ជាតិ
ស្ត្រី​ជា​មន្ត្រីរាជការ នឹង​បាន​ថវិកា​ចាប់ពី​៨០​ម៉ឺន​រៀល​សម្រាប់​ការ​សម្រាលកូន​
09, Oct 2017 , 9:17 am         83798
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ស៊ីវិល​,​នគរបាល និង​កងទ័ព​ជា​ស្ត្រី សម្រាប់​ទ្រទ្រង់​ការ​សម្រាលកូន​របស់​ពួកគេ នៅ​ឆ្នាំ​២០១៨​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា (CUS) នៅ​ព្រឹក​ថ្ងៃទី​៩ តុលា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​បានរៀបចំ​កញ្ចប់​ថវិកា ផ្ដល់ជូន​ស្ត្រី​ដែល​សម្រាល​បានកូន​ម្នាក់ ទទួលបាន​ថវិកា ៨០​ម៉ឺន​រៀល ,​សម្រាល​បានកូន​ភ្លោះ ១​លាន​៦​សែន​រៀល និង​កូនភ្លោះ​បីនាក់ ២​លាន​៤​សែន​រៀល​។​


​បើតាម​ប្រមុខ​រដ្ឋាភិបាល ស្ត្រី​ដែល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ស៊ីវិល​,​នគរបាល និង​កងទ័ព មាន​ចំនួន​៩២១៩៨​នាក់ ដោយ​ក្នុងនោះ​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល មាន​៨២៥១៧​នាក់ ដែល​ភាគច្រើន​ជា​គ្រូបង្រៀន និង​គ្រូពេទ្យ​។ ក្នុងចំណោម​ស្ត្រី​ជាង​៩​ម៉ឺន​នាក់​នេះ ស្ត្រី​ដែលមាន​លទ្ធភាព​ពពោះ​មាន​ចំនួន​១០​ភាគរយ ដែល​ស្មើ​១០៨៤៤​នាក់​។​

​គួរ​បញ្ជាក់ថា កន្លងមក​រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​គោលនយោបាយ​ផ្ដល់​ថវិកា​ឧបត្ថម្ភ ដល់​កម្មការិនី​រោងចក្រ​ទូទាំងប្រទេស ដែល​សម្រាលកូន​ម្នាក​ទទួលបាន​ថវិកា ៤០​ម៉ឺន​រៀល ,​កូនភ្លោះ​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​៣​នាក់ ១​លាន​២០​ម៉ឺន​រៀល​ផងដែរ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ រដ្ឋាភិបាល ត្រៀម​កញ្ចប់​ថវិកាជាតិ​១០​លាន​ដុល្លារ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​សម្រាលកូន​របស់​ក​ម្ម​ការិនី​រោងចក្រ​នេះ​៕

Tag:
 ហ៊ុន សែន​
  ​សម្រាលកូន​
 ​ នគរបាល​
  មន្ត្រីរាជការ​
  ​កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង