ជាតិ
ចំបក់ តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត នៅ​មិន​ឆ្ងាយ​ពី​រាជធានី​
26, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ចំបក់ ស្ថិតនៅ​ក្បែរ​ឧទ្យាន​ជាតិ​គិរី​រម្យ ដែលមាន​ចម្ងាយ​ប្រហែល ១០៦ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ តំបន់​ទេសចរណ៍​មួយ​នេះ មាន​ទេសភាព​ធម្មជាតិ ដ៏​ស្រស់ស្អាត ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មិនគួរ​មើលរំលង​នោះឡើយ​។

 


​ក្រៅពី​ទឹកធ្លាក់​ជាច្រើន​កន្លែង និង​ទេសភាព​ព្រៃឈើ​ដ៏​ទាក់ទាញ តំបន់​អេកូ​ទេសចរណ៍​ចំបក់  ក៏មាន​មាន​រទេះគោ សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត និង​ផ្ទះ​ស្នាក់​របស់​ប្រជាជន​នៅក្នុង​តំបន់​នេះ ជាដើម ដើម្បី​ឲ្យ​អ្នកទេសចរ​សម្រាក​ផងដែរ​។

​កាលពី​ឆ្នាំ ២០០៤ ប្រជាពលរដ្ឋ​ប្រមាណ ៤៩.១ ភាគរយ នៃ​ពលរដ្ឋ​ជាង ៥០០ គ្រួសារ នៅក្នុង​ឃុំ​ចំបក់​នេះ ជា​គ្រួសារ​ក្រីក្រ​។ ប្រភព​ចំណូល​របស់​ពួកគេ បានមកពី​ការបង្កបង្កើន​ផល​ស្រូវ ការ​បរបាញ់​សត្វ និង​ការប្រមូល​អនុផល​ព្រៃឈើ (NTFP)​។ ដីព្រៃ​របស់​ពួកគេ​ត្រូវបាន​កាប់បំផ្លាញ​និង​ទន្ទ្រាន​ដោយ​ខុសច្បាប់ ខណៈដែល​ការយល់ដឹង​អំពី​ច្បាប់​នៅមានកម្រិត​ទាប ហើយ​ការអនុវត្ត​ច្បាប់​មិនត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​។ កាលនោះ មិនទាន់មាន​អង្គការ ឬ​សហគមន៍​ណា​ដែល​គ្រប់គ្រង​ព្រៃឈើ​នៅឡើយ​ទេ​។



​ក៏ប៉ុន្តែ​ចាប់តាំងពី​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំបក់ បង្កើតឡើង​នៅ​ឆ្នាំ ២០០៤ មក អត្រា​ភាពក្រីក្រ​នៅក្នុង​ឃុំ​ចំបក់ បាន​ថយចុះ​ពី ៤៩.១ ភាគរយ មក​នៅត្រឹម ៣០.១៤ ភាគរយ ក្នុង​រយៈពេល ១០ ឆ្នាំ (​ឆ្នាំ ២០០៤-២០១៤)​។

​ចាប់តាំងពី​ឆ្នាំ ២០១០ មក សហភាព​អឺរ៉ុប​បាននិងកំពុង​គាំទ្រ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ចំបក់ តាមរយៈ​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ ម្លប់​បៃតង ដើម្បី​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃ​សហគមន៍ និង​កែលម្អ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ (CFMLI)​។ ជាមួយនឹង​ការគាំទ្រ​នេះ តំបន់​អេកូ​ទេសចរណ៍​សហគមន៍ ចំបក់ បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​ការលើកទឹកចិត្ត​ប្រជា​សហគមន៍​ឲ្យ​ចូលរួម​នៅក្នុង​ការការពារ​បរិ​ស្ថាន ការកែលម្អ​ជីវភាព​ប្រជាពលរដ្ឋ និង​បទពិសោធន៍​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​សុទ្ធសាធ​។

​សហគមន៍​អេកូ​ទេសចរណ៍​ចំបក់ (CBET) បានផ្ដល់​សេវា​ដល់​អ្នកទេសចរ​ជិត ១៤០០០ នាក់ និង​រកចំណូលបាន​ប្រហែល ៥៩,០០០ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៥ ។ សហគមន៍​អេកូ​ទេសចរណ៍​ចំបក់ បានទទួល​ពានរង្វាន់​ការងារ​ទេសចរណ៍​បៃតង​ពី​នាយករដ្ឋមន្ត្រី ថ្នាក់​សុវត្ថា​រា (Chevalier) និង​ពានរង្វាន់​កេរដំណែល​ពិភពលោក​ឆ្នាំ ២០១៧ ពី​ស្ថាប័ន National Geographic ។



​លោក ទូច ម៉ន ប្រធាន​សហគមន៍​ចំបក់ មានប្រសាសន៍​យ៉ាងនេះ​ថា ៖ «​ឥឡូវនេះ យើង​យល់ច្បាស់​ពី​តម្លៃ​របស់​ធម្មជាតិ ហើយ​យើង​ការពារ​ធម្មជាតិ​ប្រឆាំង​គ្រប់​សកម្មភាព​ខុសច្បាប់​ទាំងអស់​។ យើង​ផ្ទេរ​ចំណេះដឹង​ដល់​កូនចៅ​របស់​យើង ដល់​ភ្ញៀវទេសចរ និង​ដល់​សហគមន៍​ដទៃទៀត ដើម្បី​អភិរក្ស​ធនធានធម្មជាតិ សម្រាប់​អនាគត​»​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក George Edgar មានប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «​ខ្ញុំ​សប្បាយរីករាយ​ដោយបាន​ឃើញ​ការផ្លាស់ប្ដូរ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ឃុំ​ចំបក់ និង​សូម​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​សហគម​ន៍​ដែល​អាច​ទ្រទ្រង់​ខ្លួនឯងបាន​។ សហគមន៍​ចំបក់​ក៏​អាច​ដើរតួនាទី​ជា​គំរូ​សម្រាប់​តំបន់​អេកូ​ទេសចរណ៍​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ​»​។​



​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ សូម​អញ្ជើញ​មកលេង​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ចំបក់ (CBET)​។ ការ​មកលេង​របស់​អ្នកនឹង​លើកទឹកចិត្ត​ដល់​សហគមន៍​នេះ​ឲ្យ​បន្ត​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ហើយ​ស្របពេល​ជាមួយគ្នានេះដែរ អ្នកនឹង​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​សហគមន៍​ក្រីក្រ​»​។​


Tag:
 ចំបក់​
  George Edgar
© រក្សាសិទ្ធិដោយ thmeythmey.com