ជាតិ
សង្គមជាតិ
សុខភាព
សមត្ថកិច្ច បិទ​សិប្បកម្ម​ផលិត​គុយទាវ​២​កន្លែង​នៅ​ស្រុក​ពួក ក្រោយ​រកឃើញថា មានប្រើ​សារធាតុ​គីមី​
28, Sep 2017 , 7:59 am        
រូបភាព
​សៀមរាប​៖ ទីតាំង​សិប្បកម្ម​ផលិត​គុយទាវ​លក្ខណៈ​គ្រួសារ​ចំនួន​២​កន្លែង ត្រូវបាន​បិទទ្វារ ក្រោយ​សមត្ថកិច្ច​រកឃើញ​ថា មានប្រើ​ប្រាស់​សារធាតុ​គីមី ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​



​មន្ត្រី​កាំ​កុង​ត្រួ​ល​ខេត្ត និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សហការ​ជាមួយ​មន្ទីរ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ពី​គុណភាព​ចំណីអាហារ ដល់​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​។ កាលពី​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៧ ក្រុមការងារ​បាន​ចុះទៅ ដល់ទី​តាំង​សិប្បកម្ម​ផលិត​គុយទាវ​នៅ​ស្រុក​ពួក និង​បាន​បិទ​ទីតាំង​២ ក្រោយ​រកឃើញថា បាន​ប្រើប្រាស់​សារធាតុ​គីមី បូរ៉ា​ក់​។​



​លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ម្ចាស់​អាជីវកម្ម​ផលិត​សរសៃ​គុយទាវ​ទាំង​២​ទីតាំង​នោះ ទី​១ ឈ្មោះ ប៊ុន អាំង​អួ មាន​ទីលំនៅ​ក្នុងភូមិ គោក​ស្រុក ឃុំ​ពួក និង​ទី​២ ឈ្មោះ ឡាយ គុយ រស់នៅ​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​តាម​ការបញ្ជាក់​ពី​ប្រធាន​កាំ​កុង​ត្រួ​ល​ខេត្ត ក្រោយ​រកឃើញថា​មាន​សរសៃ​គុយទាវ​កំពុង​ដាក់ លក់​ក្នុង​ផ្សារ​ពួក មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ដល់ទី​តាំង​ផ្ទាល់ និង​បាន​រកឃើញថា ម្ចាស់​អាជីវកម្ម ខាងលើ​បាន​ប្រើប្រាស់​ម្សៅ​អង្ករ​កិន​ផ្ទុក​សារធាតុ​បូរ៉ា​ក់​ចំនួន ៧២​គី​ឡួ​ក្រាម អង្ករ​ត្រាំ​សារធាតុ គីមី​បូរ៉ា​ក់ ចំនួន​៥០​គីឡូក្រាម សារធាតុ​បូរ៉ា​ក់ជាង ១៧​គីឡូក្រាម សរសៃ​គុយទាវ​មាន​សារធាតុ បូរ៉ា​ក់ជាង ១៥៤​គីឡូក្រាម​។​



​វត្ថុតាង​ខាងលើ​ត្រូវបាន​មន្ត្រី​ជំនាញ យកទៅ​ដុត​កម្ទេចចោល និង​បិទ​ទីតាំង​អាជីវកម្ម គុយទាវ​មាន​សារធាតុ​គីមី ក្រោយពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប​៕


Tag:
 គុយទាវ​
 ​ សារធាតុ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com