កីឡាអន្តរជាតិ
អន្តរជាតិ
Barry បំបែក​កំណត់ត្រា Giggs ក្នុងនាម​កីឡាករ​ដែល​បង្ហាញខ្លួន​ច្រើនជាងគេ​បំផុត​នៅ EPL
26, Sep 2017 , 9:59 pm        
រូបភាព
Wenger អបអរ Barry ដែលបង្ហាញខ្លួននៅ EPL ច្រើនជាងគេ
Wenger អបអរ Barry ដែលបង្ហាញខ្លួននៅ EPL ច្រើនជាងគេ
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Gareth Barry បាន​ជាប់​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ Premier League ច្រើនជាងគេ​បំផុត​រហូតដល់ ៦៣៣​លើក ពោល​គឺអាច​បំបែក​កំណត់ត្រា​ចាស់​របស់​វីរបុរស​ក្រុម​បិសាច​ក្រហម Ryan Giggs ដែល​ធ្លាប់​បង្ហាញខ្លួន ៦៣២​លើក​។



​ខ្សែបម្រើ វ័យ​៣៦​ឆ្នាំ បានបង្ហាញ​ខ្លួន​ទី​៦៣៣ ក្នុង​លី​ក​កំពូល​អង់គ្លេស​នេះ បន្ទាប់ពី​ចូល​លេង​លើកដំបូង​សម្រាប់​រដូវ​កាល​ថ្មី​ឲ្យ​ក្រុម West Brom ដែល​ត្រូវ​ប៉ះ Arsenal កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ទី​២៥ ខែកញ្ញា​នេះ​។​

​អតីត​ខ្សែបម្រើ​ក្រុម Aston Villa, Manchester City និង Everton រូបនេះ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់ Ryan Giggs ដែល​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ចំនួន ៦៣២​លើក​នៅ​មុនពេល​ចូលនិវត្តន៍​។



​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ Barry បាន​បង្ហើប​ឲ្យ​ដឹងថា​កូនៗ របស់គេ​មិនបាន​ទៅ​សាលារៀន​នោះទេ គឺ​ដើម្បី​នៅ​មើល​ការប្រកួត និង​បង្ហាញខ្លួន​របស់​ឪពុក​ពួកគេ​បំបែក​កំណត់ត្រា​នៅក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League ក្នុងជំនួប​ដែល West Brom ចាញ់​ក្រុម​កាំភ្លើង​ធំ ២-០​។ លើសពីនេះ​ទៀត​អ្នកចាត់ការ​លោក Arsene Wenger ក៏បាន​អបអរ​សម្រាប់​ការបង្ហាញ​ខ្លួន​ច្រើន​បំផុត​នេះដែរ ដោយ​ជូន​អាវ​ឯកសណ្ឋាន​របស់​ក្រុម Arsenal ភ្ញា​ប់​ជាមួយ​ឈ្នោះ Barry និង​លេខ​អាវ ៦៣៣ ផងដែរ​។​

​សូមបញ្ជាក់ថា អតីត​សមាជិក​ជម្រើសជាតិ​អង់គ្លេស​ត្រូវបាន West Brom នាំយក​ពី Everton នៅ​ដើមរដូវ​កាល​នេះ​ដោយ​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ ហើយ​រំពឹងថា​នឹង​អាច​តដល់​រូបគេ​អាយុ ៤០​តែម្តង ប្រសិន​បង្ហាញខ្លួន​ឲ្យ​ក្រុម​បានល្អ​។​



​កីឡាករ​ដែល​បង្ហាញខ្លួន​នៅ Premier League ច្រើនជាងគេ​ទាំង​១០​រូប​ផ្សេងទៀត​ប៉ុន្តែ​ត្រូវ​ចូលនិវត្តន៍​អស់​ទៅហើយនោះ រួមមាន​៖
Ryan Giggs (៦៣២), Frank Lampard (៦០៩), David James (៥៧២), Gary Speed (៥៣៥), Emile Heskey (៥១៦), Mark Schwarzer (៥១៤), Jamie Carragher (៥០៨), Phil Neville (៥០៥), Rio Ferdinand (៥០៤), Steven Gerrard (៥០៤)




Tag:
 បាល់ទាត់​
  Gareth Barry
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com