កីឡាអន្តរជាតិ
អន្តរជាតិ
Pique នៅតែ​ចង់​លេង​ឲ្យ​អេ​ស្ប៉ា​ញ ទោះបីជា​គេ​គាំទ្រ​ប្រជាមតិ​នៅ Catalonia ក៏ដោយ​
06, Oct 2017 , 4:58 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters
Gerard Pique នៅតែ​ចង់​លេង​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដដែល បើទោះបីជា​រូបគេ​បានបង្ហាញ​ការគាំទ្រ​បោះឆ្នោត​ប្រជាមតិ​បំបែក​រដ្ឋ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ត្រូវការ​ជ័យជម្នះ​បន្តទៀត​ដើម្បី​រក្សា​ចំណាត់ថ្នាក់​លេខ​១​ពូ​ល G នៅពេល​ទទួលភ្ញៀវ​អាល់​បា​នី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 នៅ​រាត្រី​ថ្ងៃ​សុក្រ​ទី​៦ ខែតុលា​នេះ​។ ស្របពេល​គ្នា​នេះ​អេ​ស្ប៉ា​ញ​ក៏​កំពុងមាន​វិបត្តិ​នយោបាយ​ក្នុងស្រុក​ដែលជា​ប់​ពាក់ព័ន្ធ​ជាមួយ​កី​ឡករ​របស់ខ្លួន​ផងដែរ​។​

​ខ្សែការពារ​ក្រុម Barcelona កីឡាករ Gerard Pique បានបង្ហាញ​ការគាំទ្រ​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​របស់​តំបន់​ស្វយ័ត Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ និង​បាន​រិះគន់​រដ្ឋាភិបាល​ប្រទេស​នេះ​គឺ​លោកនាយក​រដ្ឋមន្ត្រី Mariano Rajoy ថា​បាន​បង្កើត​នយោបាយ​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ពីមុន​ម​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ​។​



​បើ​ទោះ​យ៉ាងនេះ​ក្តី អតីត​សមាជិក​ក្រុម Manchester United រូបនេះ​នៅតែ​ចង់បង្ហាញ​ខ្លួន​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដើម្បី​ប​បាន​កៅអី​ទៅ World Cup ឆ្នាំក្រោយ ស្រ​ពេលដែល​មានការ​រិះគន់​មកលើ​ខ្លួន​ពី​សំណាក់​អ្នកគាំទ្រ​អេ​ស្ប៉ា​ញ​ដែល​ចង់​ឲ្យ​រូបគេ​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ផង​នោះ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ខ្សែការពារ​វ័យ ៣០​ឆ្នាំ​រូបនេះ​នៅតែមាន​មោទនភាព​ដែល​អាច​តំណាង​ឲ្យ​ប្រទេស​របស់គេ ដោយ​លើកលើងថា​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​គឺជា​គ្រួសារ​មួយ​របស់ខ្លួន ហើយក៏​មានការ​គាំទ្រ​ពី​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក​លោក Julen Lopetegui ដែល​ចង់​ឲ្យ​រូបគេ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​ដដែល​។​

​តែ​ទោះ​យ៉ាងណាក៏ដោយ ប្រសិនបើ​វត្តមាន​របស់គេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​ជម្រើសជាតិ ហើយ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ចង់​ឲ្យ​រូបគេ​សម្រាក​នោះ Pique នឹង​ឈប់​ភ្លាម​។​

​សូមបញ្ជាក់ថា អេ​ស្ប៉ា​ញ​កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​៨​លើក មាន​២២​ពិ​ន្ទ​តាម​ពីក្រោយ​ដោយ​ក្រុម​អ៊ីតាលី​ដែលមាន​១៩​ពិន្ទុ ខណៈ​សល់​២​ប្រកួត​ទៀត​។ ២​ប្រកួត​ចុងក្រោយ​របស់​អេ​ស្ប៉ា​ញ​ត្រូវ​ជួប​អាល់​បា​នី​នៅ​យប់​នេះ និង​ធ្វើដំណើរ​ទៅ​អ៊ីស្រាអែល​នៅ​ថ្ងៃទី​១០ ខែតុលា​សប្តាហ៍​ក្រោយ​៕


Tag:
 បាល់ទាត់​
  Gerard Pique
  Catalonia
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com