ជាតិ
កូន​សត្វ​ផ្សោត​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​នៅ​ខេត្តក្រចេះ​
07, Oct 2017 , 5:59 pm        
រូបភាព
ដោយ:
​កូន​សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ ស្ថិតនៅក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៩ កញ្ញា​កន្លងមក ដោយ​អ្នក​បើកទូក​ទេសចរណ៍​។ តាមរយៈ​លទ្ធផល​នៃ​ការរកឃើញ​កូន​សត្វ​ផ្សោត​នេះ គឺ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការកើនឡើង​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​។



​អង្គការ World Wild Forest (WWF) បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែមករា ដល់​ខែតុលា​នេះ មាន​សត្វ​ផ្សោត​កើត​ថ្មី​ទាំងអស់​ចំនួន​៩​ក្បាល​ហើយ រាប់ទាំង​កូន​ផ្សោត​ដែល​គេ​ទើបតែ​ប្រទះឃើញ​នេះ ដោយ​ក្នុងនោះ​កូន​ផ្សោត​ចំនួន​២​ក្បាល​បាន​ស្លាប់​។ អង្គការ WWF បាន​បន្តថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​អភិរក្ស​សត្វ​ផ្សោត​នេះ វា​បង្ហាញ​ពី​ជោគជ័យ​ដ៏​ធំ​មួយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នា​២០១៦ ដោយ​កាលណោះ មានកូន​ផ្សោត​កើត​ថ្មី​ចំនួន​៤​ក្បាល ប៉ុន្តែ​ត្រូវ​ងាប់​ទៅវិញ​ទាំង​៤​ក្បាល​។ អង្គការ WWF សង្ឃឹមថា លទ្ធផល​ជោគជ័យ​នៃ​ការអភិរក្ស​សត្វ​ផ្សោត​ឆ្នាំ​២០១៧​នេះ នឹង​អាច​កាត់បន្ថយ​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ផ្សោត ក្នុង​កម្រិត​អតិបរមា ដើម្បី​ឲ្យ​មានការ​កើនឡើង​វិញ​នូវ​ចំនួន​សត្វ​ផ្សោត​ក្នុងប្រទេស​កម្ពុជា​។​

​អគ្គនាយក​នៃ​អង្គការ​ការ​WWF ប្រចាំ​ប្រទេស​កម្ពុជា លោក សេង ទៀក បាន​និយាយថា​៖«​យើង​ទាំង​គ្នា​ពិតជា​រីករាយ​ខ្លាំងណាស់ ចំពោះ​លទ្ធផល​នៃ​ភាពជោគជ័យ​ទាំងនេះ​តាមរយៈ​ការ​កើតកូន​ផ្សោត​ថ្មី​បន្ថែមទៀត​។ ជាក់ស្ដែង​វា​ជាការ​ងារ​ដែល​យើង​បាន​ខិតខំ​ទាំងអស់គ្នា ជាពិសេស​នោះ​គឺ​មន្ត្រី​ឆ្មាំ​ទន្លេ​របស់​យើង ដែល​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ រួមទាំង​ការគាំទ្រ​ពី​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សត្វ​ផ្សោត និង​ធនធាន​ជលផល​ទាំងអស់​»​។ 

​សត្វ​ផ្សោត​ទន្លេមេគង្គ គឺជា​សម្បត្តិ​ធម្មជាតិ មានជីវិត​របស់​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ននេះ​ចំនួន​របស់​ពួកវា​មាន​ចំនួន​៨០​ក្បាល ដែល​កំពង់​រស់នៅ​ទន្លេមេគង្គ ហើយ​ត្រូវបាន​ចាត់ទុកជា​ក្រុម​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​របស់​អង្គការ IUCN​។ បើតាម​អគ្គនាយក​នៃ​អង្គការ​ការ​WWF លោក សេង ទៀក កត្តា​គំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​សត្វ​ផ្សោត ជាពិសេស​កូន​របស់​វា​នោះ  គឺពាក់ព័ន្ធ​ទៅនឹង​ការនេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ និង​គម្រោង​សាងសង់​ទំ​បន់​វា​រី​អគ្គីសនី នៅតាម​ដង​ទន្លេមេគង្គ​។​

​បន្ថែម​ពីនេះ អង្គការ​WWF គ្រោង​រៀបចំ​ទិវា​អប់រំ និង​ផ្សព្វផ្សាយ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការអភិរក្ស​សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ​ផងដែរ​។​

​អង្គការ​WWF បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩៥ ដែលជា​ផ្នែក​មួយ​នៃ​អង្គការ​WWF ក្នុង​មហា​តំបន់​ទន្លេមេគង្គ​។ អង្គការ​WWF បាន​កំពុង​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ផ្សោត​ទ​ន្ល​មេគង្គ យ៉ាង​ខ្ជាប់ខ្ជួន​ចាប់​តាំងតែ​ពី​ឆ្នាំ​២០០៧​មកម្ល៉េះ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​ការស្លាប់​របស់​សត្វ​ផ្សោត និង​បង្កើន​ចំនួន​របស់​ពួកវា​ឡើងវិញ តាមរយៈ​ការពង្រឹង​ការអនុវត្តន៍​ច្បាប់ និង​ការអប់រំ​ផ្សព្វផ្សាយ​តាម​សហគមន៍ ,​ការបង្កើន​កម្រិតជីវភាព​របស់​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរឡើង​, ការសិក្សា​ស្រាវជ្រាវ អង្កេត​និង​តាមដាន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​៕


Tag:
 WWF
 ​ កូន​ផ្សោត​
 ​ ខេត្តក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com