កីឡាអន្តរជាតិ
អន្តរជាតិ
Nadal គ្រាំគ្រាចិត្តដោយសារបញ្ហាប្រជាមតិបំបែករដ្ឋនៅ Catalonia
× កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Rafael Nadal មានការភ្ញាក់ផ្អើលនិងមានអារម្មណ៍ស្រងូតស្រងាត់បន្ទាប់ពីមានការធ្វើប្រជាមតិឯករាជ្យមួយដែលត្រូវបានហាមឃាត់ និងការបង្ក្រាបពីសំណាក់ក្រុមប៉ូលិសនៅក្នុងតំបន់ស្វយ័ត Catalonia។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Rappler។
កាលពីថ្ងៃ១ ខែតុលាកន្លងទៅមានការបង្ក្រាបលើប្រជាជនដែលព្យាយាមទៅបោះឆ្នោតទាមទារឯករាជ្យតំបន់ Catalonia ចេញពីប្រទេសអេស្ប៉ាញដែលបង្កឲ្យមនុស្សច្រើនជាង៨៥០នាក់រងរបួសក្រោយប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិស។
Nadal ដែលជាប្រជាជនអេស្ប៉ាញម្នាក់ ហើយធ្លាប់និយាយថ្កោលទោសការធ្វើប្រជាមតិនៅ Catalonia ពីមុនមកនោះ បានថ្លែងប្រាប់អ្នកកាសែតដោយទឹកភ្នែក និងអារម្មណ៍ក្រៀមក្រំអំពីបញ្ហាកើតឡើងខាងលើនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំង ជាទីដែលរូបគេចាប់ផ្តើមការប្រកួតវាយកូនបាល់កម្មវិធី China Open នៅថ្ងៃទី៣ ខែតុលានេះ។
វីរបុរសវាយកូនបាល់ វ័យ៣១ឆ្នាំ ដែលបានធំធាត់និងរស់នៅលើកោះ Balearic ក្រុង Mallorca ប្រទេសអេស្ប៉ាញ ប៉ុន្តែក៏ជាអ្នកនិយាយភាសា Catalonia ផងដែរនោះ និយាយថាខ្លួនបានមើលព្រឹត្ដិការណ៍កាលពីចុងសប្តាហ៍ដែលបានបង្ហាញពី "ការព្រួយបារម្ភនិងភាពក្រៀមក្រំបំផុត"។
«ខ្ញុំចង់យំនៅពេលខ្ញុំឃើញប្រទេសមួយដែលយើងដឹងពីរបៀបរស់នៅជាមួយគ្នាហើយ និងធ្វើជាគំរូល្អដល់ពិភពលោក បែជាធ្លាក់ក្នុងស្ថានភាពបែបនេះ»។ នេះជាសម្តីរបស់ Nadal។
ម្ចាស់ជើងឯក Grand Slam ១៦សម័យបានបន្ថែមថា នេះជាពេលវេលាដ៏សែនក្រៀមក្រំចិត្តបំផុតសម្រាប់រូបគេរាល់ថ្ងៃនេះ៕
Tag:
វាយកូនបាល់
Rafael Nadal
Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com