ជាតិ
កម្ពុជា​នាំចេញ​ស្វា​ក្តាម ទៅ​ក្រៅប្រទេស ៣​ទៅ​៥​ពាន់​ក្បាល​ក្នុង​មួយឆ្នាំ
05, Oct 2017 , 5:34 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១០​មក កម្ពុជា​បាន​នាំចេញ​សត្វ​ស្វា​ក្តាម ទៅ​ក្រៅប្រទេស ជា​មធ្យម​ពី​៣​ពាន់​ក្បាល​ទៅ​៥​ពាន់​ក្បាល​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងកសិកម្ម ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ ខែតុលា​នេះ​។

      

​នៅ​កម្ពុ​ជាមាន​កសិដ្ឋាន​៧​សម្រាប់​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង និង​អូស្ត្រាលី ដែលមាន​ចំនួន​សរុប ៤០៤២០​ក្បាល​ហើយ ។ បច្ចុប្បន្ន កសិដ្ឋាន​ទាំង​៧ មាន​ស្វា​ក្តាម​ចំនួន ៥៤ ៥០០​ក្បាល​។ សត្វ​ស្វា​ក្តាម គឺជា​ប្រភេទ​សត្វ ដែល​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃ​លិច​ទឹក តំបន់​ព្រៃភ្នំ តំបន់​ព្រៃកោងកាង តាម​ឆ្នេរសមុទ្រ និង​តំបន់កសិកម្ម​។ ហើយ​ពួកវា ត្រូវបាន​នាំចេញ​ដោយ​ក្រុមហ៊ុន Shin Nippon Biomedical Laboratories(SNBL) ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​ឱសថ​មនុស្ស និង​សត្វ​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​

​ទាក់ទង​នឹង​ការនាំចេញ​សត្វ​ស្វា​ក្តាម​ទៅ​ក្រៅប្រទេស លោក សេង ទៀក ប្រធាន​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​(WWF) បានបង្ហាញ​ការបារម្ភ​ចំពោះ​ការចាប់​សត្វ​ស្វា​ក្តាម​ព្រៃ​មក​ចូលក្នុង​កសិដ្ឋាន  និង​ស្នើ​ឲ្យ ក្រសួង​ពាក់ព័ន្ធ​មាន​យន្តការ​ច្បាស់លាស់​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ​ការធ្វើ​អាជីវ​កម្មនេះ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​សត្វ​ស្វា​ក្ដាម​។ បើតាម​លោក សេង ទៀក កាលពី​ឆ្នាំ​២០១០ មាន​ពលរដ្ឋ​ជាច្រើន បាន​រត់​ចូល​ព្រៃ​ចាប់​ស្វា​ក្តាម​ព្រៃ​លក់​ឲ្យ​ក្រុមហ៊ុន រហូតដល់​ក្រសួងកសិកម្ម​ប្រកាស​បញ្ឈប់​ការទិញ​ស្វា​ក្តាម​ព្រៃ​ចូលក្នុង​កសិដ្ឋាន​។      

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បារម្ភ​ថា កសិដ្ឋាន​មានតែ​ឈ្មោះ តែ​នាំ​ស្វា​ក្តាម​ព្រៃ​ចូល​កសិដ្ឋាន រួច​ធ្វើ​ការនាំ​ចេញលក់​នៅក្រៅ​ប្រទេស ព្រោះ​ពេល​តម្រូវការ​កាន់តែ​ខ្ពស់ ហើយ​កសិដ្ឋាន​ផលិត​មិនទាន់​ទីផ្សារ នោះ​អាច​នឹងមាន​ការទិញ​ស្វា​ក្តាម​ព្រៃ​ចូល​កសិក​ដ្ឋា​ន​»​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​តាមដាន និង​ត្រួតពិនិត្យ​ចំពោះ​អាជីវកម្ម​មួយ​នេះ ដើម្បី​ការពារ​សត្វ​ស្វា​ក្តាម​ព្រៃ​នៅ​កម្ពុជា កុំ​ឲ្យ​បាត់បង់​ដូច​សត្វ​ដទៃទៀត​។   

​បើតាម​លទ្ធផល​ស្រាវជ្រាវ​របស់​រដ្ឋបាល​ព្រៃឈើ​នៅ​ឆ្នាំ​២០០៩ សត្វ​ស្វា​ក្តាម​នៅ​កម្ពុជា​មាននៅ​ទូទាំងប្រទេស ដែលជា​មធ្យម​២​គីឡូម៉ែត្រ​ក្រឡា​មាន​សត្វ​ស្វា​ក្តាម​៣០​ក្បាល​។ នៅ​ឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឱ្យមាន​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​សម្រាប់ធ្វើ​ការនាំចេញ​។   

​ប្រកាស​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៧ ស្តីពី​ចំណាត់ថ្នាក់ និង​បញ្ជី​ឈ្មោះ​សត្វព្រៃ​បាន​បង្ហាញថា សត្វ​ស្វា​ក្តាម (Scientific Name: Macaca fascicularis) ជា​ប្រភេទ​សត្វ​មាន​បង្គួរ និង មិន​ខ្លាច​ទឹក ហើយ​ពួកវា​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់​ទៅ​១០០​ក្បាល​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ដដែល ស្វា​ក្តាម​មាន​វត្តមាន​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​រួមមាន​៖ ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​សូ​ម៉ា​ត្រា​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៧ សត្វ​ស្វា​ក្តាម​នៅតាម​បណ្តា​កសិដ្ឋាន​ទាំងអស់​មាន​ចំនួន​សរុប​៥៤ ៥០០​ក្បាល ក្នុងនោះ​កូន​កើត​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧ មាន​ចំនួន​៨១៥៤​ក្បាល​៕           


Tag:
 ស្វា​ក្តាម​
 ​ វេ​ង សាខុន​
  ​អាជីវកម្ម​
 ​ ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com