ទំនៀមទម្លាប់​នៃ​ពិធីស៊ីស្លា​របស់​ជនជាតិ​ខ្មែរ និង​វៀតណាម មាន​ភាពស្រដៀងគ្នា​
ជាតិ
សង្គមជាតិ
ទំនៀមទម្លាប់​នៃ​ពិធីស៊ីស្លា​របស់​ជនជាតិ​ខ្មែរ និង​វៀតណាម មាន​ភាពស្រដៀងគ្នា​
07, Oct 2017 , 3:44 pm        
រូបភាព
ដោយ:
​ភ្នំពេញៈ ប្រពៃណី ទំនៀមទម្លាប់ នៃ​ការ​ស៊ី​ស្លា ម្លូ ឬ​ហៅថា ស្លាថ្មាត់ ឬ​ស្លា​ម៉ាត់ ដែល​កាលដើមឡើយ គេ​ជឿថា ជា​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណកាល​មក​នោះ តាមពិត មាន​ប្រវត្តិ​ស្រដៀង​គ្នា​ទៅនឹង​ប្រពៃណី ទំនៀមទម្លាប់ ចិន និង​វៀតណាម​ដែរ​។



​យោង​សៀវភៅ​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ដែល​បោះពុម្ពផ្សាយ​ឆ្នាំ​២០០៨ លោក​សាស្ត្រាចារ្យ មៀ​ច ប៉ុណ្ណ អ្នកស្រាវជ្រាវ នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត បាន​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ នៃ​ដើម ស្លា ម្លូ និង​កំបោរ​របស់​ខ្មែរ ដែល​រឿងនេះ ដំណាល​ថា កាលពីព្រេងនាយ មាន​យុវជន​ពីរ​នាក់​បងប្អូន ស្រលាញ់ គ្នា​ណាស់​។ លុះ​ក្រោយមក អ្នក​ទាំងពីរ​បាននាំគ្នា​ទៅ​រៀន​មន្តអាគម​ន៍​គាថា ពី​គ្រូអាចារ្យ​ដ៏​ល្បីឈ្មោះ ម្នាក់ ប៉ុន្តែ​ក្រោយពី​ហាត់រៀន​ចេះ​សព្វគ្រប់​ហើយ បុរស​ជា​បង បាន​រៀបការ​ជាមួយ​នារី ដ៏​ស្រស់ស្អាត ម្នាក់​នៅ​ទីនោះ​។ ក្រោយពី​រៀបការ​រួច បុរស​ជា​បង មិនសូវ​យកចិត្តទុកដាក់​នឹង​ប្អូន​ទេ ព្រោះ​រវល់​ជាមួយ ភរិយា​ច្រើនជាង ធ្វើ​ឲ្យ​យុវជន​ជា​ប្អូន​នឹក​តូចចិត្ត ក៏​រត់​ចេញពីផ្ទះ​នោះ​ទៅ​។ យុវជន​ជា​ប្អូន​ចេះតែ ដើរ​គ្មាន​គោលដៅ រហូត​ដល់ទី​ដាច់​សង្វែង គេ​ក៏​ចូលទៅ​អង្គុយ​ក្រោម​ដើម​ជ្រៃ ប្រប​មាត់​ស្ទឹង​មួយ​។ យុវ ជន​ជា​ប្អូន ត្រូវបាន​អ្នកតា​ថែរក្សា​ដើម​ជ្រៃ​នេះ វាយ​បាក់ក ស្លាប់ ហើយ​សព​របស់​យុវជន​ប្អូន​បាន​ក្លាយជា​ថ្មកំបោរ នៅពេលនោះ​ទៅ​។



​ចំណែក បុរស​ជា​បង ក្រោយពី​ដឹងថា ប្អូនប្រុស​រត់​ចេញពីផ្ទះ ក៏​លា​ប្រពន្ធ​ទៅតាម​រក​ប្អូន​។ លុះ​មកដល់​ត្រង់​មាន​ដើម​ជ្រៃ​ប្រប​មាត់​ស្ទឹង ដែល​ប្អូន​ស្លាប់​នោះ ដោយ​អស់កម្លាំង​ពេក បុរស​ជា​បង​ក៏​ដើរទៅ អង្គុយ​ក្រោម​ដើម​ជ្រៃ​នោះ ដើម្បី​សម្រាក​យ​កម្លាំង​។ ប៉ុន្តែ បុរស​ជា​បង ក៏ត្រូវ​អ្នកតា​ដើម​ជ្រៃ​នោះ វាយ​បាក់ ក ស្លាប់​ទៀត​។ ភ្លាមនោះ សាកសព​បុរស​ជាង​បង បាន​ក្លាយទៅជា​រុក្ខជាតិ​មួយ​ដើម (​ដើម​ស្លា​) ដុះ​ក្បែរ​ដុំថ្ម​កំបោរ​នោះ​។ ចំណែកឯ​ភរិយា របស់​បុរស​ជា​បង ក្រោយពី​បាត់​ដំណឹង​ប្តី នាង​ក៏​ចេញពីផ្ទះ តាម​មករក​ប្តី​ដែរ​។ លុះ​មកដល់​ត្រង់​ដើម​ជ្រៃ ប្រប​មាត់​ស្ទឹង នាង​ក៏​ចូលទៅ​សម្រាក​ទីនោះ​យក​កម្លាំង ហើយ​នាង ក៏ត្រូវ​អ្នកតា​វាយ​បាក់ក​ស្លាប់​ដែរ​។ សព​នាង​ជា​ប្រពន្ធ បានក្លាយ​ទៅជា​ដើម​រុក្ខជាតិ​វ​ល្លិ៍ មួយ​ប្រ​ភេ​ទេ មាន​ដើម​តូច តែមាន​ស្លឹក​ក្រ​ប៉ាង​ធំ ស្រដៀង​ត្រចៀក​គោ​(​ម្លូ​) នៅក្បែរនោះ​។ ដើម​ម្លូ បាន​ដុះ​រុំ ព័ទ្ធ ដើម​ស្លា និង​ថ្មកំបោរ ដែល​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​មាន​សម្រស់​ស្អាត គួរ​ទាក់ទាញ​ចិត្ត​។​

​ចំណេរ​កាល​ក្រោយមក មាន​ព្រះមហាក្សត្រ​មួយអង្គ បាន​យាង​ប្រពៀត​ព្រៃ ដោយ​ឆ្លងកាត់​ទីនេះ​។ ក្រោយពី​ទត​ឃើញ​ដើម​រុក្ខជាតិ​ម្លូ ដុះ​រុំ​ដើម​ស្លា  និង​ថ្មកំបោរ​យ៉ាង​ស្អាត​ចម្លែក​បែបនេះ ព្រះអង្គ​ក៏​បង្គាប់ ឲ្យ​រក​អ្នកណា ដែល​អាច​រឿង ឬ​ដឹង​ប្រភព​នៃ​ដើម​រុក្ខជាតិ​ទាំងបី​នេះ​មក​និទាន​ឲ្យ​ព្រះ​សណ្តាប់​។ ជា មួយ​គ្នា​នោះ មាន​អ្នកភូមិ​ម្នាក់ ដែល​ដឹង​រឿងនេះ ក៏​មក​ដំណាល​រឿងនេះ ថ្វាយ​ព្រះអង្គ​សណ្តាប់ ហើយ ក្រោយពី​ទ្រង់​ជ្រាប​រឿងនេះ​ហើយ ព្រះអង្គ ក៏​ឲ្យ​អាមាត្យ​បេះ​ផ្លែ​ស្លា បេះ​ស្លឹកម្លូ និង​យក​ស្រា​មក​ត្រដុស លាង នឹង​ថ្មកំបោរ​នោះ ភ្លាមនោះ រុក្ខជាតិ​ទាំងបី ក៏​រលាយ​ចូលគ្នា​ជា​ទឹក​ពណ៌​ក្រហម ដូច​ឈាម ហូរ​ចុះ លើ​ព្រះធរណី​។

​ព្រះមហាក្សត្រ ក្រោយពី​ទត​ឃើញ​ហេតុការណ៍​ចម្លែក​បែបនេះ ព្រះអង្គ​ក៏​ទ្រង់​ឈ្វេង​យល់ថា អ្នក​ទាំង បី​ពិតជា​ស្រលាញ់គ្នា​ណាស់ កាល​នៅ​ជាតិ​ជាម​នុស្ស ហើយ​ចាប់ពីពេលនោះ​មក ដើម្បី​រក្សាទុក​ចំណង នៃ​ក្តី​ស្រលាញ់​នេះ កាន់តែ​យូរអង្វែង ព្រះអង្គ​ក៏បាន​បង្គាប់​ឲ្យ​គេ​ដាំ​ដើម​ស្លា ម្លូ និង​កំបោរ​សម្រាប់​ប្រារព្ធ​ពិធី​មង្គល​ផ្សេងៗ ដូចជា​ពិធីបង្កក់កូន ពិធីសែនព្រេន ពិធី​ចូល​ម្លប់ ពិធី​ចេញ​ម្លប់ និង​ពិធីមង្គលការ​ជាដើម​។​



​ដោយឡែក​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា ចេញផ្សាយ​ខែវិច្ឆិកា ឆ្នាំ​១៩៥៥ អ្នកស្រី ពេជ្រ សល់ បាន​រៀបរាប់ ថា តាម​ពង្សាវតារ​វៀតណាម ពិធី​ហុច​ស្លាថ្មាត់ ឬ​ស្លា​ម៉ាត់​នេះ មានដំណើរ​ថា កាលពីព្រេងនាយ នៅ​នគរ​អាណ្ណា​ម ក្នុង​រាជ្យ​ព្រះបាទ​ហ៊ុ​ង យឿ​ង  មាន​យុវជន​ពីរ​នាក់​បងប្អូន ស្រលាញ់គ្នា​ណាស់​។ ពួកគេ​រស់នៅ​ជាមួយគ្នា ដូច​លលក​ញី​ឈ្មោល​។ លុះ​ក្រោយមក យុវជន​ជា​បង មាន​រៀបការ​ប្រពន្ធ ហើយ​ដោយសារ​ស្រលាញ់​ប្រពន្ធ​ពេក យុវជន​ជា​បង​ភ្លេច​នឹក​បុ​រ​ជា​ប្អូន ធ្វើ​ឲ្យ​យុវជន​ជា​ប្អូន​នឹក​តូចចិត្ត​ថា បង​លែង​ស្រលាញ់​ខ្លួន​ដូច​មុន ក៏​សម្រេចចិត្ត​រត់ចេញ​ផ្ទះ​ទៅ​។ យុវជន​ជា​ប្អូន ចេះតែ​ដើរ ដើរទៅ ដាច់បាយ ដាច់ទឹក ហើយ​មិនយូរប៉ុន្មាន យុវជន​ជា​ប្អូន ក៏​ស្លាប់ទៅ​។

ក្រោយពី​ស្លាប់ យូរ​ទៅ​គំនរ​ឆ្អឹង សព​យុវជន​ជា​ប្អូន ក៏​ក្លាយទៅជា​ថ្មកំបោរ​។ ក្រោយមកទៀត យុវជន ជា​បង ក្រោយពី​បាត់​ដំណឹង​ប្អូន​យូរ ក៏​លា​ប្រ ពន្ធ ចេញពីផ្ទះ​មក​តាមរក​ប្អូន​។ ហា​ក់មានអ្វី​មក​ទាក់ចិត្ត ឲ្យ​យុវជន​ជា​បង ត្រូវ​ដើរ​តាមផ្លូវ ដែល​យុវជន ជា​ប្អូន​បាន​ដើរ​។ បួន​ប្រាំ​ថ្ងៃ​ក្រោយមក មកដល់​កន្លែង ដែល​យុវជន​ប្អូន​ស្លាប់ យុវជន​ជា​បង អស់កម្លាំង ក៏​ដួល​ស្លាប់ នៅ​កន្លែង​នោះដែរ​។ ប៉ុន្តែ មុនពេល​ស្លាប់ យុវជន​ជា​បង បាន​វារ ទៅរក​ដុំថ្ម​កំបោរ នៅក្បែរ នោះ​។ បន្ទាប់មក ទី​ដែល​យុវជន​ជា​បង​ដួល​ស្លាប់​នោះ បាន​ដុះ​ដើម​ដើមឈើ​មួយ​ដើម​សន្តាន ដើម​ដូង និង​ដើមត្នោត តែ​រាង​តូច​ជាង គឺ​ដើម ស្លា​។ រីឯ នារី​ជា​ភរិយា​យុវជន​បង ក្រោយពី​បាត់​ប្តី​យូរពេក នាង​ក៏​ចាក​ចេញពីផ្ទះ តាម​មករក​ប្តី​ទៀត​។ លុះ​មកដល់​ត្រង់​កន្លែង​ប្តី និង​ប្អូនថ្លៃ​ស្លាប់​នោះ នាង​ក៏​ដួល​ស្លាប់ទៅ​ដែរ ហើយ​ត្រង់​កន្លែង​នាង​ស្លាប់​នោះ ក៏មាន​ដុះ​វ​ល្លិ៍​មួយ​ប្រភេទ មាន​ដើម​តូច​តែ​ស្លឹក​ធំ គេ​ហៅថា​ម្លូ​។

​មួយឆ្នាំ​ក្រោយមកទៀត អាកាសធាតុ មានការ​ប្រែប្រួល គឺ​ក្តៅ​ខ្លាំង គ្មាន​ភ្លៀង​មួយ​តំណ​ក់សោះ ប៉ុន្តែ នៅ​ទី ដែល​បងប្អូន​ទាំងបី​ស្លាប់​នោះ រុក្ខជាតិ​ទាំងនោះ គ្មាន​ស្រពោន​រញម​ឡើយ គឺ​នៅតែ​ស្រស់បំព្រង ដដែល​។

​ហេតុការណ៍ ដ៏​ចម្លែក​នេះ បាន​ល្បីល្បាញ សុះសាយ​ទៅដល់​ព្រះរាជា​ហ៊ុ​ង យឿ​ង​។ ព្រះអង្គ​មាន​ព្រះទ័យ​ចង់ឃើញ ចង់​ទត ក៏​ត្រាស់បង្គាប់​ឲ្យ​គេ​រៀបចំ​ក្បួន មាន​គ្រែស្នែង​ទៅកាន់​ទីនោះ​។ លុះ​មកដល់​ហើយ ព្រះអង្គ​ទ្រង់​បង្គាប់​ឲ្យ​ចាស់ៗ ដែល​ដឹង​រឿងនិទាន​ឲ្យ​ស្តាប់​។ ក្រោយពី​ជ្រាប​រឿងរ៉ាវ​នេះហើយ ព្រះ​ក៏​ទ្រង់​បង្គាប់​ឲ្យ​គេ​បេះ​ស្លឹកម្លូ ផ្លែ​ស្លា និង​ថ្មកំបោរ​មក​បុក​លាយ​គ្នា​។ រំពេច​នោះ សារជាតិ​ទាំងបី​ក៏​ក្លាយ ជា​ពណ៌​ក្រហម​ដូច​ឈាម​។ ដោយ​ទត​ឃើញច្បាស់​នឹង​ព្រះ​នេត្រ​ហើយ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​អ្នកស្រុក​ផលិត​កំបោរ ដាំ​ដើម​ស្លា ម្លូ នៅ​គ្រប់​មុខផ្ទះ ព្រោះ​ដើម​ទាំងនោះ តំនាង​ឲ្យ​ក្តី​ស្រលាញ់ ដ៏​ស្ម័គ្រស្មោះ របស់​អ្នក​ទាំងបី​។ ជាពិសេស ព្រះអង្គ​បង្គាប់​ឲ្យ​បណ្តាជន​ទាំងឡាយណា ដែល​រៀប​មង្គល​ការកូន ត្រូវ​ឲ្យ​កូនប្រុស កូនស្រី​(​កូនក្រមុំ កូន​កំ​ឡោះ​) ប្តូរ​ស្លា​ម៉ាត់​គ្នា​ទោះ​វិញ​ទៅមក ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​។ ចាប់ពីពេលនោះ​មក ទំនៀមទម្លាប់​នេះ ក៏​ក្លាយទៅជា​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ទៅ​។



​ទស្សនា​វ​ដ្តី​កម្ពុជ សុរិយា ក៏បាន​បញ្ជាក់​ផងដែរ​ថា ទំនៀមទម្លាប់​ហុច​ស្លា​ម៉ាត់​របស់​ជនជាតិ​យួន​នេះ ស្រដៀង​គ្នា ទៅនឹង​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែរ ប៉ុន្តែ ក្នុង​ទំនៀមទម្លាប់​ខ្មែរ ស្លា​ម៉ាត់ ឬ​ស្លាថ្មាត់ គឺ ជា​របស់​បញ្ចាំចិត្ត និង​តំណាង​ឲ្យ​ពាក្យ​សត្យ (​សច្ចៈ​) ហើយដោយ​សារ​សម័យ​បច្ចុប្បន្ន បុរស​ខ្មែរ មិនចេះ បរិភោគ​ស្លា ចាស់ៗ ក៏​អនុញ្ញាត​ឲ្យ​យក​បារី​ជំនួស​វិញ​។​

​រឿងរ៉ាវ​ដោយឡែក​មួយទៀត ទាក់ទង​នឹង​ទំនៀម​ហុច​ស្លាថ្មាត់ ឬ​ស្លា​ម៉ាត់​ខ្មែរ មាន​ដំណាល​មក​ថា កាលដែល​ព្រះថោង (​មាស​) បានមក​តាំង​នៅលើ​កោះ​គោកធ្លក ព្រះថោង​បាន​ជួប​នឹ​ឆ​ង​ស្រី​ម្នាក់ ដែល ជា​ព្រះរាជ​បុត្រី​ស្តេច​ភូ​ជ​ង្គ​នាគ​។ នាង និង​ព្រះថោង ក្រោយពី​បាន​សាកសួរ​គ្នា ទៅវិញទៅមក​រួចមក ក៏​សុខចិត្ត​ស្ម័គ្រ​ទទួល​គ្នា ជា​គូជីវិត​។ ប៉ុន្តែ ព្រះ​នាង មិន​ហ៊ាន​ឆ្លង​(​រំលង​)​ប្រវេណី ព្រះ​នាង​ក៏​សុំ​លា​ព្រះថោង​ទៅ​ទូល​ព្រះបិតា​វិញ​។ ព្រះថោង​មិន​ជឿជាក់​លើ​ព្រះ​នាង ក្រែង​ព្រះ​នាង​កុហក ព្រះថោង​មិន​ព្រម ដោះលែង​ឲ្យ​នាង​ត្រឡប់​ទៅ​ឋាន​ភូ​ជ​ង្គ​នាគ​វិញ​ឡើយ ទាល់តែ​ព្រះ​នាង​ទូល​ព្រះ​ង​ង្គ​ថា បើ​ព្រះអង្គ​មិន ជឿចិត្ត​ខ្ញុំម្ចាស់ សូម​ព្រះអង្គ​ទុក​ស្លា​មួយ​ម៉ាត់​ជា​ភស្តុតាង​ចុះ ម្យ៉ាងទៀត សូមទ្រង់ជ្រាប​ថា ពួក​អ្នក​នគរ ខ្ញុំម្ចាស់​ឯណោះ គេ​កាន់​ពាក្យ​សត្យ​ណាស់ បើ​ពុំ​ដូច្នេះ​ទេ នគរ​នឹងត្រូវ​សាបសូន្យ​ជាពុំខាន​។ ក្រោយ​ឮ ព្រះ​នាង​មានបន្ទូល​ដូច្នេះ ព្រះថោង ក៏​សុខ​ព្រះទ័យ ឲ្យ​នាង​ត្រឡប់​ទៅកាន់​ឋាន ភូ​ជ​ង្គ​នាគ​ទៅ​៕


Tag:
 ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com