ជាតិ
កម្ពុជា​នាំចូល​បន្លែ ៤០០​តោន​ក្នុង​មួយថ្ងៃ ខណៈ​រដ្ឋាភិបាល​ថា ចំណាយ​ថវិកា​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
03, Oct 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់នាំចូលបន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ បើតាម​អ្នកជំនាញ ការ​នាំចូល​បន្លែ​មក​កម្ពុជា មាន​ចំនួន​៤០០​តោន​ក្នុង​មួយថ្ងៃ ។​



​កម្ពុជា​នាំចូល​បន្លែ ពី​ក្រៅប្រទេស​មាន​ចំនួន ២០០​តោន​ ទៅ​ជាង​៤០០​តោន ​ក្នុង​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ បន្លែ​ទាំងនោះ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​។ បើតាម​របាយការណ៍រ​ប​ស់លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) ការ​នាំចូល​បន្លែ​មក​កម្ពុជា​បែងចែក​ជា​៣​រដូវ​កាល ​ក្នុងនោះ​កម្ពុជា​នាំចូល​ជាង​២០០​តោន នៅរដូវ​ត្រជាក់​ចន្លោះ​ពី​ខែធ្នូ ដល់​ខែកុម្ភៈ ។ ចំណែក​រដូវប្រាំង និង​រដូវវស្សា កម្ពុជា​នាំចូល​បន្លែ​រហូតដល់​៤០០​តោន​មួយថ្ងៃ ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម​។​



​លោក ច័ន្ទ សុផល ដែល​បាន​ចុះ​សិក្សា​លើ​ទីផ្សារ​បន្លែ​នៅទូ​ទាំង​ប្រទេស​កម្ពុជា បាន​និយាយថា គ្រាន់តែ​ផ្សារ​នាគ​មាស នៅ​រាជធានី​ភ្នំពេញមួយ​​ បានដាក់​លក់​បន្លែ​ចំនួន​៧១​តោន ​​ក្នុងនោះ​មាន​​៧០​ភាគរយ ជាបន្លែនាំ​ពី​ប្រទេស​ថៃ និង​វៀតណាម ​ចំណែក​បន្លែ​របស់​ប្រជាកសិករ​កម្ពុជា មាន​​​តែ​ប្រមាណ៣០​ភាគរយ​ប៉ុណ្ណោះ​។ បើតាម​លោក ច័ន្ទ សុផល សូម្បីតែ ម្ទេស ត្រប់ និង​ត្រឡាច​ជាដើម ក៏​កម្ពុជា​នាំចូល​ពី​ប្រទេស​វៀតណាម​ដែរ​។​

​បច្ចុប្បន្ន​កម្ពុជា ​ចំណាយ​ថវិកា​​​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ​នាំចូល​បន្លែ​ពី​បរទេស ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ មូល​ហេ​តុដោយសារតែ​បន្លែ​ទាំងនោះ ​មានតម្លៃ​ថោក និងស្របពេលដែល​កសិករ​ខ្មែរ​ មិនទាន់​អាច​ដាំ​ដុះ​បន្លែ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ។ ជាពិសេស​បញ្ហា​អាកាសធាតុ និង​ខ្វះ​ចំណេះដឹង​បច្ចេកទេស​របស់​កសិក​រ​ខ្មែរ​ក្នុង​ការផលិត ក៏ជាមូលហេតុបន្ថែមទៀតដែរ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ត្រង់ចំណុច​នេះ​ អតីត​ប្រធាន​អង្គការ​សេ​ដាក និង​ជា​អ្នកជំនាញ​ផ្នែក​កសិកម្ម លោក យ៉ង សាំង​កុមារ បាន​និយាយថា កម្ពុជា​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ​ដាំដុះបន្លែ​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ ដោយ​មិនចាំបាច់​នាំចូល​ពី​ប្រទេសជិតខាង​ឡើយ​។ បើតាម​លោក យ៉ង សាំង​កុមារ ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក ដោយ​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​បាន គឺ​អាស្រ័យ​លើ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អតីត​ប្រធាន​អង្គការ​សេ​ដាក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នាំចូល​បន្លែ​ពី​គេ ដោយសារ​គេ​អាច​ផលិត​បាន​ថោក​ជាង​យើង ព្រោះ​គេ​មាន​បច្ចេកទេស មាន​ទុន​ផលិត​គ្រប់គ្រាន់ មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​ផលិត នោះ​ក៏​ព្រោះតែ​រដ្ឋាភិបាល​គេ​គាំទ្រ​ខ្លាំង​លើ​វិស័យ​កសិកម្ម​របស់គេ​។ ហើយ​បើ​រដ្ឋាភិបាល​យើង​ចង់​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​យើង​អាច​ប្រកួតប្រជែង​បាន ទាល់តែ​ធ្វើ​ដូច​គេ តែបើ​រដ្ឋាភិបាល​យើង​អត់​លូកដៃ​ចូល​ជួយ​លើ​វិស័យ​កសិកម្ម ដោយ​ទុក​ឲ្យ​កសិករ​ពឹងផ្អែក​ដោយ​ខ្លួនឯង​នោះ វា​ក៏​មិនអាច​ទៅរួច​ដែរ​»​។​

​បន្ថែម​ពីនេះ​លោក យ៉ង សាំង​កុមារ បានផ្ដល់​យោបល់​ចំនួន​៣​ចំណុច ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​កសិករ និង​ការផលិត​បន្លែ​ដោយ​គ្មាន​ជាតិគីមី សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​បច្ចុប្បន្ន​។ «​ទី​១ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ជួល​អ្នកបច្ចេកទេស ដែល​ជំនាញ​ដាំ​បន្លែ​សរីរាង្គ​ឲ្យ​ទៅ​ជួយ​បង្រៀន​កសិករ​ដាំ​បន្លែ​សរីរាង្គ​។ ទី​២ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ទម្លាក់​កញ្ចប់​ថវិកា ទម្លាក់​ទៅ​ស្ថាប័ន​ណាមួយ​សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ឥណទាន​ឲ្យ​កសិករ​ក្នុង​អត្រា​ការប្រាក់​ទាប ដើម្បី​ជា​ទុន​សម្រាប់​ពួកគេ​ប្រើប្រាស់​ក្នុងការ​ផលិត និង​ទី​៣ រៀបចំ​ឲ្យ​មាន​សហគមន៍​កសិករ​ដាំ​បន្លែ​ទូទាំងប្រទេស សម្រាប់​ឲ្យ​ពួកគេ​អាច​លក់ដូរ និង​ផ្គត់ផ្គង់​បន្លែ​ទៅវិញទៅមក និង​ជួយ​រក​ទីផ្សារ​ឲ្យ​ពួកគេ​នាំចេញ ។ បានន័យថា​អ្នករក​ទីផ្សារ​ត្រូវ​ណែនាំ​ពលរដ្ឋ​ឲ្យ​ចេះ​ដាំ​បន្លែ​តាម​តម្រូវការ​ទីផ្សារ ដោយ​កុំ​ឲ្យ​ពួកគេ​សម្រុក​ដាំ​បន្លែ​ដូចគ្នា​ច្រើនពេក ​ដែល​នាំ​ឲ្យ​លើស​តម្រូវការ​ទីផ្សារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង សាំង​កុមារ ដែល​បាន​បន្ថែមថា បើសិនជា​រដ្ឋាភិបាល យកចិត្តទុកដាក់​ដោះស្រាយ​លើ​ចំណុច​ទាំងនេះ នោះ​ប្រាកដជា​កសិករ​អាច​ផលិត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់ និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ ។ បើតាម​លោក កុមារ ប្រទេស​វៀតណាម ​ក៏​ធ្លាប់​ទាក់ទង​ទិញ​បន្លែ​សរីរាង្គ​ពី​កម្ពុជា​ដែរ​។ 

​ទាក់ទង​នឹង​នាំចូល​បន្លែ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពហិកាទិញ​បន្លែ ដែលមាន​សារជាតិ​គីមី​យកទៅ​បរិភោគ​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា មូលហេតុ​ដែល​បន្លែ​ជាតិគីមី នាំចូល​ទីផ្សារ​កាន់តែច្រើន​នោះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការគាំទ្រ​ទិញ​ពី​ឈ្មួញ ដូច្នេះ​បញ្ហា​នេះ​មិនអាច​បន្ទោស​រដ្ឋាភិបាល​បានឡើយ​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ ដែល​បរិភោគ​បន្លែ​គ្រប់​ប្រភេទ គប្បី​ចេះ​ពិនិត្យមើល​បន្លែ​ណា ដែល​គ្មាន​ជាតិគីមី ឬ​គ្មាន​ជាតិគីមី​ផងដែរ​។​



​តែ​យ៉ាងណា​បញ្ហា​បន្លែ​មាន​ជាតិគីមី ដែល​កំពុង​ចរាចរ​នៅ​ទីផ្សារ​កម្ពុជា​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​មិនបាន​ដឹងថា តើ​បន្លែ​ប្រភេទ​ណា​ដែលមាន​ជាតិគីមី ឬ​គ្មាន​គីមី​នោះឡើយ ខណៈដែល​ការយល់ដឹង​របស់​ពួកគេ​នៅមានកម្រិត​។ អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ ក៏​មិនបាន​ដឹងថា បន្លែ​ក្នុងស្រុក និង​នាំចូល​ពី​ក្រៅប្រទេស មាន​ជាតិគីមី​កម្រិតណា​នោះដែរ ដោយ​លោក​គ្រាន់តែ​ពន្យល់​ដូច្នេះ​ថា «​ប្រភេទ​បន្លែ​មាន​ស្លឹក ដូចជា​ស្ពៃ​ក្ដោ​ម ស្ពៃបូកគោ​…​ជាដើម សុទ្ធ​តែមាន​ជាតិគីមី​១០០​ភាគរយ​។ ចំណែក​បន្លែ​ជាំ​ប្រភេទ​ផ្លែ ដូចជា ត្រសក់ ត្រប់ ល្ពៅ គេ​អាច​ប្រើ​ជាតិគីមី​តិចជាង​ប្រភេទ​បន្លែ​ស្លឹក​»៕


Tag:
 យ៉ង សាំង​កុមារ​
  វេ​ង សាខុន​
 ​បន្លែ​
  គីមី
© រក្សាសិទ្ធិដោយ thmeythmey.com