ជាតិ
សេដ្ឋកិច្ច
មន្ទីរ​កសិកម្ម​ខេត្តក្រចេះ ប្រកា​សទិញ​«​ខ្យង​ស៊ី​ស្រូវ​» ពី​កសិករ ដើម្បី​ដុតចោល​
04, Oct 2017 , 9:39 pm        
រូបភាព
​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បានប្រកាស​ទិញ​«​ខ្យង​មាស​» ឬ​«​ខ្យង​ស៊ី​ស្រូវ​» ដែល​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ស្ទើរ​គ្រប់​តំបន់ ក្នុង​មួយ​គីឡូក្រាម​២០០​រៀល​ពី​កសិករ​។ ប្រធាន​មន្ទីរ​ក​កសិក​កម្ម​ខេត្តក្រចេះ​ដដែល បញ្ជាក់ថា​ខ្យង​ដែល​ប្រមូល​ទិញ​បាន នឹង​យកទៅ​ដុតចោល​។



«​ខ្យង​ស៊ី​ស្រូវ​»​ឬ​«​ខ្យង​មាស​» ជា​ខ្យង​ដែល​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ស្ទើរ​គ្រប់​តំបន់​។ ខ្យង​ប្រភេទ​នេះ អាច​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ពេល​សាបព្រោះ រហូតដល់​ស្រូវ​បែក​គុម្ព ហើយ​វា​ក៏​ធ្វើ​ឲ្យ​ស្រូវ​លូតលាស់​មិនល្អ កសិករ​ខាតបង់​ចំណូល​ដោយសារ​ទិន្នផល​ស្រូវ​ថយចុះ​ដែរ​។​

​ដើម្បី​គ្រប់គ្រង និង​កម្ចាត់​សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ ប្រកាស​ប្រមូល​ទិញ​សត្វ​ខ្យង​មាស​នេះ ពី​ប្រជាកសិករ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​២០០​រៀល​ចាប់ពី​ថ្ងៃទី​៣​តុលា ដល់​ថ្ងៃទី​១៥ ខែតុលា​។ លោក គុយ ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ក្រចេះ បញ្ជាក់បន្ថែម​ប្រាប់​សារព័ត៌មាន thmeythmey.com តាម​ទូរ​សព្ទ​ថា​ការប្រមូលទិញ​នេះ គឺជា​ការលើកទឹកចិត្ត​ដល់​ប្រជាកសិករ និង​ក៏ដូចជា​ការជំរុញ​ការចូលរួម​របស់​ពួកគាត់​ក្នុងការ​កម្ចាត់​សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​នេះ​។​

​វិធានការ​នេះ មិនមែន​ធ្វើ​តែ​នៅក្នុង​ខេត្តក្រចេះ​មួយ​ឡើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ដាក់​បញ្ជា​ឲ្យ​គ្រប់​មន្ទីរ​កសិកម្ម​ខេត្ត​ទាំងអស់ គ្រប់គ្រង និង​កម្ចាត់​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​នេះដែរ​។ លោក​រដ្ឋមន្ត្រី វេ​ង សាខុន ថ្លែងប្រាប់​សារព័ត៌មាន thmeythmey.com ដូច្នេះ​៖«​យើង​បាន​ឲ្យ​គ្រប់​មន្ទីរ​ទាំងអស់​ចាត់​វិធានការ​លើ​បញ្ហា​នេះ ដើម្បី​បន្ថយ​ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​កសិករ​យើង​ពី​ខ្យង​នេះ​»​។

​តែ​យ៉ាងណាក៏ដោយ លោក វេ​ង សាខុន ក៏​លើកឡើង​ពី​បញ្ហាលំបាក​ក្នុង​កម្ចាត់​ចោល​ទាំងស្រុង​«​ខ្យង​ស៊ី​ស្រូវ​»​នេះដែរ​ថា ដោយសារ​ឆ្នាំនេះ​មានទឹក​ដក់​ច្រើន ហើយ​កសិករ​អាច​ចាប់​ពួកវា​មិន​អស់ ខណៈដែល​ខ្យង​ប្រភេទ​នេះ ក៏មាន​ពង និង​កូន​ច្រើន​ផងដែរ​នោះ​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា វិធានការ​ខាងលើនេះ នឹង​ជួយ​កាត់បន្ថយ​វត្តមាន​សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​នេះ​បាន​មួយចំនួនធំ និង​រួមចំណែក​រក្សាបាន​ទិន្នផល​ស្រូវ​ខ្ពស់​របស់​ប្រជាកសិករ​៕


Tag:
 ខ្យង​
  ស្រូវ​
 ​ កសិកម្ម​
 ​ វេ​ង សាខុន​
 ​ គុយ ហួត​
© រក្សាសិទ្ធិដោយ thmeythmey.com