អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស​៖ មេដឹកនាំ​ខ្សោយ​ចោមរោម​ដោយ​មន្ត្រី «​បាទ​ទាន​!»
17, Apr 2018 , 3:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស Theresa may (រូបភាព៖ Xinhua)
នាយករដ្ឋមន្រ្តីអង់គ្លេស Theresa may (រូបភាព៖ Xinhua)
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ (Theresa May) និង​រដ្ឋមន្ត្រីការបរទេស បូរី​ស ច​ន​សុន (Boris Johnson) បានបង្ហាញ​ជំហរ​បញ្ច្រាស​គ្នា​លើ​ការចរចា​ជាមួយ​អឺរ៉ុប​ជុំវិញ​ការចាកចេញ​ពី​អង្គការ​តំបន់​មួយ​នេះ​។ លោក ច​ន​សុន ហាក់​បង្ហាញ​ជំហរ​តឹងតែង​ខ្លាំង​ចំពោះ​ការចរចា និង​មាន​អាកប្បកិរិយា​មិនសូវ​គោរព​ថ្នាក់លើ​ផងដែរ​។ ប៉ុន្តែ​លោកស្រី ម៉េ​យ៍ យល់ថា ការ​មានមតិ​ផ្ទុយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល គឺជា​រឿង​ល្អ​សម្រាប់​មេដឹកនាំ​។



​សន្និសីទ​បក្ស​អភិរក្ស​ដែល​រៀបចំ​នៅ​ទីក្រុង Manchester គ្របដណ្ដប់​ដោយ​រឿងចម្រូងចម្រាស់​របស់​រដ្ឋមន្ត្រីការបរទេស បូរី​ស ច​ន​សុន ដែល​កំណត់ «​បន្ទាត់​ក្រហម​» ដោយ​ខ្លួនឯង​សម្រាប់​ការចរចា​លែងលះ​ជាមួយ​អឺរ៉ុប​។ ការបញ្ចេញមតិ​ផ្ទាល់ខ្លួន​លើ​ការចរចា​នេះ ត្រូវបាន​ចាត់ទុកជា​អាកប្បកិរិយា​មិន​គោរព​ថ្នាក់លើ ប៉ុន្តែ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ មិនបាន​បញ្ចប់​តំណែង​លោក ច​ន​សុន ឡើយ ទោះជា​លោកស្រី​មាន​សិទ្ធិ​ក៏ដោយចុះ​។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ BBC Radio 4 លោកស្រី ម៉េ​យ៍ បាន​និយាយ​ការពារ​ការសម្រេចចិត្ត​រក្សាទុក​លោក ច​ន​សុន ឲ្យ​ស្ថិតក្នុង​តំណែង​រដ្ឋមន្ត្រីការបរទេស​ដដែល ដោយ​បញ្ជាក់ថា លោកស្រី​មិន​ចង់​ចោមរោម​ដោយ​មន្ត្រី «​បាទ​ទាន​!» ឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ​ពន្យល់ថា មេដឹកនាំ​ខ្សោយ​ចង់បាន​មន្ត្រី​ដែល​តែងតែ​យល់ព្រម​លើ​ការងារ​គ្រប់យ៉ាង ប៉ុន្តែ​មេដឹកនាំ​ខ្លាំង គឺ​ចោមរោម​ដោយ​មន្ត្រី​ដែលមាន​មតិ​ផ្សេងគ្នា ហើយ​នេះ​ជា​អ្វីដែល​លោកស្រី​ចង់បាន​។​


រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Boris Johnson ដែល​បង្ហាញ​ជំហរ​តឹងរ៉ឹង​ចំពោះ​ការចរចា​លែងលះ​ជាមួយ​អឺរ៉ុប (​រូបភាព​៖ Xinhua)​

​លោក ច​ន​សុន ដែលជា​អតីត​អភិបាលក្រុង​ឡុង​ដ៍ បាន​លូកដៃ​ចូល​ការចរចា​ជាមួយ​អឺរ៉ុប​ជា​សាធារណៈ តាមរយៈ​ការបោះពុម្ព​ឯកសារ​ចំនួន​បួន​ពាន់​ពាក្យ​ក្នុង​សារព័ត៌មាន Telegraph ។ លើសពីនេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន The Sun អ្នកនយោបាយ​អង់គ្លេស​រូបនេះ​ក៏បាន​ដាក់​លក្ខខណ្ឌ​ជាច្រើន​ទៀត​សម្រាប់​ការចរចា​ដូចជា​ការកំណត់​រយៈពេល​អន្តរកាល​នៃ​ការចាកចេញ​នៅត្រឹម​ពីរ​ឆ្នាំ​ដាច់ខាត​ជាដើម​ផង​។

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ម៉េ​យ៍ ទំនងជា​មិន​ប្រើប្រាស់​វា​ក្នុង​ការចរចា​ជាមួយ​អឺរ៉ុប​ឡើយ ព្រោះ​លោក ច​ន​សុន មិនមាន​ភារកិច្ច​អ្វី​ក្នុង​ដំណើការ​ចរចា​នេះ​ទេ​។ «​ខ្ញុំ​ជា​អ្នកចរចា​ជាមួយ​អឺរ៉ុប​។ ចំពោះ​ការចរចា​ផ្លូវការ រដ្ឋមន្ត្រី​ទទួល​ការចាកចេញ David Davis នឹងធ្វើ​កិច្ចការ​នេះ​ជាមួយ​សម​ភាគី​អឺរ៉ុប Michel Barnier »​។ នេះ​ជាស​ម្ដី​សង្កត់ធ្ងន់​របស់លោក​ស្រី ម៉េ​យ៍ ជុំវិញ​ការ​លូកដៃ​ចូល​ការចរចា​របស់លោក ច​ន​សុន ។    

​លើសពីនោះ លោកស្រី ម៉េ​យ៍ ក៏​មិនបាន​កំណត់​បន្ទាត់​ក្រហម​សម្រាប់​សមាជិក​រដ្ឋាភិបាល​លោកស្រី​ក្នុងការ​បញ្ចេញមតិ​អ្វី​ដែរ​។ បើតាម​លោកស្រី ម៉េ​យ៍ មន្ត្រី​រដ្ឋាភិបាល​សុទ្ធតែ​អាច​បញ្ចេញយោបល់​របស់​ពួកគេ​ក្នុងពេល​ពិភាក្សា មុននឹង​ឈានដល់​ការមូល​មតិ​គ្នា​ដើម្បី​អនុវត្ត​នយោបាយ​របស់​រដ្ឋាភិបាល​។ លោកស្រី​បន្ថែមថា ទាំង​លោក ច​ន​សុន និង​រដ្ឋមន្ត្រី​ដទៃទៀត​សុទ្ធតែ​យល់ស្រប​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ចរចា​ជាមួយ​អឺរ៉ុប​៕



Tag:
 អង់គ្លេស​
  Theresa May
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com