កីឡាជាតិ
ជាតិ
គម្រោង​ចិត្ត​ដូចគ្នា​រៀបចំ​ការរត់​ប្រណាំង​ប្រមូល​ថវិកា ដើម្បី​សាងសង់​ផ្ទះ​ជូន​គ្រូបង្រៀន​
07, Oct 2017 , 10:17 am        
រូបភាព
ដោយ:
​គម្រោង​«​ចិត្ត​ដូចគ្នា​»​ឬ One Heart Project ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កម្មវិធីរ​ត់​ប្រណាំង​លក្ខណ​មិត្តភាព​មួយ​ក្រោម​ប្រធានបទ​«​រត់​ដើម្បី​មនុស្សធម៌​» ដើម្បី​ប្រមូល​ថវិកា​ជួយ​សាង​សង់ផ្ទះ​គ្រូបង្រៀន​នៅតាម​បណ្តា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា នា​បរិវេណ​កោះ​ពេជ្រ​។

 


​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​លើកស្ទួយ​ជីវភាព​គ្រូបង្រៀន​ទូទាំងប្រទេស ក្រុមការងារ​គម្រោង​ចិត្ត​ដូចគ្នា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កម្មវិធីរ​ត់​ប្រណាំង​លក្ខណៈ​មិត្តភាព​ក្រោម​ប្រធានបទ​«​រត់​ដើម្បី​មនុស្សធម៌​»​។ កម្មវិធី​នេះ​រៀបចំឡើង ដើម្បី​អបអរ​ទិវា​គ្រូបង្រៀន និង​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ ដែលមាន​បេសកកម្ម​សាង​សង់ផ្ទះ​គ្រូបង្រៀន ។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ក្នុង​កម្មវិធី​រត់ប្រណាំង​នេះ​ថា ការរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​ដល់​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ខ្វះខាត​របស់​គ្រូបង្រៀន​។ លោក ហ៊ុន ម៉ា​នី បាន​រំឭកថា ៖«​ថវិកា​ដែល​បានមកពី​ការបង្កើត​កម្មវិធី​គម្រោង​ចិត្ត​ដូចគ្នា រត់​ដើម្បី​មនុស្សធម៌​នេះ គឺ​យើង​នឹង​ថវិកា​មួយចំណែក​ទៅ​ជួយ​ដល់​គ្រូបង្រៀន​របស់​យើង ព្រោះ​យើង​បាន​មកដល់​សព្វថ្ងៃនេះ ក៏​ដោយសារ​គ្រូបង្រៀន ដូច្នេះ​គ្រូបង្រៀន​មាន​ចំណែក​ធំ​ក្នុង​ជីវិត​យើង​ម្នាក់ៗ​»​។​

​ជាមួយគ្នានេះ​លោកស្រី ប្រាក់ សូលី​ដា អគ្គលេខា​សមាគម​បុគ្គលិក​សិក្សា សាទរ​ចំពោះ​កម្មវិធី​មនុស្សធម៌​នេះ ដែល​វា​ជាការ​រួមចំណែក​យ៉ាង​ធំ​ក្នុងការ​ដោះស្រាយ​ទុក​លំបាក​គ្រូបង្រៀន​។ បើតាម​លោកស្រី ប្រាក់ សូលី​ដា ថវិកា​ដែល​បានមក​ការងារ​មនុស្សធម៌​នៃ​គម្រោង​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការជួយ​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន ដោះស្រាយ​បញ្ហា​ជីវភាព និង​ការយក​ប្រើប្រាស់​សម្រាប់​សង់ផ្ទះ​ឲ្យ​គ្រូបង្រៀន​ផងដែរ​។​

​អ្នកទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​គម្រោង​ចិត្ត​ដូចគ្នា​លោក វន់ វរៈ បាន​បញ្ជាក់ថា កម្មវិធី​រត់ប្រណាំង​ដើម្បី​មនុស្សធម៌​លើក​ទី​២​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ជាជាង​១​ពាន់​នាក់​ដែល​មកពី​តាម​បណ្តា​ស្ថាប័នរដ្ឋ និង​ឯកជន រួមមាន​មន្ត្រីរាជការ អ្នកជំនួញ សិល្បករ យុវជន ក្រុម​កីឡាករ និង​ភ្ញៀវ​អន្តរជាតិ​ទៀតផង ។
​បើតាម​លោក វន់ វរៈ កម្មវិធី​រត់ប្រណាំង​ដើម្បី​មនុស្សធម៌​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ចំនួន​១,៣០០​នាក់​ចូលរួម​ដោយ​ទទួលបាន​ថវិកា​សប្បុរសធម៌​ប្រមាណ​ជា​ជិត​២​ម៉ឺន​ដុល្លារ​។ សម្រាប់​ថវិកា​ទាំងនោះ​ក្រុមការងារ​គម្រោង​ចិត្ត​ដូចគ្នា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បរិច្ចាគ​ជូន​អង្គការ និង​សកម្មភាព​សប្បុរសធម៌​មួយចំនួន​។ ក្នុងនោះ​បរិច្ចាគ​ជូន​អង្គការ Taramana ដើម្បី​សាងសង់​សាលារៀន​ចំនួន​១​ម៉ឺន​ដុល្លារ​, ទិញ​សម្ភារ​ប្រើប្រាស់​ជូន​អង្គការ​ផ្ទះបាយ​កុមារ​ដែល​សរុប​ជា​ប្រាក់​ប្រមាណ​ជា​២​ពាន់​ដុល្លារ និង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ទៀត​។

​គួរ​បញ្ចា​ក់ថា កម្មវិធី​រត់ប្រណាំង​លក្ខណ​មិត្តភាព​ក្រោម​ប្រធានបទ​«​រត់​ដើម្បី​មនុស្សធម៌ ដើម្បី​គ្រូ​យើង​»​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ ៕  
  
  
































6




Tag:
 ​រត់ប្រណាំង​
  វន់ វរៈ​
  គម្រោង​ចិត្ត​ដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com