ជាតិ
សេដ្ឋកិច្ច
អា​​មេរិក និង​​សហ​​ភាព​​អឺរ៉ុប ​​សន្យា​​បង្កើន​​ការ​​ប​ញ្ជា​​​ទិញ​​​ទំនិញ​​ពី​​កម្ពុជា​​បន្ថែម​​ទៀត
08, Oct 2017 , 12:31 pm         2397
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ (រាប់ពីឆ្វេង ៖ លោក George Edgar(កណ្ដាល) លោក William A. Heidt(ស្ដាំ)
រូបពីហ្វេសប៊ុកក្រសួងការងារ (រាប់ពីឆ្វេង ៖ លោក George Edgar(កណ្ដាល) លោក William A. Heidt(ស្ដាំ)
ភ្នំពេញ៖ អាមេរិក និងសហភាពអឺរ៉ុប សន្យាពង្រីកទីផ្សាសេដ្ឋកិច្ច ដោយបង្កើនការទិញទំនិញពីកម្ពុជាបន្ថែមទៀត។ ការប្រកាសជំហរបស់អ្នកបញ្ជាទិញដ៏ធំទាំងពីរនេះ ធ្វើឡើងស្របពេលកម្ពុជា កំពុងមានភាពតានតឹងនយាបាយ។

 
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នោះ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានសន្យាបើកចំហទីផ្សារសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ដោយមិនភ្ជាប់លក្ខខណ្ឌទៅនឹងអ្វីផ្សេងនោះឡើយ។
 
តាមរយៈហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្រង់សម្ដីឯកអគ្គរដ្ឋទូតទាំងពីរ កាលពីថ្ងៃទី៦ តុលា ដូច្នេះថា៖«សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា»។
 
បន្ថែមពីនេះឯកអគ្គរដ្ឋទូតទាំងពីរ ក៏បានលើកទឹកចិត្តឲ្យកម្ពុជា បន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ,ការសន្ទនាសង្គម ,ការគោរពលក្ខខណ្ឌការងារ ,ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ,ការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឲ្យបានលឿន និងមានតម្លាភាពផងដែរ។
 
ជាការឆ្លើយតបរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បាននិយាយថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រឲ្យកាន់តែប្រសើរ។ ជាពិសេសការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀត ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕
 
 
Tag:
 អ៊ិត សំហេង
 អាមេរិក
 EU
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង