ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​ញ៉ាំ​កាហ្វេ​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង​ដែរ​ទេ​?
03, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Metro បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ​ត្រឹម ៣​ពែង​ក្នុង​មួយថ្ងៃ​អាចជួយ​បង្កើន​អាយុ​អ្នក​បាន​។ រឿងនេះ​កើតឡើង​ក្រោយពី​ការសិក្សា​មួយ​របស់​អឺរ៉ុប​និង​អាមេរិក ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​នៃ​ការ​ញ៉ាំ​កាហ្វេ និង​ការស្លាប់​។



​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​មនុស្ស​ប្រមាណ​ជាង ៤៥០០០​នាក់ ហើយ​បាន​រកឃើញថា បុរស​ដែល​បាន​ញ៉ាំ​កាហ្វេ​ច្រើន​បំផុត គឺអាច​បន្ថយ​ការស្លាប់​ដោយសារតែ​ជំងឺ​ផ្សេងៗ​ដូចជា មហារីក ជំងឺ​បេះដូង​សរសៃឈាម បញ្ហា​ក្រពះ​ពោះវៀន និង​ផ្លូវដង្ហើម រហូតដល់ ១២​ភាគរយ ខណៈពេលដែល​ស្ត្រី​អាច​បន្ថយ​ការប្រឈមមុខ ៧​ភាគរយ​។​

​ការរកឃើញ​នេះ​ត្រូវតែមាន​ការពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​ការស្រាវជ្រាវ​មិនបាន​អះអាងថា កាហ្វេ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការស្លាប់​ទេ​។ មាន​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការសិក្សា​នេះ​។​

​ការ​ញ៉ាំ​កាហ្វេ​អាចជា​ផ្នែក​មួយ​ផ្តល់​សុខភាព និង​តុល្យភាព​របប​អាហារ​។ ចំណែកឯ​ការណែនាំ​នៃ​ការ​ញ៉ាំ​កាហ្វេ​វិញ​គឺ​មិន​ឲ្យ​លើសពី​បួន​ពែង​ក្នុង​មួយថ្ងៃ​ឡើយ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​ឲ្យ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​លើសពី ២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដែល​ស្មើនឹង​កាហ្វេ​សុទ្ធ​ពីរ​ពែង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​ពិតជា​គ្មាន​មធ្យោបាយ​ផ្លូវ​កាត់​ណាមួយ​ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​រស់នៅ​បានយូរ​ឡើយ​ក្រៅពី​អនុវត្ត​របៀប​រស់នៅ​ផ្តល់​សុខភាព តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀត​ទាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com