កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖​អង់គ្លេស និង​អាល្លឺម៉ង់ បាន​ទៅ​រុស្ស៊ី ខណៈ​អា​ហ្ស​ង់​ទីន​ស្រពេចស្រពិល
06, Oct 2017 , 11:46 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​អាល្លឺម៉ង​ឈានទៅ​ប្រទេស​រុស្ស៊ី​ឆ្នាំក្រោយ​ដើម្បី​ប្រកួត​ដណ្តើមពាន​រង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup បន្ទាប់ពី​រកបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​បន្ថែមទៀត​ពី​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​តំបន់​អឺរ៉ុប ស្របពេល​ដែល​អា​ហ្ស​ង់​ទីន​នៅ​ស្រពេចស្រពិល​នៅឡើយ​ក្រោយ​បាន​ត្រឹម​ស្មើ​ជាមួយ​ប៉េ​រូ​នៅ​តំបន់​អាមេរិក​ឡាទីន​។​



Harry Kane បាន​ស៊ុត​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​ជួយ​អង់គ្លេស​យកឈ្នះ​ស្លូ​វេ​នី ១-០ នៃ​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល F នៅ​រាត្រី​ថ្ងៃទី ៥ ខែតុលា​។ ១​គ្រាប់​របស់​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ក្រុម Spurs បាន​ជួយ​ឲ្យ​ក្រុម​រហស្សនាម​តោ​កំណាច​អង់គ្លេស​អាច​កក់​កៅអី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំក្រោយ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Gareth Southgate មាន​២៣​ពិន្ទុ​ដាច់​គេ​ក្នុងការប្រកួត​៩​លើកចុងក្រោយ នាំ​មុន​ក្រុម​លេខ​ពីរ ៦​ពិន្ទុ ខណៈ​នៅសល់​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​។​



​ចំណែក​ក្រុម​នៅ​ទ្វីបអឺរ៉ុប​មួយទៀត គឺ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង​ក៏​អាច​ឈានទៅ World Cup ឆ្នាំ​២០១៨ ដែរ ក្រោយ​យកឈ្នះ អៀរ​ឡង់​ខាងជើង ៣-១ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C មាន​២៧​ពិន្ទុ នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ​រហូត​៨​ពិន្ទុ និង​នៅសល់​មួយ​ប្រកួត​ទៀត​។​



​សូមបញ្ជាក់ថា ក្រុម​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​តាម​ពូ​ល​នីមួយៗ​អាច​ទៅ​ប្រកួត​វគ្គ Play-off បន្ត​ទៀត​ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​។​

​យើង​ក្រឡេក​ទៅ​មើល​ការប្រកួត​នៅ​តំបន់​អាមេរិក​ឡាទីន​វិញ​ម្តង​។ អា​ហ្ស​ង់​ទីន​ដែល​គេ​ចាត់ទុកថា​ជា​ប្រទេស​ដែល​ខ្លាំង​ក្នុង​វិស័យ​បាល់ទាត់​មួយ​ដែរ និង​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ដូចជា Lionel Messi, Dybala ជាដើម​នោះ នៅ​មិនទាន់​ច្បាស់​ថា​អាច​នាំ​ក្រុម​ទៅ World Cup ឆ្នាំក្រោយ​នៅ​ឡើង​ទេ បន្ទាប់ពី​មិនអាច​ធ្វើ​អ្វី​ប៉េ​រូ​បាន​ដោយ​ទទួលលទ្ធផល​ត្រឹម ០-០ កាលពី​យប់មិញ​។​



១៧​ប្រកួត​ចុងក្រោយ​អា​ហ្ស​ង់​ទីន​មាន​២៥​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ដែលជា​ចំណាត់ថ្នាក់​មិនអាច Play-off បាន ខណៈ​នៅសល់តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​។​

​ក្រុម​ចំនួន​៥ រួមមាន ស៊ី​លី កូ​ឡំ​បី ប៉េ​រូ អា​ហ្ស​ង់​ទីន និង​ប៉ា​រ៉ា​ហ្គា​យ​ដែលមាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា​ក្នុង​វគ្គ​ជម្រុះ​តំបន់​នេះ​នឹងត្រូវ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​សម្រាប់​ការប្រកួត​ចុងក្រោយ​។ ចាប់ពី​ចំណាត់ថ្នាក់​លេខ​៣ ដល់​៧ គឺមាន​ពិន្ទុ​ខុសគ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។​



​ការប្រកួត​ចុងក្រោយ អា​ហ្ស​ង់​ទីន​និង​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​អេក្វាទ័រ ស្របពេល​ស៊ី​លី​ប៉ះ​ប្រេ​ស៊ី​ល ប៉េ​រូ​ជួប​កូ​ឡំ​បី ហើយ​ប៉ា​រ៉ា​ហ្គា​យ​ស្វាគមន៍​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឈានទៅ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី​បាន​។​

​សូម​បញ្ចា​ក់ថា ក្នុងចំណោម​ក្រុម​ទាំង​១០​នៅ​តំបន់​អេ​មេ​រិ​ក​ខាងត្បូង​នេះ ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចាប់ពី​លេខ​១​ដល់​៤ អាច​ឡើង​ស្វ័យប្រវត្តិ ហើយ​លេខ​៥ ត្រូវ​ប្រកួត Play-off៕


Tag:
 ​បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com