ជាតិ
សង្គមជាតិ
ការនិយម សាងសង់​ព្រះវិហារ បែរមុខ​ទៅ​ទឹ​ស​ខាងកើត ពុំមែន​ជា​បញ្ញត្តិ​របស់​ព្រះពុទ្ធ​ទេ​
07, Oct 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញៈ តើ​ហេតុអ្វី បានជា​ពលរដ្ឋ​ខ្មែរ ឬ​ពុទ្ធសាសនិកជន​ខ្មែរ និយម​សាងសង់​ព្រះវិហារ ឬ​ផ្ទះសម្បែង​បែរមុខ​ទៅ​ទឹ​ស​ខាងកើត​? ហើយ​ប្រសិនបើ​គេ​សាងសង់​ព្រះវិហារ​បែរ​ទៅ​លិច តើ​ជា​កំហុសឆ្គង ឬទេ​?​។​រីឯ​សម្តេចព្រះសង្ឃរាជ​ជួន ណាត មាន​ព្រះរាជបន្ទូល​ថា ការសាងសង់​ព្រះវិហារ​បែរមុខ​ទៅ​ទឹ​ស​ខាង​ណា មិនមែនជា​រឿង​សំខាន់ ឯ​ការសំខាន់ គឺ​ស្ថិតនៅលើ​ទីធ្លា សម្រាប់​សាងសង់​នោះ ហើយ​ទំនៀមទម្លាប់​នេះ ពុំមែន​ជា​បញ្ញត្តិ​របស់​ព្រះពុទ្ធ​បរមគ្រូ​ឡើយ​។



​តាម​ការសង្កេត គេ​អាច​មើលឃើញថា ព្រះវិហារ នៃ​វត្ត​អារាម​ព្រះពុទ្ធសាសនា​ភាគច្រើន​លើសលប់ គឺ​សាងសង់ បែរមុខ​ទៅ​ទឹ​ស​ខាងកើត ប៉ុន្តែ​ជាទូទៅ​គេ​មិន​បានដឹង​ពី​ប្រវត្តិ​ពិត និង​ច្បាស់លាស់​ថា តើ​ហេតុអ្វី បានជា​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ពុទ្ធសាសនិកជន​ខ្មែរ និយម​សាងសង់​ព្រះវិហារ ឬ​ផ្ទះសម្បែង បែរមុខ​ទៅ​ទឹ​ស​ខាងកើត​នោះទេ​។ ជា​ទំនៀមទម្លាប់ ឬ​ផ្នត់គំនិត​ខ្មែរ គេ​ជឿថា ការសាងសង់​ព្រះវិហារ ឬ​ផ្ទះ សម្បើ​ង​បែរមុខ​ទៅ​កើត គឺ​ដើម្បី​ទទួលយក​រស្មី នៃ​ព្រះអាទិត្យ ដែលជា​ប្រភព នៃ​ភាព​ចម្រុងចម្រើន សុខដុម នៅក្នុង​សង្គមជាតិ និង​គ្រួសារ​។​



​យោងតាម​ព្រះរាជបន្ទូល​សម្តេចព្រះសង្ឃរាជ​ជួន ណាត នៅក្នុង​បទ​សម្ភាស នាទី​អក្សរសាស្ត្រ​ខ្មេរ  ទសវត្សរ៍​៦០ ការនិយម​ធ្វើ​ផ្ទះ ឬ​សាងសង់​ព្រះវិហារ​បែរមុខ​ទៅ​ទឹ​ស​ខាងកើត គឺ​គ្រាន់តែ​ធ្វើ​ឡើងជា​ទម្លាប់ របស់​ប្រជាពលរដ្ឋ ឬ​ពុទ្ធសាសនិកជន​ខ្មែរ​ប៉ុណ្ណោះ ពុំមែន​ជា​បញ្ញត្តិ​របស់​ព្រះពុទ្ធ​បរមគ្រូ​ឡើយ​។​

​ព្រះអង្គ​មានបន្ទូលថា មិនមែន​មានតែ​ខ្មែរ​នោះទេ ដែល​កាន់​ព្រះពុទ្ធសាសនា ក្នុងនោះ​មាន​ភូមា ឡាវ ថៃ និង​ស្រីលង្កា ឯ​ការសាងសង់​ព្រះវិហារ គឺ​អាស្រ័យ​ទៅតាម​ការនិយម និង​ទឹ​ស​នៃ​ប្រភពទឹក គឺ​មានន័យថា ប្រសិនបើ​អូរ ឬ​ព្រែ​កនី​ទឹ​ស ខាងលិច​ការសាងសង់​ព្រះវិហារ ត្រូវ​បែរ​ទៅ​តឹ​ស​ខាងលិច ប្រសិនបើ​អូរ ឬ​ព្រែ​កបែរ​ទៅ​ទឹ​ស​ខាងជើង គឺ​ការសាងសង់​ព្រះវិហារ ក៏​នឹង​បែរមុខ​ទៅរក​ទឹ​ស​ខាងជើង ព្រោះ​តាម​ទម្លាប់ គឺ​នៅ​ពីមុខ​ព្រះ គេ​តម្រូវ​ឲ្យ​មាន​ស្រះ​ទឹក មាន​អូរ ឬ​ព្រែក ដើម្បី​ជា​ភាពត្រជាក់ត្រជុំ និង​ងាយស្រួល​ក្នុង​ការយក​ទឹក​មក ប្រើប្រាស់​ទឹក​ក្នុង​វត្ត​។​



​សម្តេចព្រះសង្ឃរាជ មានបន្ទូល​បញ្ជាក់ថា មិនមែន​មានតែ​ព្រះវិហារ​ទេ ដែល​គេ​និយម​ធ្វើ​បែរមុខ​ទៅ​កើត សូម្បីតែ​ផ្ទះ ឬ​រោងបុណ្យ​ផ្សេងៗ ក៏​និយម​បែរមុខ​ទៅ​កើត​ដែរ ហើយ​ការនិយម​បែបនេះ ដោយសារ​គេ​ជឿ​លើក​ម្ពី​រ​កុហក បែប​អ​បិ​យ​ជំនឿ​គ្មាន​ហេតុផល​ថា បើកាលណា បុរស​ស្ត្រី​ណា ធ្វើ​រោងបុណ្យ​ទទឹងថ្ងៃ នោះ អ្នកធ្វើ​បុណ្យ​មិនបាន​បុណ្យ​ឡើយ ឯ​ផ្ទះ​ក៏​ដូចគ្នា បើ​ជម​ប្រុស​ស្រី​ណា ធ្វើ​ផ្ទះ​បែរមុខ​ទៅ​លិច រកស៊ី​លក់ដូរ​មិន​ដាច់ ឬ​រកស៊ី​មិន​បានទេ ព្រោះ​ខុស​ទម្លាប់ ធ្វើ​ឲ្យ​អាប់រាសី​។ គេ​ជឿ​ទៀតថា សូម្បី​ព្រះសម្មាសម្ពុទ្ធ ដែល​ត្រាស់ដឹង​នោះ ក៏​គឺ​ដោយសារ​ព្រះអង្គ បែរ​ព្រះ​ភក្ត្រ​ទៅ​ទឹ​ស​ខាងកើត​ដែរ​។​



​សម្តេចព្រះសង្ឃរាជ​មានបន្ទូល​ទៀតថា  រឿង​អ្នកលក់ដូរ​ខ្លះ លក់​មិន​ដាច់ មិនមែន​ដោយសារ​ផ្ទះ​បែរមុខ​ទៅ​លិច​ទេ គឺ​មកពី​ធ្វើ​ផ្ទះ​បែរមុខ​ខុសផ្លូវ ឧទាហរណ៍​ថា ផ្លូវ​គេ​ធ្វើ​កាត់​ពី​ជើង​ទៅ​ត្បូង ឯ​យើង​ធ្វើ​ផ្ទះ​បែរ​គូទ​មករក​ផ្លូវ បែរមុខ​ទៅរក​ស្រែ ព្រោះ​ចង់បាន​មុខ​ទៅ​កើត​។ សម្តេច​សួរថា បើ​សង់ផ្ទះ​បែប​ហ្នឹង តើ​មាន​អ្នកណា​គេ​ទៅ​ទិញ​? ព្រោះ​ក្រោយ​ផ្ទះ ដែល​បែរមក​ផ្លូវ​ពិបាក​ចូល ឯខាង​មុខផ្ទះ ជា​វាលស្រែ​ក៏​ពិបាក​ដើរ ហើយ​មិន​ព្រម​ឆ្ងល់​ថា ហេតុអ្វី បែរមុខ​ទៅ​កើត​ហើយ មៅ​តែ​លក់​មិន​ដាច់ ចាញ់​ចិន ដែល​ធ្វើ​ផ្ទះ​បែរមុខ​ទៅ​លិច​?​។ ចិន​ដែល​ធ្វើ​ផ្ទះ​បែរមុខ​ទៅ​លិច តែ​គេ​លក់ដូរ​ដាច់ គឺ​ដោ​សារ​គេ​ធ្វើ​បែរមុខ​ទៅរក​ផ្លូវ គេ​មិន​ប្រកាន់​ថា បែរ​ទៅ​កើត ឬ​លិច​ដូច​ខ្មែរ​យើង​ឡើយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com