ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​កសិកម្ម ជំរុញ​ការដាំ​«​ផ្លែ​ផា​ស៊ិន ឬ​ក្រូច​វល្លិ​» ខណៈ​មានការ​នាំចូល​ច្រើន​
08, Oct 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អតីត​ប្រធាន​អង្គការ​សេ​ដាក លោក យ៉ង សាំង​កុមារ បាន​ជំរុញ​ការដាំដុះ​ដំណាំ​ផ្លែ​ផា​ស៊ិន ឬ​ក្រូច​វល្លិ នៅ​កម្ពុជា ខណៈ​មានការ​នាំចូល​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។​



​លោក យ៉ង សាំង​កុមារ ចង់​ឲ្យ​ពលរដ្ឋ​ស្គាល់​ផ្លែ​ផា​ស៊ិន​នេះ​ឲ្យ​ទូលំទូលាយ ព្រោះ​ផ្លែ​នេះ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព ងាយស្រួល​ដាំ និង​មាន​តម្រូវការ​នៅ​ទីក្រុង​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ផា​ស៊ិន​ជា​ផ្លែ​ល្អ​សម្រាប់​បរិភោគ​។ ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​ដាំ​ផ្លែ​នេះ ព្រោះ​កន្លងមក​ភាគច្រើន​អត់​មាន​អ្នក​ស្គាល់ ឬ​អ្នក​ស្គាល់​ហើយ​តែ​មិន បរិភោគ​»​។

​លោក​ប្រាប់ថា ផា​ស៊ិន​ជា​ដំណាំ​មាន​សក្ដានុពល​។ «​ដំណាំ​នេះ​ងាយ​ស្រូល​ដាំ ឲ្យ​ទិន្នផល​ខ្ពស់ ដាំ​ត្រឹម ៧​ខែ​ឬ​៨​ខែ អាច​ប្រមូល​ផល ហើយ​តម្លៃ​ទីផ្សារ​ក៏​គ្រាន់បើ​ដែរ​»​។ លោក យ៉ង សាំង​កុមារ ថ្លែង​ដូចនេះ​។​

​ចំពោះ​តម្រូវការ​ទីផ្សារ​សម្រាប់​ផ្លែ​ប្រភេទ​នេះ លោក យ៉ង សាំង​កុមារ ឲ្យ​ដឹងថា ផ្លែ​នេះ​មិន​និយម​នៅ​ជនបទ តែមាន​តម្រូវការ​នៅ​ទីក្រុង​។ លោក​លើកឡើង​ដូចនេះ​ថា​៖«​ទីមួយ ពលរដ្ឋ​អត់​សូវ​ចេះ​ហូប បើ​មាន​អ្នក​បរិភោគ​ផ្លែ​នេះ​ច្រើន បាន​មាន​តម្រូវការ​ច្រើន​។ ទី​ពីរ គឺមាន​អ្នក​ចាប់ផ្ដើម​ចេះ​បរិភោគ​កាន់តែ​ច្រើនឡើង​ដែរ ពិសេស​នៅតាម​ទីក្រុង​»​។ លោក​បន្ថែមថា តម្រូវការ​ទីផ្សារ​ផ្លែ​នេះ​អាច​ឆ្លុះបញ្ចាំង​តាមរយៈ​ការនាំ​ចូល​។​



​អ្នកជំនាញ​កសិកម្ម​រូបនេះ បន្តថា ការផ្គត់ផ្គង់​ផ្លែ​នេះ​សព្វថ្ងៃ គឺ​ភាគច្រើន​ទទួលបាន​ពី​ខេត្តមណ្ឌលគិរី និង​ក្រៅប្រទេស​។ លោក​បានលើកឡើង​ពី​ការអង្កេត​មិន​ផ្លូវការ​មួយ​ដែល​បង្ហាញថា ផ្លែ​ផា​ស៊ិន​នេះ​ត្រូវបាន​នាំចូល​ច្រើន​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​នៅ​ខេត្តមណ្ឌលគិរី ដោយ​ក្នុង​មួយខែ​ប្រមាណ ១០០​តោន​។

​បើ​ដាំ​ផ្លែ​នេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ លោក យ៉ង សាំង​កុមារ ផ្ដល់យោបល់​ថា កសិករ​ត្រូវ​ចង​គ្នា​ជា​សហគមន៍ និង​មាន​ការជួយ​ជ្រុម​ជ្រែង​ពី​ស្ថាប័នរដ្ឋ​។ ផ្លែ​ផា​ស៊ិន​នេះ ត្រូវបាន​គេ​បរិភោគ​ឆៅ ឬ​ធ្វើជា​ភេសជ្ជ​។​

​លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក បាន​ថ្លែងថា អង្គការ​របស់លោក​បាន​ដាក់​ប្រភេទ​ផ្លែ​ផា​ស៊ិន​នេះ​ក្នុង​គម្រោង​មួយ​ផងដែរ ដែល​សេ​ដាក​កំពុង​ចងក្រង​កសិករ​ដើម្បី​អនុវត្ត​។ ប៉ុន្តែ​លោក​បញ្ជាក់ថា រហូតដល់​ចុងឆ្នាំ​នេះ ទើប​សេ​ដាក​មាន​របាយការណ៍​ទាក់ទង​នឹង​តម្រូវការ និង​ការដាំដុះ​ផ្លែឈើ​នេះ​។

​បើតាម​ម្ចាស់​ហាង​លក់​កាហ្វេ​តូចៗ ដែលមាន​លក់​ភេសជ្ជ​ផា​ស៊ិន​នេះ​ផងដែរ​នោះ ផ្លែ​ផា​ស៊ិន​រៀ​ត​ណា​ម មានតម្លៃ ៤ ទៅ​៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​ផា​ស៊ិន​ខ្មែរ សម្រាប់​រដូវ​សម្បូរ​តម្លៃ​ប្រហាក់ប្រហែល​នេះដែរ តែ​សម្រាប់​ពេល​ខ្សត់ ផ្លែ​នេះ​ត្រូវបាន​លក់​ថ្លៃ​ជាង​ច្រើន​។ អ្នកលក់​ទាំងនោះ​អះអាងថា ដោយសារតែ​តម្លៃ និង​ភាពសម្បូរ ពួកគេ​ទិញ​ផ្លែ​ផា​ស៊ិន​វៀតណាម​៕

Tag:
 ផា​ស៊ិន​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com