Interview EN-FR
ជាតិ
សេដ្ឋកិច្ច
ក្នុង​ក្រសែភ្នែក​ជនបរទេស តើ​ការអភិវឌ្ឍ​ភ្នំពេញ​បច្ចុប្បន្ន​ស្ថិតក្នុង​ផ្លូវ​វិជ្ជមាន ឬ​អវិជ្ជមាន​?
08, Oct 2017 , 8:59 am         4275
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​នៃ​ដំណាក់កាល​អភិវឌ្ឍ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​រស់នៅក្នុង​តំបន់​នោះ​មិន​សប្បាយចិត្ត​ឡើយ ពីព្រោះ វា​ជា​ដំណាក់កាល​នៃ​ការសាងសង់ ដំណាក់កាល​នៃ​ការ​ចម្រើន​គ្រប់​វិស័យ ដូចជា ករណី​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​នេះ​ជាដើម​។ តែ​ក្រោយពី​ការអភិវឌ្ឍ ពលរដ្ឋ​អាច​នឹង​សប្បាយចិត្ត ប្រសិនបើ​បញ្ហា​ផ្សេងៗ​ត្រូវបាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ​។ នេះ គឺជា​ការបញ្ជាក់​របស់​លោក Pierre Gillette ដែល​ធ្លាប់ជា​និពន្ធ​នាយក​កាសែត​ភាសា​បារាំង​នៅក្នុង​ប្រ​ទស​កម្ពុជា​ក្នុង​ទសវត្សរ៍​៩០ និង​ឆ្នាំ​២០០០ ហើយ​បច្ចុប្បន្ន​ជា​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។


ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក Pierre Gillette ដូចតទៅ​៖




​លោក Pierre Gillette រម្លឹក​ដោយ​សង្ខេប​ឡើងវិញ​ថា ២០​ឆ្នាំមុន ទីក្រុង​ភ្នំពេញ​គ្មានអ្វី​ទេ ភ្នំពេញ​អត់​សូវ​មាន​ចរាចរណ៍ អត់​សូវ​មាន​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ អត់​មាន Bar(​កន្លែង​សប្បាយ​) អត់​មានការ​ហ្វេ​អ៊ីនធឺណិត ពោល គឺ​ភ្នំពេញ​កាលនោះ គឺជា​ទីក្រុង​ទាប​ដែល​មិនសូវមាន​អាគារ​ខ្ពស់​ទេ​។ សម្រាប់​អ្នកខ្លះ​, ក្រៅពី​លោក Pierre Gillette,  គេ​ចាត់ទុក​ទីក្រុង​ភ្នំពេញ​ក្នុង​ទសវត្សរ៍​៨០​ជាទី​ក្រុង​ខ្មោច ព្រោះ​វា​មាន​មនុស្ស​តិចតួច​ពេក​ក្រោយ​របប​ប៉ុលពត​។

​តែ​ឥឡូវនេះ ភ្នំពេញ​រីកចម្រើន​ច្រើន​។ ភ្នំពេញ​មាន​រថយន្ត​កាន់តែច្រើន មាន​អគារ​ខ្ពស់​ច្រើន ការដ្ឋាន​សំណង់​គ្រប់កន្លែង ផ្លូវ​ជាច្រើន​ត្រូវបាន​ជួសជុល​ឡើងវិញ ចរាចរណ៍​ច្រើនជាង​មុន មានការ​ហ្វេ​អ៊ី​ធឺ​ណិ​ត ផ្សារ​ទំនើប​។​ល​។ និយាយ​ជារួម រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​អភិវឌ្ឍ​យ៉ាង​លឿន​មិនគួរ​ឲ្យ​ជឿ​។ «​មុននឹង​និយាយ​រិះគន់ ខ្ញុំ​សូម​និយាយថា Bravo ព្រោះ​វា​ជាការ​រស់​ឡើងវិញ​នៃ​ទីក្រុង​ភ្នំពេញ​»​។ នេះ គឺ​ការកត់សម្គាល់​របស់លោក Pierre Gillette ដែល​មក​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​៩០​។

​តាម​ការសង្កេត​របស់​ជនជាតិ​បារាំង​រូបនេះ ដោយសារ​ការអភិវឌ្ឍ​ទីក្រុង​ក្នុង​ល្បឿន​លឿន​យ៉ាង​ដូច្នេះហើយ ទើប​យុវជន​ខ្មែរ​នៅពេលនេះ​អាច​ទទួលបាន​ជីវិត​មួយ​ដូច​យុវជន​នៃ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម​ដែរ​។

​រីកចម្រើន​មែន តែ​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មួយចំនួន​រអ៊ូរ​ខ្លាំង​ទាក់ទង​ទៅនឹង​រឿង​បរិស្ថាន ការស្ទះ​ចរាចរណ៍ សំឡេង​រំខាន​។​ល​។ និយាយ​បែប​ផ្សេង ពួក​រិះគន់ថា ភ្នំពេញ​បច្ចុប្បន្ន​ស្ថិតក្នុង​សភាព​អនាធិបតេយ្យ តើ​លោក​យល់​យ៉ាងដូចម្តេច​ដែរ​?

​លោក Pierre Gillette ឆ្លើយ​ភ្លាម​ថា នេះហើយ គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​។ ពីមុន​ភ្នំពេញ​ស្ងាត់ ពីព្រោះ ភ្នំពេញ​គ្មានអ្វី​។ តែ​ឥឡូវនេះ ភ្នំពេញ​ពោរពេញ​ដោយ​ការសាងសង់ មនុស្ស​ទិញ​រថយន្ត​ធំៗ​កាន់តែច្រើន ដូច្នេះ ចង់​មិន​ចង់ គឺ​វា​បង្ក​សំឡេង​រំខាន បង្ក​ការកកស្ទះ​ចរាចរណ៍​ដោយ​ខានមិនបាន​។ លោក Pierre Gillette បាន​អត្ថាធិប្បាយ​ថា ដំណាក់កាល​នៃ​ការអភិវឌ្ឍ គឺ​វា​ដូច្នោះ​ឯង ហើយ​ទីក្រុង​ណា​ក៏ដូចជា​ទីក្រុង​ណា​ដែរ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ពលរដ្ឋ​មាន​ហេតុផល​ដែល​ត្រូវតែ​ត្អូញ​តែ្អ និង​ធុញទ្រាន់​ដែរ​។​

​ត្រង់ចំណុច​នេះ លោក Pierre Gillette បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​នៃ​ក្រុងភ្នំពេញ​រង់ចាំ​មើល​១០​ឆ្នាំ​ទៀត ពោល គឺ​ក្រោយ​ការអភិវឌ្ឍ​ដោយ​គំហុក​នេះ តើ​ទីក្រុង​ភ្នំពេញ​នឹង​ប្រសើរ​ជាង​មុន ឬ​កាន់តែ​លំបាក​? ហើយ​ថា តើ​ភ្នំពេញ​នឹងមាន​រូបរាង​ដូចម្តេច​?

​បើទោះបីជា​លោក Pierre Gillette ហាក់បីដូច​ជាមាន​ទំនោ​គាំទ្រ​ការអភិវឌ្ឍ​ក៏ដោយ ក៏​លោក​លើកឡើង​ពី​កង្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មួយចំនួន​ផងដែរ​ក្នុងដំណាក់កាល​អភិវឌ្ឍ​នេះ ក្នុងនោះ ដូចជា កង្វះខាត​សេវា​ដឹកជញ្ជូន​សាធារណៈ ខ្វះ​ទីតាំង​ចំណត​សាធារណៈ ខ្វះ​សួន​បៃតង ខ្វះ​ចិញ្ចើមផ្លូវ​សម្រាប់​ធ្វើដំណើរ​។​ល​។ ដោយសារតែ​ទីក្រុង​ភ្នំពេញ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នោះ លោក Pierre Gillette និយាយថា ទីក្រុង​ភ្នំពេញ​ងាយស្រួល​សម្រាប់តែ​អ្នកមាន​រថយន្ត​ជិះ​ក្នុង​ម៉ាស៊ីនត្រជាក់​ប៉ុណ្ណោះ ពោលគឺ ភ្នំពេញ​មិនមែន​សម្រាប់​អ្នក​គ្មាន​រថយន្ត​នោះទេ​៕

Tag:
 ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next