កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ ជំនួប​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី ពន្យា​ពេល​លើក​ទី​៣
29, Sep 2017 , 2:06 pm        
រូបភាព
​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩ រវាង​កូរ៉េខាងជើង ជាមួយ​ម៉ាឡេស៊ី​ត្រូវបាន​ពន្យា​ពេល​ជា​លើក​ទី​៣ បន្ទាប់ពី ម៉ាឡេស៊ី​បានដាក់​បម្រាម​លើ​ការធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដោយសារ​ព្រួយបារម្ភ​ពី​ភាព​តានតឹង​នៃ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​



​បើតាម​គេហទំព័រ​ផ្លូវការ​របស់ AFC ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែកញ្ញា សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​បានសម្រេច​ពន្យារពេល​ការប្រកួត​រវាង​កូរ៉េខាងជើង​និង​ម៉ាឡេស៊ី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 ជុំ​ផ្តាច់ព្រ័ត្រ​ពូ​ល B ដែល​បានគ្រោង​ជួបគ្នា​នៅក្នុង​ទីក្រុង​ព្យុង​យ៉ាងនា​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​មូលហេតុ​នៃ​ការសម្រេច​លើក​ពេលនេះ ដោយ​សារភាព​តានតឹង​ខាង​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​កំពុងតែ​ឡើង​កំដៅ​ខ្លាំង​។ មួយវិញទៀត សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ក៏បាន​សម្តែង​ការមិន​ពេញចិត្ត និង​បាន​ប្តឹង​ទៅនឹង​ការសម្រេច​របស់ AFC ដែល​ធ្លាប់​បានសម្រេច​លើក​ទី​១​ឲ្យ​ក្រុម​ទាំងពីរ​ធ្វើការ​ប្រកួត​វគ្គ​ជម្រុះ​នេះ តាំងពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ព្យូ​ង​យ៉ាង​មក​ម្លេះ​។​

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល AFC បានសម្រេច​លើក​ពេល​ប្រកួត​រវាង​ក្រុម​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​។ តាមពិតទៅ​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​នេះ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ ខាងមុខ​។ ប៉ុន្តែ​ដោយសារ​ព្រួយបារម្ភ​អំពី​សុ​ន្តិ​សុខ​របស់​កីឡាករ​ខ្លួន FAM លើកឡើងថា​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​គួរ​ធ្វើឡើង​នៅក្នុង​ទឹកដី​កណ្តាល​ល្អជា​ជាង​ធ្វើ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។​

​ការព្រួយបារម្ភ​របស់ FAM នេះ​ដោយសារ​កន្លងមក​ម៉ាឡេស៊ី​ធ្លាប់មាន​បញ្ហា​ការទូត​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន​។​

​ជុំវិញ​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយមាន​ការហាម​ប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ ដើម្បី​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ​ចែកចេញជា​៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដោយ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ស្ថិ​ន​នៅ​ពូ​ល​B ត្រូវ​ជួប លី​បង់ និង​ហុងកុង​៕


Tag:
 ​បាល់ទាត់​
  AFC Asian Cup
  AFC
  កូរ៉េខាងជើង​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com