កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ និង​ឥណ្ឌូណេស៊ី ចង់​រួមដៃគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣៤
29, Sep 2017 , 8:59 am        
រូបភាព
​ថៃ និង​ឥណ្ឌូណេស៊ី​គ្រោង​ចាប់ដៃគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០៣៤​។ នេះ​បើតាម​ការផ្សាយ​របស់​កា​រ​សែត​បាងកក​ប៉ុស្តិ៍​។​



​លោក Somyot Poompunmuang ប្រធាន​សមាគម​កីឡាបាល់ទាត់​ថៃ (FAT) និង​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI)  បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៧ ខែកញ្ញា​នេះ ថា​ចង់​ស្នើ​រដាក់​ដេញថ្លៃ​រួមគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣៤​។ សំណើរ​នេះ​ក៏បាន​ទទួល​ការគាំទ្រ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ AFF នៅ​កោះ​បាលី​កាលពី​សប្តាហ៍​មុន អគ្គលេខាធិការ AFF លោក Dato 'Sri Azzuddin Ahmad បាន​និយាយថា​៖«​ទាំង PSSI និង FAT មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​រៀងៗ​ខ្លួន​ហើយ​ដូច្នេះ​យើង [AFF] គឺ​គាំទ្រ​ពេញទំហឹង​សម្រាប់​ការចូលរួម​ដេញថ្លៃ​នេះ​»​។​

​បន្ថែម​ពីលើ​នេះ លោក Somyot ក៏បាន​លើកឡើង​ដែរ​ថា​៖«​វា​ជា​ការពិត​ដែល​យើង​កំពុង​ពិចារណា​ដេញថ្លៃ​រួមគ្នា​ដើម្បី​រៀបចំ​ការប្រកួត World Cup ឆ្នាំ ២០៣៤ ជាមួយ​ខាង​ភាគី​ឥណ្ឌូណេស៊ី​។ ទោះបី​ស្តង់ដារ​នៃ​កីឡដ្ឋាន​បាល់ទាត់​នៅក្នុង​ប្រទេស​ថៃ​មិនអាច​ប្រៀបធៀប​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក៏ដោយ តែ​ខ្ញុំ​ជឿជាក់ថា​នៅពេល​យើង​ដេញថ្លៃ​ជា​ផ្លូវការ​យើង​នឹង​ទទួលបាន​ថវិកា [​ពី​រដ្ឋាភិបាល​] ដើម្បី​សាងសង់​កីឡដ្ឋាន​ដែល​បំពេញ​តាម​បទដ្ឋាន​របស់ FIFA បាន​»​។​

​សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ World Cup ធ្លាប់​ប្រារព្ធ​ធ្វើ​ក្នុងប្រទេស​នៅ​អាស៊ី​តែម្តង​ប៉ុណ្ណោះ ពោលគឺ​ក្នុង​ឆ្នាំ ២០០២ ដែល​រៀបចំ​រួមគ្នា​ដោយ​ជប៉ុន និង​កូរ៉េខាងត្បូង​។​
​ទោះជា​យ៉ាងណាក៏ដោយ FIFA មិន​សប្បាយចិត្ត​ជាមួយ​នឹង​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ជប៉ុន និង​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ ២០០២​នោះទេ ដ្បិត​មាន​បញ្ហា​ច្រើន​នា​ការប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដូចជា​បញ្ហា​ដឹកជញ្ជូន​ជាដើម​៕


Tag:
 បាល់ទាត់​
  ថៃ​
  ឥណ្ឌូណេស៊ី​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com