កីឡាអន្តរជាតិ
អន្តរជាតិ
បើ Catalonia បានឯករាជ្យ Barcelona អាចចេញពី La Liga ទៅ Serie A ឬ EPL រូបភាពពីទីភ្នាក់ងារសារព័ត៌មាន-Reuters
× ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បាននិយាយកាលពីថ្ងៃចន្ទទី២ ខែតុលា ថាក្រុម និងសមាជិករបស់លោកនឹងត្រូវសម្រេចចិត្តថាតើក្របខណ្ឌបាល់ទាត់មួយណាដែលនឹងត្រូវលេងក្នុងករណីដែលតំបន់ស្វយ័ត Catalonia ទទួលបានឯករាជ្យពីអេស្ប៉ាញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Bartomeu បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា៖«ក្នុងករណី Catalonia ទទួលបានឯករាជ្យភាព ក្លិបនិងសមាជិកត្រូវសម្រេចថាតើលីកនៅក្នុងប្រទេសណាដែល Barcelona នឹងត្រូវចូលរួម។ យើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក និងស្មុគស្មាញ ហើយើងនៅតែគោរពនូវអ្វីដែលអាចកើតមានឡើងនាពេលអនាគត»។
ចំណែកលោក Gerard Figueras រដ្ឋមន្ត្រីកីឡារបស់ Catalonia ក៏បានលើកឡើងជុំវិញករណីនេះកាលពីសប្តាហ៍មុនដែរថាក្រុមរហស្សនាមអ្នកមានបុណ្យ អាចនឹងលេងនៅលីកក្នុងប្រទេសមួយផ្សេងទៀតប្រសិនបើតំបន់នេះទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញ។
ក្លិបពីរផ្សេងទៀតក្រៅពី Barcelona រួមមាន Espanyol និង Girona ក៏នឹងត្រូវសម្រេចចិត្តថាត្រូវបន្តនៅលីកអេស្ប៉ាញ ឬចាកចេញ ប្រសិនបើតំបន់នេះទទួលបានឯករាជ្យមែននោះ។ លីកដែលពួកគេអាចនឹងទៅចូលបានគឺនៅប្រទេសជិតខាងដូចជា អ៊ីតាលី(Serie A) បារាំង(Ligue 1) និង អង់គ្លេស (Premier League)។
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu
សូមបញ្ជាក់ថា ក្រុម Barcelona ដែលមានមូលដ្ឋានក្នុងតំបន់ Catalonia បានធ្វើការប្រកួតដោយគ្មានអ្នកគាំទ្រនាកីឡដ្ឋាន Nou Camp ដែលយកឈ្នះ Las Palmas ៣-០ ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញកាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ។
មូលហេតុដែលគ្នានអ្នកគាំទ្រចូលទស្សនា គឺដើម្បីបញ្ជៀសអំពើហិង្សារបស់ប៉ូលីសមកលើក្រុមអ្នកប្រឆាំងទៅនឹងការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិទាមទារឯករាជ្យរបស់តំបន់ស្វយ័ត Catalonia ចេញពីប្រទេសអេស្ប៉ាញ។
ជុំវិញការបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញ មានមនុស្សច្រើនជាង ៨៥០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសនិងប្រជាជន ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានប្រកាសថាជាទង្វើខុសច្បាប់៕
Tag:
បាល់ទាត់
Barcelona
Catalonia
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com