ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​អាមេរិក​យក​គ្រាប់បែក​គីមី​២​គ្រាប់​ចេញពី​កម្ពុជា​
27, Sep 2017 , 12:35 pm        
រូបភាព
​ភ្នំពេញ​៖​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Hiedt ទៅ​ទស្សនកិច្ច​មើល​គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់ របស់​អាមេរិក​ដែល​បាន​ទម្លាក់​មកលើ​ទឹកដី​កម្ពុជា ក្នុងអំឡុងពេល​សង្គ្រាម​ទស្សវត្ស​១៩៧០ ហើយ​ត្រូវបាន​អាជ្ញាធរ​រកឃើញ​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង​។ ថ្លែង​ក្នុង​ពិធី​ជួព​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃទី ២៧ កញ្ញា​នេះ សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​អាមេរិក​រក​ដំណោះស្រាយ​យក​គ្រាប់បែក​គីមី​នេះ ចេញពី​ប្រទេស​កម្ពុជា ដើម្បី​កុំ​ឲ្យ​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាជន​។​


 
​ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ដូច្នេះ​ថា​៖«​គ្រាប់បែក​គីមី​ឯកឧត្តម​អគ្គរដ្ឋទូត​អាមេរិក​សូម​អញ្ជើញ​ទៅ​មើល​ផង ហើយ​ថា​គួរ​ធ្វើ​យ៉ាងម៉េច​។​នេះ​ជាការ​ទទួលខុសត្រូវរ​បស់​អាមេរិក​មិនអាច​ប្រលែង​ចោល​បានទេ​…​។ គ្រាប់​គីមី​នេះ​ឥឡូវ​យើង​ត្រូវធ្វើ​យ៉ាងម៉េច បើ​ទុក​វា​នៅ​បែបនេះ​ក្មេង​វា​ខ្លាច តែបើ​បំផ្លាញ​វា​ជាតិគីមី​នេះ​វា​សាយភាយ ដូច្នេះ​ជួយ​យកទៅ​ស្រុក​(​អាមេរិក​)​វិញ​ផង ឬ​យកទៅ​បំផ្លាញចោល​នៅ​សមុទ្រ​ឯណា​ទៅ តែ​យក​យន្តហោះ​អាមេរិក​មក​ដឹក​ណា​»​។​
 
​សូម​ស្ដាប់​សំឡេង​៖


 
 
​គួរ​បញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២​លាន ៧​សែន​គ្រាប់ ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្សរ៍​១៩៧០ រវាង​កងទ័ព​សាធារណៈរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០៕
 

Tag:
 ​ហ៊ុន សែន​
 ​អាមេរិក​
 ​គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com