កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ជំនួស​តំណែង​លោក Ancelotti នៅ Bayern
29, Sep 2017 , 10:28 am        
រូបភាព
​លោក Carlo Ancelotti ត្រូវបាន Bayern Munich បញ្ឈប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាញ់ Paris Saint Germain ៣-០ នា​ការប្រកួត​ពានរង្វាន់ UEFA Champion League កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងទៅ​។ ក្រោយ​ដកតំណែង​នេះ ម្ចាស់​ជើងឯក Bundesliga បានដាក់​គោលដៅ​លើ​អ្នកចាត់ការ​ពីររូប​គឺ​លោក Thomas Tuchel និង Jurgen Klopp ដើម្បី​មក​ដឹកនាំ​ក្រុម​។​



Foxsports បាន​ចុះផ្សាយ​ថា ក្រោយ​រង​បរាជ័យ​ធ្ងន់ធ្ងរ​ក្នុង​ក្របខណ្ឌ Champions League រហូត ៣​ទល់នឹង​០ ក្រោម​ថ្វី​ជើង​របស់ Paris St-Germain ក្រុមប្រឹក្សាភិបាល​ក្លិប Bayern Munich បានសម្រេច​ចិត្ត​ដកតំណែង​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​លោក Carlo Ancelotti ដែល​បាន​ជំនួស​តំណែង​លោក Pep Guardiola នៅ​ដើមរដូវ​កាល​មុន​។​

Ancelotti មាន​វ័យ ៥៨ ឆ្នាំ​ធ្លាប់ជួយ​ឲ្យ Bayern ឈ្នះ​ពានរង្វាន់ Bundesliga ប៉ុន្តែ​អតីត​អ្នកចាត់ការ Chelsea, Real Madrid រូបនេះ ដឹកនាំ​ក្រុម​បាន​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Champions League និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ German Cup ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន​។​

​ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ កំពុង​ចាប់អារម្មណ៍​អ្នកចាត់ការ​របស់ Liverpool បច្ចុប្បន្ន​គឺ​លោក Jurgen Klopp និង​អតីត​អ្នកចាត់ការ Borussia Dortmund លោក Thomas Tuchel មក​ដឹកនាំ​ក្រុម​ផងដែរ​។ ចំណែក​បច្ចុប្បន្ន គ្រូ​ជំនួយ​លោក Willy Sagnol ត្រូវ​ទទួលបន្ទុក​ភារកិច្ច​ដឹកនាំ​ក្រុម​នេះ​បណ្ដោះអាសន្ន​៕


Tag:
 បាល់ទាត់​
  Jurgen Klopp
  Carlo Ancelotti
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com