ជាតិ
បណ្ណាល័យសាធារណៈតម្លៃ ៤០ម៉ឺនដុល្លារនៅខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឲ្យប្រើប្រាស់!
×
កំពង់ស្ពឺ៖ «បណ្ណាល័យកំពង់ស្ពឺ» ដែលជាបណ្ណាល័យសាធារណៈដំបូងរបស់ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ខែកញ្ញានេះ។
បណ្ណាល័យកំពង់ស្ពឺ មានទំហំទទឹង ១៦ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ និងមានកម្ពស់ពីរជាន់។ ជាន់ទីមួយមាន៦បន្ទប់ និងជាន់ទីពីរមាន៥បន្ទប់ ដែលមានទាំងសាលប្រជុំផងដែរ។ បណ្ណាល័យនេះ ត្រូវបានសាងសង់ដោយចំណាយថវិកាសរុប ៤០ម៉ឺនដុល្លារ ដែលតម្លៃនេះរាប់បញ្ចូលគ្រឿងបរិក្ខា និងទីធ្លា របងជុំវិញ។ បណ្ណាល័យនេះ ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការបង្កើតបណ្ណាល័យនេះ គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមឧបត្ថមពីសំណាក់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងលោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ព្រមទាំងអង្គការដៃគូ និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។
គោលបំណងនៃការសាងសង់បណ្ណាល័យនេះឡើង គឺដើម្បីផ្ដល់ជាទីតាំងសិក្សាស្រាវជ្រាវមួយប្រកបដោយគុណភាព និងផាសុកភាពដល់សាធារណជន ជាពិសេសសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ បណ្ណាល័យដែលមានផ្ទុកសៀវភៅជាង ២ម៉ឺនក្បាលនេះ ក៏មានបន្ទប់កុំព្យូទ័រ ដែលអ្នកស្រាវជ្រាវអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីទាញយកឯកសារផ្សេងៗផងដែរ។
លោក សឿង សារ៉ាន់ ដែលជាប្រធានបណ្ណាល័យកំពង់ស្ពឺនេះ បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា សមិទ្ធផលនេះបានធ្វើឲ្យខេត្តកំពង់ស្ពឺមានបណ្ណាល័យសាធារណៈដំបូងបង្អស់ ដែលផ្ដល់ឱកាសដល់សាធារណជនទូទៅបានចូលអាន និងស្រាវជ្រាវសំណៅឯកសារជាច្រើនប្រភេទ។
លោក សឿង សារ៉ាន់ បន្ថែមថា លើសពីកន្លែងសម្រាប់អាន បណ្ណាល័យកំពង់ស្ពឺនេះ នឹងក្លាយទៅជាមជ្ឈមណ្ឌលយុវជនសំខាន់មួយដែលផ្ដល់ឱកាសជួបជុំ ស្រាវជ្រាវ និងចែករំលែកចំណេះដឹង តាមរយៈសាលប្រជុំ និងសាលសន្និសីទក្នុងបណ្ណាល័យ៕
Tag:
អប់រំ
បណ្ណាល័យកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com