ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត ប្រាប់​ឲ្យ​បេក្ខជន​ដែល​ចូល​បម្រើកងទ័ព​រាយការណ៍ បើ​មាន​ករណី​ទារប្រាក់​ជា​ថ្នូរ​នឹង​ការងារ
08, Oct 2017 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ខណៈដែល​ក្រសួង​ការពារ ប្រកាស​ជ្រើសរើស​ពលទាហាន​ជាច្រើន​នាក់ ដើម្បី​ចូល​បម្រើ​ការងារ​ក្របខណ្ឌ​ភូមិភាគ​ទី​១ នៃ​កងទ័ពជើងគោក​នោះ កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រាប់​ឲ្យ​បេក្ខជន​ទាំងអស់ ត្រូវ​រាយការណ៍​ពី​ករណី​អំពើពុករលួយ​ បើសិន​មានការ​ទារប្រាក់​ជា​ថ្នូរ​នឹង​ការងារ​នេះ​។​



​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​បង្ហោះ​សារ​មួយ​ដោយ​អម​ជាមួយនឹង​លិខិត​របស់​ក្រសួង​ការពារ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា បើ​សាធារណៈជន បានដឹង​ពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​នៃ​ការជ្រើសរើស​ពលទាហាន​នេះ ត្រូវ​រាយការណ៍​មក​គណៈកម្មាធិការ​ជ្រើសរើស​ពលទាហាន​ភ្លាម តាមរយៈ​ប្រព័ន្ធ​ទូរ​សព្ទ​៦​ខ្សែ ដើម្បី​ចាត់វិធានការ​លើ​ជនខិលខូច​តាមផ្លូវ​ច្បាប់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ការរាយការណ៍​ពី​ភាពមិនប្រក្រតី​នៃ​ការជ្រើសរើស​ពលទាហាន​នេះ គឺ​ដើម្បី​ទប់​ស្កាត​អំពើ​អសកម្ម ដែល​អាច​បង្កឡើង​ដោយ​បុគ្គល​មួយចំនួន ឆ្លៀតឱកាស​កេងចំណេញ​ប្រមូល​លុយកាក់​ផ្សេងៗ ប្រាស់ចាក​គោលនយោបាយ​កំណត់​របស់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​។​

​សូមបញ្ជាក់ថា គណៈកម្មការ​ជ្រើសរើស​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ​អោយ​យោធភូមិភាគ​ទី​១ បាន​ចាត់វិធានការ​ចំពោះ​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន​រួចហើយ ក្រោយពី​បានទទួល​បណ្តឹង​ពី​បេក្ខជន ដែល​បាន​រងគ្រោះ​ដោយ​ការទារ​ប្រាក់ សម្រាប់​ជា​ថ្នូរ​នឹង​ការដាក់​ពាក្យ​សុំចូល​បម្រើ​ការងារ​កងទ័ព​នេះ ព្រោះ​វា​ផ្ទុយ​ពី​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​ខុស​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន ម៉ា​ណែ​ត​៕

​លេខ​ទូរ​សព្ទ​សម្រាប់​ទាក់ទង​គណៈកម្មាធិការ​ជ្រើសរើស​ពលទាហាន​៖ ០៨៥ ៣៣៣៩៤៤ , ០៨៥ ២២២៧៤៤ ,០៩៧ ២៦៦៦២៤១ ,០៩៧ ២៦៦៦២៤០ , ០៨៦ ៨៤៧៣០០ និង ០៨៦ ៦៨៥៥៧០​។​


Tag:
 ហ៊ុន ម៉ា​ណែ​ត​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com