ជាតិ
សង្គមជាតិ
កំពូល​ស្ថាបត្យករ​ខ្មែរ វណ្ណ ម៉ូលីវណ្ណ ធ្លាប់ជា​អតីត​និស្សិត​ច្បាប់​
01, Oct 2017 , 6:09 pm        
រូបភាព
រូបលោកព្រឹទ្ធាចារ្យ ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ កាលពីមិនទទួលមរណភាព
រូបលោកព្រឹទ្ធាចារ្យ ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ កាលពីមិនទទួលមរណភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​នៅ​អាយុ ៩១​ឆ្នាំ​។ លោក​កើត​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​ឆ្នាំ​១៩២៦ នៅ​ខេត្តកំពត ។ លោក​មាន​បងប្អូន​ចំនួន​៣​នាក់ ដែល​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​។ ភរិយា​របស់លោក​មាន​ឈោះ Amberg Gertrude ជាជនជាតិស្វីស ។ លោក​មានកូន​ចំនួន ៦​រូប ប្រុស​៣​រូប និង​ស្រី​៣​រូប​។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ​នៃ​ការសិក្សា ការងារ និង​ស្នាដៃ​របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលសារព័ត៌មាន​ថ្មីៗទទួលបានពីក្រុមគ្រួសារ​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ។​



ចាប់ពី​ឆ្នាំ ១៩៤៥ ដល់​ឆ្នាំ​១៩៤៦ លោក វណ្ណ ម៉ូលីវណ្ណ សិក្សា​ផ្នែក​ច្បាប់ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ភ្នំពេញ​។ នៅ​ឆ្នាំ​១៩៤៦ លោក​បានទទួល​អាហារូបករណ៍​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ Sorbonne University  នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ នៅ​ឆ្នាំ ១៩៤៧ លោក​ឈប់រៀន​ច្បាប់ ហើយ​បែរមក​ចូលរៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​ជាតិ​ជាន់ខ្ពស់​វិចិត្រសិល្បៈ និង​ទទួលបាន​សញ្ញប​ត្រ​ស្ថាបត្យកម្ម​ពី​រដ្ឋាភិបាល​បារាំង​នៅ​ឆ្នាំ ១៩៥៥ ។ នៅ​ឆ្នាំ ២០០៨ លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ស្ថាបត្យកម្ម ពី​សាកលវិទ្យាល័យ​ប៉ារីស ៨ (University of Paris 8) ។​

នៅ​ឆ្នាំ ១៩៥៦ លោក វណ្ណ ម៉ូលីវណ្ណ បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ចាប់ពី​ឆ្នាំ​នោះមក លោក​ត្រូវ​បានផ្ដល់​មុខតំណែង និង​ភារកិច្ច​ជាច្រើន​។ តួនាទី​សំខាន់ៗ​ដែល​លោក​ធ្វើ​ក្នុងអំឡុង​ពេលនោះ មានដូចជា ស្ថាបនិក និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប និង​រដ្ឋមន្ត្រី​ក្រសួងអប់រំជាតិ​។ ចាប់ពី​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ​១៩៧៩ លោក​បំពេញការងារ​ជា​ស្ថាបត្យករ សាស្ត្រាចារ្យ​នៅ​ប្រទេស​ស្វី​ស និង​ជាទី​ប្រឹក្សា​វាយតម្លៃ​គម្រោង​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​។ 

​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៧ លោក​ធ្វើជា​មន្ត្រីជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNCSH ។ ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩៣ លោក​បំពេញការងារ​ជា​ឧ​ត្ត​ម​ប្រឹក្សា​បច្ចេកទេស​នៅ​ប្រទេស Burundi និង​ជា​អ្នកជំនាញ​ជាន់ខ្ពស់​របស់ UNESCO ។ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ លោក​ជា​ឧ​ត្ត​ម​ប្រឹក្សា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា (SNC) ។​

​នៅ​ឆ្នាំ ១៩៩៣ លោក​ធ្វើ​មាតុភូមិនិវត្តន៍​ម​កម្ពុជា និង​ត្រូវ​បានផ្ដល់​តំណែង​ជា​បន្តបន្ទាប់​។ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០១ លោក​ធ្លាប់​ធ្វើជា​ទេសរដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​ជាតិ​បណ្ដោះអាសន្ន​កម្ពុជា​, ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​វប្បធម៌ វិចិត្រសិល្ប រៀបចំ​ដែនដី និង​នគរូបនីយកម្ម​, អនុប្រធាន​ឧ​ត្ត​ម​ប្រឹក្សាជាតិ​ផ្នែក​វប្បធម៌​, សមាជិក​បណ្ឌិតសភា​ស្ថាបត្យកម្ម​ប្រទេស​បារាំង​, ប្រធាន​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា​។ នៅ​ឆ្នាំ​២០០១ លោក​ត្រូវបានតែងតាំង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​អតីតព្រះមហាក្សត្រ​ប​ន្ថែ​ម​លើ​ភារកិច្ច​ដែល​រដ្ឋាភិបាល​ប្រគល់ជូន​។ ឆ្នាំ​២០០៤ ដល់ មុន​ថ្ងៃ​ទទួលមរណភាព លោក​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រេសិត​ពិសេស និង​អចិ​ន្រៃ​យ៍​នៃ​ព្រះមហាក្សត្រ​។​

​លោក វណ្ណ ម៉ូលីវណ្ណ បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​។ ស្នាដៃ​ខាង​សំណង់​ស្ថាបត្យកម្ម​របស់លោក រួមមាន​ជាអាទិ៍ វិមានឯករាជ្យ​, មន្ទី​ពេទ្យ​គន្ធបុប្ផា​ទី​១, សាលសន្និសីទ​ចតុមុខ​, ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិត​, រោង​មហោស្រព​ជាតិ​ព្រះបាត​សុរា​ម្រឹត​, សាល​ពិព័រណ៍​សង្គមរាស្ត្រនិយម មជ្ឈមណ្ឌល​ភាសាបរទេស (IFL), វិមាន​ចំការមន និង​ផ្សារ​ធំថ្មី​។

​លោក​បាន​ដឹកនាំ​ធ្វើ​គម្រោង​ផែនការ​ខាង​នគរូបនីយកម្ម​ជាច្រើន​នៅ​កម្ពុជា ដែលមាន​ដូចជា ការរៀបចំ​ឡើងវិញ​នូវ​ផែនការមេ​របស់​ក្រុងភ្នំពេញ ផែនការ​រៀបចំ​ក្រុង​តាម​បណ្ដោយ​ទន្លេបាសាក់​ជាដើម​។ ក្រៅពី​ស្នាដៃ​ផ្នែក​សាប​ត្យ​កម្ម លោក​បាន​និពន្ធ​សៀវភៅ​មួយចំនួន​។ លោក​ត្រូវបាន​ប្រទាន និង​ផ្ដល់​គ្រឿង​ឥស្សរិយយស​ជាច្រើន​ផងដែរ​៕


Tag:
 វណ្ណ មូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com