អន្តរជាតិ
អតីតព្រះមហាក្សត្រថៃ ភូមិបុល បង្កើតកន្លែងកសិកម្មគ្មានជាតិគីមីសម្រាប់ជាគំរូដល់កសិករ
× ថៃ៖ Chang Hua Mun គឺជាកន្លែងកសិកម្មគ្មានជាតិគីមីមួយ ដែលត្រូវបានបង្កើតឡើង ដោយអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត សម្រាប់ធ្វើជាគំរូ ដល់ប្រជាជនថៃឲ្យប្រកបរបរដាំដុះដោយគ្មានប្រើប្រាស់សារធាតុគីមី ដើម្បីលើកស្ទួយវិស័យកសិកម្មនិងសេដ្ឋកិច្ច។ មិនត្រឹមតែជាកន្លែងកសិកម្មគ្មានជាតិគីមីប៉ុណ្ណោះទេ សួន Chang Hua Mun ក៏ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
Chang Hua Mun គឺជាកន្លែងកសិកម្មគ្មានជាតិគីមីមួយ ដែលត្រូវបានបង្កើតឡើង ដោយអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត កាលពីឆ្នាំ២០០៨ នៅលើផ្ទៃដី៤០ហិកតា ដែលមានទីតាំងនៅក្នុងខេត្ត Phetchaburi ប្រទេសថៃ។ Chang Hua Mun គឺជាស្នាព្រះហស្ថចុងក្រោយរបស់ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ក្នុងការបង្កើតទីកន្លែងកសិកម្មនេះឡើង ដើម្បីធ្វើជាគំរូដល់ប្រជាជនថៃឲ្យប្រកបរបរដាំដុះដោយគ្មានប្រើប្រាស់សារធាតុគីមី ក្នុងទិសដៅលើកស្ទួយវិស័យកសិកម្មនិងសេដ្ឋកិច្ច។
ក្នុងសួនកសិកម្មគ្មានជាតិគីមីនេះ មានដំណាំដាំដុះជាច្រើនប្រភេទ ដូចជា ចេក ល្ពៅ ល្ហុង ដូង អំពៅ ម្នាស់ និងក្រូចជាដើម…។ ក្រៅពីនេះក៏មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងកន្លែងថាមពលបៃតង កម្លាំង៥០គីឡូវ៉ាត់ សម្រាប់ផ្គត់ផ្គង់ចរន្តអគ្គិសនីនៅក្នុងតំបន់ផងដែរ។
ទីតាំងសួនកសិកម្មគ្មានជាតិគីមីនេះ ក៏ជាទីកន្លែងសម្រាប់ព្រះអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត សម្រាកលំហែព្រះកាយ កាលពីព្រះអង្គនៅមានព្រះជន្ម។ បច្ចុប្បន្ននេះ Chang Hua Mun មិនត្រឹមតែជាកន្លែងកសិកម្មគ្មានជាតិគីមីប៉ុណ្ណោះទេ តែវាក៏ជាសួនដំណាំកំពុងទាក់ទាញភ្ញៀវទេសចរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com