ជាតិ
ស្ត្រីជាមន្ត្រីរាជការ នឹងបានថវិកាចាប់ពី៨០ម៉ឺនរៀលសម្រាប់ការសម្រាលកូន
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល,នគរបាល និងកងទ័ពជាស្ត្រី សម្រាប់ទ្រទ្រង់ការសម្រាលកូនរបស់ពួកគេ នៅឆ្នាំ២០១៨។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) នៅព្រឹកថ្ងៃទី៩ តុលានេះ សម្ដេច ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកា ផ្ដល់ជូនស្ត្រីដែលសម្រាលបានកូនម្នាក់ ទទួលបានថវិកា ៨០ម៉ឺនរៀល ,សម្រាលបានកូនភ្លោះ ១លាន៦សែនរៀល និងកូនភ្លោះបីនាក់ ២លាន៤សែនរៀល។
បើតាមប្រមុខរដ្ឋាភិបាល ស្ត្រីដែលបម្រើការងារជាមន្ត្រីរាជការស៊ីវិល,នគរបាល និងកងទ័ព មានចំនួន៩២១៩៨នាក់ ដោយក្នុងនោះស្ត្រីជាមន្ត្រីរាជការស៊ីវិល មាន៨២៥១៧នាក់ ដែលភាគច្រើនជាគ្រូបង្រៀន និងគ្រូពេទ្យ។ ក្នុងចំណោមស្ត្រីជាង៩ម៉ឺននាក់នេះ ស្ត្រីដែលមានលទ្ធភាពពពោះមានចំនួន១០ភាគរយ ដែលស្មើ១០៨៤៤នាក់។
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយផ្ដល់ថវិកាឧបត្ថម្ភ ដល់កម្មការិនីរោងចក្រទូទាំងប្រទេស ដែលសម្រាលកូនម្នាកទទួលបានថវិកា ៤០ម៉ឺនរៀល ,កូនភ្លោះ៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ១លាន២០ម៉ឺនរៀលផងដែរ នៅឆ្នាំ២០១៨ខាងមុខនេះ។ រដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាជាតិ១០លានដុល្លារសម្រាប់ជួយទ្រទ្រង់ដល់ការសម្រាលកូនរបស់កម្មការិនីរោងចក្រនេះ៕
Tag:
ហ៊ុន សែន
សម្រាលកូន
នគរបាល
មន្ត្រីរាជការ
កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com