English-Français
ជាតិ
កូនខ្មែរគួររៀនភាសាអង់គ្លេស និងចិន តែមិនត្រូវបំភ្លេចភាសាខ្មែរឡើយ
× ភ្នំពេញ៖ ក្នុងខណៈពេលដែលភាសាអង់គ្លេសបាន និងកំពុងមានឥទ្ធិពលនៅក្នុងសង្គមខ្មែរនោះ លោក Peter Shepherd អ្នកជំនួញជនជាតិអាមេរិកាំងអាយុ៨០ឆ្នាំដែលកើតនៅក្នុងប្រទេសអង់គ្លេស ហើយបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា យុវជនខ្មែរមិនគួរមើលរំលងសារៈសំខាន់នៃភាសាចិនឡើយ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយុវជនខ្មែរមិនគួរបំភ្លេចចោលភាសាខ្មែរដែលជាភាសាជាតិរបស់ខ្លួនឡើយ។ ភាសាខែ្មរ អង់គ្លេស និងចិន គឺជាភាសាដែលកូនខ្មែរគួរតែចេះ។
ខាងក្រោមនេះ គឺជាបទសម្ភាសវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក Peter Shepherd នៅក្នុងទីក្រុងភ្នំពេញនាពេលកន្លងមក៖
«ភាសា គឺជាផ្នែកមួយនៃវប្បធម៌»។ នេះ គឺជាការអត្ថាធិប្បាយរបស់លោក Peter Shepherd ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតដែលសួរលោកថា យុវជនខ្មែរមួយចំនួនសរសេរភាសាខ្មែរមិនសូវល្អ ឬមិនសូវត្រូវ។ ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានខាងលើ លោក Peter Shepherd អះអាងបន្ថែមថា ការសរសេរភាសាជាតិមិនសូវល្អ ឬមិនល្អ មិនមែនកើតឡើងចំពោះតែជនជាតិខ្មែរនោះទេ សូម្បីតែជនជាតិអាមេរិកាំង ក៏មានមនុស្សមួយចំនួនសរសេរអង់គ្លេសមិនល្អដែរ។ ករណីនេះ, សម្រាប់លោក Peter Shepherd, កើតឡើងគ្រប់ទីកន្លែង និងស្ទើរគ្រប់ប្រទេស។
ងាកមកប្រទេសកម្ពុជាវិញ លោក Peter Shepherd បានកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរច្រើនគួរសមចេះនិយាយភាសាអង់គ្លេស ផ្ទុយពីជនជាតិថៃ។ ពលរដ្ឋខ្មែរនិយាយភាសាអង់គ្លេសបានល្អណាស់។ យុវជនខ្មែរបច្ចុប្បន្ននេះ ទំនាក់ទំនងគ្នាជាភាសាអង់គ្លេសពាក់កណ្តាល និងភាសាខ្មែរពាក់កណ្តាល។ នៅក្នុងសាលាឯកជនមួយចំនួន គ្រប់មេរៀនទាំងអស់ត្រូវបានគេបង្រៀនជាភាសាអង់គ្លេស។ បើតាមលោក Peter Shepherd អ្នកជំនួញម្នាក់នៅក្នុងសហរដ្ឋអាមេរិក, ការសិក្សារភាសាអង់គ្លេស គឺជារឿងសំខាន់ណាស់។ ប៉ុន្តែ យុវជនខ្មែរ មិនគួរបំភ្លេចសារៈសំខាន់នៃភាសាកំណើតខ្មែរឡើយ។ លោកបានលើកឡើងថា ប្រសិនបើមេរៀនជាច្រើនត្រូវបានគេបង្រៀនជាភាសាអង់គ្លេសនៅសាលាហើយ ដូច្នេះ ឪពុកម្តាយគួរតែនិយាយភាសាខ្មែរនៅគេហដ្ឋានជាមួយពួកគេឲ្យបានច្រើន។ និយាយ អាន និងសរសេរភាសាខ្មែរឲ្យបានច្រើន គឺជាការល្អ។ ភាសា គឺជាផ្នែកមួយនៃវប្បធម៌។ លោក Peter Shepherd បានរម្លឹកការស្តាយស្រណោះរបស់លោកថា ភាសា Welsh នៅក្នុងចក្រភពអង់គ្លេសត្រូវបានគេលែងប្រើ ហើយភាសានេះ ស្ទើរតែស្លាប់ទៅហើយ។ ភាសាខ្មែរវាមិនស្លាប់ដូចភាសា Welsh ទេ។ តែលោក Peter Shepherd គ្រាន់តែចង់រម្លឹកកូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះ។ លោកថា កូនខ្មែរត្រូវចេះភាសាខ្មែរឲ្យល្អ និងភាសាអង់គ្លេសឲ្យល្អដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងបរិបទបច្ចុប្បន្ននេះ លោកស្នើឲ្យយុវជនខ្មែរចេះបីភាសា។ ទី១ គឺភាសាខ្មែរ។ ទី២ គឺភាសាអង់គ្លេស និងទី៣ គឺភាសាចិន។ ក្នុងនាមជាអ្នកចេះ៤ភាសា លោក Peter Shepherd បញ្ជាក់ថា អ្នកជំនួញដែលចេះភាសាបរទេសច្រើន អាចជួយជំរុញជំនួញឲ្យដើរទៅមុខកាន់តែលឿន៕
© រក្សាសិទ្ធិដោយ thmeythmey.com