ជាតិ
លោក សុខ ផល ៖ សមត្ថកិច្ចរកឃើញតម្រុយពីជនបរទេសធ្វើចារកម្មនៅកម្ពុជាហើយ តែត្រូវរក្សាការសម្ងាត់សិន លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ប្រជុំស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅព្រឹកថ្ងៃទី៤ តុលា
× ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក សុខ ផល បាននិយាយថា បច្ចុប្បន្ននេះសមត្ថកិច្ច បានរកឃើញតម្រុយជនបរទេស ដែលសង្ស័យធ្វើចារកម្មនៅប្រទេសកម្ពុជាហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចអនុវត្តការងារតាមផ្លូវច្បាប់បាននៅឡើយទេ ពោលគឺត្រូវរង់ចាំការស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីដាក់បញ្ជូនទៅតុលាការជាអ្នកសម្រេចជាមុនសិន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅព្រឹកថ្ងៃទី៤ តុលានេះ លោក សុខ ផល មិនទាន់អាចបង្ហើបប្រាប់ពីតម្រុយជនបរទេស ដែលកំពុងធ្វើចារកម្មនៅកម្ពុជានៅឡើយទេ ដោយត្រូវរក្សាការសម្ងាត់ពួកគេសិន ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខជាតិ។
សូមស្ដាប់សំឡេង៖
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលចំណុះក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស៊ើបអង្កេតលើជនជាតិអាមេរិកទាំងអស់ ដែលកំពុងរស់នៅកម្ពុជា ដើម្បីស្រាវជ្រាវរកអ្នកសង្ស័យធ្វើចារកម្ម និងជាប់ពាក់ព័ន្ធករណីឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ ។ បើតាមសម្ដេច ហ៊ុន សែន កន្លងមកធ្លាប់មានជនបរទេស២នាក់ ដែលសង្ស័យធ្វើសកម្មភាពចារកម្ម និងបង្កអសន្តិសុខនៅកម្ពុជា កាលពីអំឡុងពេលធ្វើបាតុកម្មនៅផ្លូវវេងស្រេង ក្រោយការបោះឆ្នោតអណត្តិទី៥ ។
«យើងបានដឹងពីមុនមកយើងបានដឹង ចារកម្មពីរនាក់បានមកបញ្ជារ សូម្បីតែលើផ្លូវវេងស្រេងក៏មានបាតដៃជនបរទេសពីរនាក់ដែរ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានចោទរដ្ឋាភិបាលអាមេរិកថា នៅពីក្រោយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយបទល្មើសនេះ ស្ថិតក្នុងអំពើក្បត់ជាតិ ៕
Tag:
សុខ ផល
មហាផ្ទៃ
ជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com