កីឡាអន្តរជាតិ
អន្តរជាតិ
Conte ថា​មិនបាន​ទាស់សម្តី​ជាមួយ Costa ទេ​
27, Sep 2017 , 9:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ Diego Costa បានសម្រេច​ការផ្ទេរ​ចាក​ចេញពី Chelsea ត្រឡប់​ទៅ​ទ្រនំ​ចាស់ Atletico Madrid ជា​ផ្លួ​វ​ការ​ហើយ ក្រោយ​ធ្វើតេស្ត​សុខភាព​ជោគជ័យ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥ ខែកញ្ញា​។ ការចាកចេញ​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម​រហស្សនាម​តោ​ខៀវ លោក Antonio Conte ថា​មិនមាន​បញ្ហា​ទាស់ទែង​គ្នា​ជាមួយ Costa នោះទេ​។​



​បើតាម Goal.com ក្លិប Chelsea និង Atletico Madrid បាន​ព្រមព្រៀងគ្នា​កាលពី​សប្តាហ៍​មុន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ វ័យ​២៨​ឆ្នាំ​រូបនេះ ដែល​គេ​ជឿជាក់ថា​មានតម្លៃ ៥៨​លាន​ផោន ប្រហែល​ជាង​៧៧​លាន​ដុល្លារ និង​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ នៅ​ទឹកដី Wanda Metropolitano​។​



​ជុំវិញ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ដើម​ប្រេ​ស៊ី​ល​នេះ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៤៨​ឆ្នាំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​មិនមាន​បញ្ហា ឬ​ទើសទាល់​ពាក្យសម្តី ជាមួយ​អតីត​កូនក្រុម​ម្នាក់នេះ​នោះទេ បើទោះជា​លោក​ធ្លាប់បាន​ផ្ញើ​សារ​ទៅ Costa នៅមុន​ចូល​រដូវ​កាល​ថ្មី​ថា មិនត្រូវ​ការ​រូបគេ​ទៀត​ក៏ដោយ​។​

«​ដូចដែល​ខ្ញុំ​បាន​និយាយ​តាំង​ពីមុនមក ខ្ញុំ​មិនមាន​បញ្ហា​ជាមួយ Costa នោះទេ​។ យើង​រីករាយ​ដែល​ឃើញ​រូបគេ​លេង​ឲ្យ Atletico វិញ​។ យើង​ចង់​អរគុណ​គាត់​សម្រាប់​រដូវ​កាល​មុន​ដែល​បាន​ជួយ Chelsea លើក​ពាន​កំពូល​អង់គ្លេស ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​នាពេល​អនាគត​។ ខ្ញុំ​ចង់​បញ្ជាក់​ម្តង​ទៀតថា​ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ជាមួយ​គាត់​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់ Conte​។​



​គួរ​បញ្ជាក់ថា Costa នៅ​មិនទាន់​អាច​ចូល​លេង​ឲ្យ At-Madrid បាន​នោះទេ ព្រោះ​ក្លិប​នេះ​នៅជាប់​បម្រាម​ពី​ការផ្ទេរ​កីឡាករ ដែល​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ទើប Costa អាច​បង្ហាញខ្លួន​ជួយ​ក្រុម​បាន​៕

Tag:
 បាល់ទាត់​
  Diego Costa
  Antonio Conte
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com