កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ដាក់តម្លៃ ២៣៤លានដុល្លារ ដើម្បីយក Kane ពី Spurs
× ក្លិប Real Madrid កំពុងពិចារណាទិញយកខ្សែប្រយុទ្ធកំពុងឡើងជើង Harry Kane ពី Tottenham Hotspure ក្នុងតម្លៃ ១៧៧លានផោន ប្រហែលជាង២៣៤លានដុល្លារនៅរដូវកាលក្រោយ។ នេះបើយោងតាមគេហទំព័ររបស់អេស្ប៉ាញ Don Balon។
ប្រធានក្លិប Real Madrid លោក Florentino Perez បានស្វែងរកខ្សែប្រយុទ្ធឆ្នើមម្នាក់អស់រយៈពេលច្រើនឆ្នាំមកហើយដើម្បីជំនួសតំណែង Karim Benzema ដែលបច្ចុប្បន្នកំពុងញាំញីដោយសាររបួស។ ទីបំផុតលោកប្រធានក្លិបសញ្ជាតិអេស្ប៉ាញរូបនេះ បានសម្លឹងឃើញកំពូលខ្សែប្រយុទ្ធ Kane ដើម្បីយកមកកាន់ទឹកដី Bernabeu។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ២៤ឆ្នាំ អាចរកបាន១១គ្រាប់សម្រាប់រដូវកាលថ្មីនេះឲ្យ Spurs និងធ្វើបាន Hat-trick នៅក្របខណ្ឌ Champions League ទៀតផង ហើយរំពឹងថានឹងអាចឈ្នះស្បែកជើងមាសនៅ Premier League ៣រដូវកាលជាប់គ្នាផងដែរ។
ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០១៦ តារាឆ្នើមដែលធំធាត់នៅទីក្រុងឡុងដ៍រូបនេះ បានស៊ុតបាល់បញ្ចូលទីមិនគួរឲ្យជឿរហូតដល់៤៤គ្រាប់ ច្រើងជាងខ្សែប្រយុទ្ធ Sergio Aguero របស់ Manchester City ៨គ្រាប់ឯណោះ។
ការបង្ហាញខ្លួនបានយ៉ាងល្អរបស់ Kane ពីមួយរដូវកាលទៅមួយរដូវកាលនេះហើយទើបធ្វើឲ្យក្រុមរហស្សនាមអធិរាជសចាប់អារម្មណ៍ខ្លាំង ដោយគ្រោងចំណាយលុយច្រើនកប់ពពកដើម្បីនាំរូបគេទៅលេងនៅក្របខណ្ឌ La Liga រដូវកាលក្រោយ។
តែយ៉ាងណាក៏ដោយជុំវិញការចង់បានរបស់ក្រុមមកពីអេស្ប៉ាញនេះ ខាងភាគី Tottenham ថាមិនមានបំណងចង់លក់កីឡាករឆ្នើមរបស់ពួកគេមុនពេលផ្លាស់ទីទៅកាន់កីឡដ្ឋានថ្មីនោះទេ ហើយលោកប្រធានក្លិប Daniel Levy ទំនងជាដាក់តម្លៃខ្ពស់ជាងនេះទៅទៀត ប្រហែលការផ្ទេររបស់ Neymar ពី Barcelona ទៅ Paris Saint-Germain ក្នុងតម្លៃ១៩៨លានផោន ប្រមាណ ២៦២លានដុល្លារ៕
Tag:
បាល់ទាត់
Real Madrid
Spurs
Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com