កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូ​ស្តា​រី​កា អេ​ហ្ស៊ី​ប នី​ហ្សេ​រី​យ៉ា និង​ប៉ូឡូញ បាន​កៅអី​ទៅ​រុស្ស៊ី​
09, Oct 2017 , 2:15 pm        
រូបភាព
​រកឃើញ​ប្រទេស​ចំនួន​៤​ទៀតហើយ​ដែល​អាច​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​រួមមាន កូ​ស្តា​រី​កា អេ​ហ្ស៊ី​ប នី​ហ្សេ​រី​យ៉ា និង​ប៉ូឡូញ ស្របពេល បារាំង ស៊ុយអែត និង​ហូ​ឡង់​ត្រូវ​ប្រជែង​គ្នា​ខ្លាំង​នៅក្នុង​ការប្រកួត​ចុងក្រោយ​រៀងខ្លួន​ដើម្បី​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ និង​បន្តទៅ​វគ្គ​ជម្រុះ (Play-off)​។



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូ​ស្តា​រី​កា អាចមាន​កៅអី​ទៅ World Cup ឆ្នាំក្រោយ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​រកបាន​១៦​ពិន្ទុ​ពី​ការប្រកួត​៩​លើកចុងក្រោយ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​នៃ​វគ្គ​ជម្រុះ​តំបន់​កា​រ៉ា​អី​ប (Concacaf) លើ​សហរដ្ឋអាមេរិក​ដែល​ឈរ​លេខ​បី​ចំនួន ៤​ពិន្ទុ​។ សហរដ្ឋអាមេរិក ប៉ា​ណា​ម៉ា និង​ហុង​ឌូ​រ៉ា​ស កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា និង​ត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​ចុងក្រោយ​ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ជម្រុះ​ក្នុង​ទ្វីប​នេះ​ក្រុម​ចាប់ពី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣​អាច​ឈានទៅ​រុស្ស៊ី​បាន ហើយ​លេខ​៤​ត្រូវ​ប្រកួត​ជម្រុះ (Play-off) ជាមួយ​ក្រុម​ពី​ទ្វីប​ផ្សេង​បន្តទៀត​។​

​ចំណែក​អេ​ហ្ស៊ី​ប​ដែល​ស្ថិតនៅ​កំពូល​តារាង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល E ទ្វីបអាហ្វ្រិក​ក៏​អាច​ឈានទៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​ដែរ ក្រោយ​យកឈ្នះ​កុង​ហ្គោ​១-០ មាន​១២​ពិន្ទុ​លើស​ក្រុម​លេខ​ពីរ ៤​ពិ​ន្ទ​ខណៈ​នៅសល់​១​ប្រកួត​ប៉ុណ្ណោះ​។ រីឯ​នី​ហ្សេ​រី​យ៉ា​ដែល​ស្ថិតនៅ​ពូ​ល B ក្នុង​ទ្វីប​នេះ​ក៏បាន​កក់​កៅអី​ទៅ​រុស្ស៊ី​ជាមួយ​អេ​ហ្ស៊ី​ប​ដែរ ក្រោយ​រកបាន​ពិន្ទុ​នាំមុខ​ដាច់​ក្រុម​លេខ​ពីរ​រហូតដល់​៦​ពិន្ទុ​។​

​សម្រាប់​ក្រុម​មកពី​តំបន់​អឺរ៉ុប ក្នុង​វគ្គ​ជម្រុះ​ពូ​ល E ប៉ូឡូញ​ក្រោយ​យកឈ្នះ​ម៉ុង​តេ​ណេ​ក្រូ ៤-២ អាចមាន​វត្ត​មាននៅ World Cup 2018 ដែរ បន្ទាប់ពី​មាន​ពិ​ន្ទ​ដាច់​ក្រុម​លេខ​២ ដា​ណឺ​ម៉ាក ៥​ពិន្ទុ​។​

​សម្រាប់​ពូ​ល A ក្នុង​តំបន់​អឺរ៉ុប​ឯណោះ​វិញ ក្រុម​មាន់គក​បារាំង​ស្ថិតនៅ​កំពូល​តារាង​មាន​២០​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២​ស៊ុយអែត​មាន​១៩​ពិន្ទុ និង​ហូ​ឡង់​នៅ​លេខ​ប​៣​មាន ១៦​ពិន្ទុ​កំពុង​ប្រទាញ​ប្រ​ទុង​គ្នា​ដើម្បី​ប្រជែង​យក​កៅអី​ទៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ហូ​ឡង់​ត្រូវ​ប្រជែង​ជាមួយ ស៊ុយអែត​ដើម្បី​បាន​កៅអី​បន្តទៅ​វគ្គ Play-off​។​

​សូមបញ្ជាក់ថា ក្នុង​វគ្គ​ជម្រុះ​នៅ​ទ្វីបអឺរ៉ុប​នេះ ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ១​ក្នុង​តារាង​អាច​ឈានទៅ​ប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​២០១៨​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​ទី​២​ត្រូវ​ប្រកួត​ជម្រុះ​បន្តទៀត​។​

​ក្រៅពី​ម្ចាស់ផ្ទះ​រុស្ស៊ី មាន​ប្រទេស​ចំនួន​១៤​ហើយ​ដែល​បាន​កៅអី​ទៅ World Cup រួមមាន ប្រេ​ស៊ី​ល អាល្លឺម៉ង់ បែ​លហ​ស្ស៊ិ​ក កូ​ស្តា​រី​កា អង់គ្លេស អេ​ហ្ស៊ី​ប អ៊ីរ៉ង់ ជប៉ុន ម៉ិ​ក​ស៊ិ​ក នេ​ហ្សេ​រី​យ៉ា ប៉ូឡូញ អា​រ៉ា​បី​សា​អូឌីត កូរ៉េខាងត្បូង និង​អេ​ស្ប៉ា​ញ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com