ជាតិ
សេដ្ឋកិច្ច
អាមេរិក និងសហភាពអឺរ៉ុប សន្យាបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាបន្ថែមទៀត រូបពីហ្វេសប៊ុកក្រសួងការងារ (រាប់ពីឆ្វេង ៖ លោក George Edgar(កណ្ដាល) លោក William A. Heidt(ស្ដាំ)
× ភ្នំពេញ៖ អាមេរិក និងសហភាពអឺរ៉ុប សន្យាពង្រីកទីផ្សាសេដ្ឋកិច្ច ដោយបង្កើនការទិញទំនិញពីកម្ពុជាបន្ថែមទៀត។ ការប្រកាសជំហរបស់អ្នកបញ្ជាទិញដ៏ធំទាំងពីរនេះ ធ្វើឡើងស្របពេលកម្ពុជា កំពុងមានភាពតានតឹងនយាបាយ។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នោះ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានសន្យាបើកចំហទីផ្សារសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ដោយមិនភ្ជាប់លក្ខខណ្ឌទៅនឹងអ្វីផ្សេងនោះឡើយ។
តាមរយៈហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្រង់សម្ដីឯកអគ្គរដ្ឋទូតទាំងពីរ កាលពីថ្ងៃទី៦ តុលា ដូច្នេះថា៖«សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា»។
បន្ថែមពីនេះឯកអគ្គរដ្ឋទូតទាំងពីរ ក៏បានលើកទឹកចិត្តឲ្យកម្ពុជា បន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ,ការសន្ទនាសង្គម ,ការគោរពលក្ខខណ្ឌការងារ ,ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ,ការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឲ្យបានលឿន និងមានតម្លាភាពផងដែរ។
ជាការឆ្លើយតបរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បាននិយាយថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រឲ្យកាន់តែប្រសើរ។ ជាពិសេសការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀត ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕
Tag:
អ៊ិត សំហេង
អាមេរិក
EU
© រក្សាសិទ្ធិដោយ thmeythmey.com