កីឡាអន្តរជាតិ
អន្តរជាតិ
​ប្រជាមតិ​បំបែក​រដ្ឋ បង្ខំ​ឲ្យ​ជំនួប Barcelona-Las Palmas ដំណើរការ​ដោយ​គ្មាន​អ្នកគាំទ្រ​
02, Oct 2017 , 11:47 am        
រូបភាព
​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​និយាយថា​ពួកគេ​បានសម្រេច​ចិត្ត​ប្រកួត​ជាមួយ Las Palmas ក្នុង​ក្របខណ្ឌ La Liga ដោយ​គ្មាន​អ្នកគាំទ្រ​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១ ខែតុលា គឺ​ដើម្បី​បញ្ជៀ​ស​អំពើហិង្សា​របស់​ប៉ូលីស​មកលើ​ក្រុម​អ្នកប្រឆាំង​ទៅនឹង​ការបោះឆ្នោត​នៅក្នុង​ការធ្វើប្រជាមតិ​ទាមទារ​ឯករាជ្យ​របស់​តំបន់​ស្វយ័ត Catalonia ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។



​នេះ​ជាការ​ប្រកួត​សប្តាហ៍​ទី​៧ និង​ជា​ជ័យជម្នះ​ទាំង​៧​លើក​ផងដែរ​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ ក្រោយ​យកឈ្នះ Las Palmas ៣-០ ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​ការប្រកួត​លើក​នេះ​គ្មាន​អ្នកគាំទ្រ​សូម្បីតែ​ម្នាក់​នៅក្នុង​ទឹកដី Nou Camp ដោយសារ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​នេះ​។​



​ជុំវិញ​ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ មាន​មនុស្ស​ច្រើនជាង ៧៦០​នាក់ បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​ប្រជាជន ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ដ្រី​ត​បានប្រកាសថា​ជា​ទង្វើ​ខុសច្បាប់ និង​បណ្តាល​ឲ្យ​ការប្រកួត​រវាង Barcelona និង Las Palmas ត្រូវធ្វើឡើង​ដោយ​គ្មាន​អ្នក​ចូល​ទស្សនា​ដែរ​។​

​តាមពិត​នៅមុន​ការប្រកួត Barcelona បាន​ព្យាយាម​សុំ​ពន្យារពេល​ប្រកួត​ដែរ​ដើម្បី​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​នៅទីនេះ ប៉ុន្តែ​យ៉ាងណា​ប្រធាន La Liga ថា​គ្មាន​ហេតុផល​ដើម្បី​ធ្វើ​ដូច្នេះ​នោះទេ ដោយ​ផ្តល់​ជម្រើស​ពីរ​គឺ បោះបង់​ការប្រកួត​បាន​ន័យ​ថា​ចាញ់​ដោយ​ស្វ័យប្រវត្តិ និង​លេង​ដោយ​គ្នាន​អ្នកគាំទ្រ​។ ក្រុម​ដែល​កំពុង​ឈរ​កំពូល​តារាង La Liga បាន​សម្រេចយក​ជម្រើស​ទី​២​។​


             ប្រធានក្លិប Barcelona លោក Josep Maria Bartomeu

​ករណីនេះ លោក Bartomeu បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ BeIn Sports ថា​៖«​ការប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​នេះ គឺជា​ការវាស់វែង​មួយ​ដើម្បី​បង្ហាញ​ពី​ការបដិសេធ​នូវ​អ្វីដែល​បានកើត​ឡើង​នៅថ្ងៃនេះ​។ នេះ​មិនមែនជា​បញ្ហា​សន្តិសុខ​នោះទេ ប៉ូលីស​បានផ្តល់​ការអនុញ្ញាត​ឲ្យ​យើង​លេង​ប៉ុន្តែ​យើង​ចង់​បង្ហាញថា​ការប្រកួត​នេះ​គឺ​ខុសគ្នា​ពីអ្វីៗ​ទាំងអស់​ដែល​កំពុង​កើតឡើង​នៅក្នុង​រដ្ឋ​ស្វយ័ត Catalonia ដែល​រងគ្រោះ​ដោយ​ការខ្វះខាត​សិទ្ធិសេរីភាព​»៕









Tag:
 បាល់ទាត់​
  Barcelona
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com