្នាក់​តំបន់ និង​ពិភពលោក​។ ការលើកឡើង​បែបនេះ ដោយសារ​អត្ត​ព​លិ​ក​ជា​សិស្ស​ដែល​ចូលរួម​ប្រកួត សុទ្ធសឹង​ជា​ជើង​ខ្លាំង​ប្រចាំខេត្ត​។ ការប្រកួត​នេះ រៀបចំ​ចាប់ពី​ថ្ងៃទី​២៦ កញ្ញា ដល់​ថ្ងៃទី​៥ តុលា នៅ​ទី​រួម​ខេត្តកំពង់ចាម ដោយមាន​អត្ត​ព​លិ​កជាង​២​ពាន់​នាក់​ចូលរួម​។​



​អត្ត​ព​លិ​ក​ជា​សិស្ស​ដែល​កំពុង​រៀន​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ មកពី​២៥​រាជា​ធានី​-​ខេត្ត ប្រមាណ​ជាង​២​ពាន់​នាក់ ត្រូវ​ប្រជែង​គ្នា​លើ​៦​ប្រភេទ​កីឡា រួមមាន​បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និង​វាយ​កូនឃ្លី​លើ​តុ ដើម្បី​ដណ្តើម​ជើងឯក ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​។ ការប្រកួត​នេះ រៀបចំ​នៅ​ទី​រួម​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា​នេះ រហូតដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាត់ទុក​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ថា​បាន​ចូលរួមចំណែក​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា និង​សង្គម​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ការប្រកួត​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​អត្ត​ព​លិ​កមាន​សុខភាព​ល្អ និង​ប្រាជ្ញា​វាងវៃ​នោះទេ ថែមទាំង​បាន​ជួយ    បណ្តុះ​ធនធាន​កីឡាករ ឲ្យ​ឈានទៅរក​កម្រិត​អាជីព ដើម្បី​តំណាង​ឲ្យ​ប្រទេសជាតិ ចូលរួម​ប្រកួត​អន្តរជាតិ​ទៀតផង​។​

«​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស យើង​ត្រូវមាន​ការប្រកួត​ជើងឯក​ថ្នាក់​ខេត្ត​ជាមុនសិន ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង មក​ចូលរួម​។ ហើយ​កីឡាករ​ដែលមាន​ទេពកោសល្យ អាច​មានឱកាស​ក្លាយជា​យុវជន​ថ្នាល ប្រចាំ​សហព័ន្ធ​នៃ​ប្រភេទ​កីឡា​នីមួយៗ ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ត្រៀម​ចេញទៅ​ប្រកួត​កម្រិត​តំបន់ និង​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់ លោក អ៊ុក សិទ្ធិ​ជាតិ​។​

​លោក​បាន​បន្ថែមថា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រោង​រៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡា​ផ្សេងៗ​ទៀត ក្រៅពី​កីឡា​ទាំង​៦​ប្រភេទ​ខាងលើ​ផងដែរ​។ លោក​បាន​អះអាងថា ក្រសួង​បាននិងកំពុង​ធ្វើកំណែទម្រង់​ឲ្យ​មាន​ទីលាន​ហ្វឹកហាត់​កីឡា​ផ្សេងៗ នៅតាម​សាលា​ទូទាំង​២៥​រាជធានី​-​ខេត្ត ព្រោះ​មាន​សាលា​មួយចំនួន នៅមាន​ការខ្វះខាត​ទាំង​ធនធាន និង​ទីលាន ដែល​ផ្គត់ផ្គង់​ឲ្យ​ការហ្វឹកហាត់ និង​ប្រកួត​។

​បើ​យោងតាម​លោក អ៊ុក សិទ្ធិ​ជាតិ អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ឆ្នាំនេះ មាន​ចំនួន​២,៥៦៥​នាក់ (​ស្រី​១,០៦០​នាក់​) ដោយ​អត្ត​ព​លិ​ក​ទាំងនេះ មកពី​សាលា​ទូទាំង​២៥​រាជធានី​-​ខេត្ត​។ អត្ត​ព​លិ​ក​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​លើ​២៩​វិញ្ញាសា និង​៦​ប្រភេទ​កីឡា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និង​វាយ​កូនឃ្លី​លើ​តុ​៕  


Tag:
 ជើងឯក​សិស្ស​មធ្យមសិក្សា​
  អ៊ុក សិទ្ធិ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com