ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វីបានជាខ្ញុំចេះតែអស់កម្លាំងគ្រប់ពេលអញ្ចឹង?
× ភាពអស់កម្លាំងគឺជាផ្នែកមួយដ៏ចំបងបំផុតដែលគ្រូពេទ្យតែងតែជួបប្រទះ។ អ្នកជំងឺច្រើនតែប្រាប់ថា ពួកគេមានអារម្មណ៍អស់កម្លាំងទោះបីជាបានគេងលក់ស្រួលហើយក៏ដោយ។ អាចនិយាយបានថា ក្នុងចំណោម ៥នាក់មានម្នាក់ហើយដែលមានអារម្មណ៍អស់កម្លាំង និង ១០នាក់មានការអស់កម្លាំងជាប់រយៈពេលយូរម្នាក់។ រឿងនេះកើតឡើងលើមនុស្សស្រីច្រើនជាងបុរស។
ការធ្វើតេស្តឈាមអាចនឹងត្រូវធ្វើដើម្បីទាត់ចោលនូវបញ្ហាវេជ្ជសាស្ត្រផ្សេងៗទៀតដូចជា ការកង្វះគ្រាប់ឈាម ឬក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានគ្រប់គ្រាន់។
យ៉ាងណាមិញមានហេតុផលវេជ្ជសាស្ត្រច្រើនណាស់ដែលនាំឲ្យអ្នកមានអាការៈអស់កម្លាំងបើសិនជាមានរោគសញ្ញាអ្វីផ្សេងៗទៀតដូចជា ធ្លាក់ឈាមរដូវច្រើនៗ ស្រកទម្ងន់ ប្រែប្រួលទម្លាប់នៃការបន្ទោបង់ ជ្រុះសក់ ស្រេកទឹកខ្លាំងជាដើម។
បើសិនជាអ្នកចង់ស្វែងយល់ថា ហេតុដូចម្តេចបានជាអ្នកអស់ម្លាំងនោះ ចូរគិតដល់៖
• ផ្នែកជាច្រើននៃជីវិតដូចជា ការងារ និងគ្រួសារ ដែលវាអាចកំពុងតែធ្វើឲ្យអ្នកអស់កម្លាំងជាពិសេស
• ព្រឹត្តិការណ៍នានាដែលអាចជំរុញដល់ការអស់កម្លាំងដូចជា សាច់ញាតិ ឬក្រុមគ្រួសារបែកបាក់គ្នា
• របៀបរស់នៅ
ភាពអស់កម្លាំងដោយសារតែរាងកាយ
មានការត្អូញត្អែរខាងសុខភាពច្រើនណាស់ដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង។ វាមិនមែនដោយសារតែជំងឺកង្វះគ្រាប់ឈាម និងបញ្ហាក្រពេញទីរ៉ូអ៊ីតទេ តែអាចនឹងមានរឿងគួរឲ្យភ្ញាក់ផ្អើលច្រើនទៀតដូចជា ជំងឺទឹកនោមផ្អែម ញ៉ាំអាហារមិនបាន និងការគេងបាត់ដង្ហើមជាដើម។
ការដែលធាត់ពេក ឬស្គមពេកអាចបង្កជាភាពអស់កម្លាំងបានដែរ ដោយសារតែរាងកាយធ្វើការច្រើនជាងធម្មតា។ បើសិនជាអ្នកស្គមពេក កម្លាំងរបស់សាច់ដុំគឺមិនសូវមាន ហើយអ្នកក៏មានអារម្មណ៍អស់កម្លាំងលឿនដែរ។
ការមានផ្ទៃពោះជាពិសេសរយៈពេល ១២សប្តាហ៍ដំបូង ក៏អាចខាបយកថាមពលរាងកាយអ្នកកាន់តែច្រើនដែរ។
ការអស់កម្លាំងដោយសារតែបញ្ហាចិត្តសាស្ត្រ
ភាពអស់កម្លាំងដោយសារតែបញ្ហាចិត្តសាស្ត្រគឺជារឿងដែលកើតមានជាញឹកញាប់ជាងគេបំផុត ហើយក្នុងនោះភាគច្រើនជាការថប់អារម្មណ៍តែម្តង ដែលវាធ្វើឲ្យគេងមិនលក់ និងអស់កម្លាំងជាប់រហូត។
ការព្រួយបារម្ភច្រើន ជាពិសេសបារម្ភរាល់ថ្ងៃ អាចធ្វើឲ្យជីវិតមានភាពអស់កម្លាំងបាន ទោះបីជាស្ថិតក្នុងស្ថានភាពវិជ្ជមានក៏ដោយដូចជា ការផ្លាស់ប្តូរផ្ទះរស់នៅ ឬរៀបការក៏ដោយ។ ការដែលមានអារម្មណ៍តក់ស្លុតខ្លាំងដូចជា ដឹងអំពីដំណឹងអាក្រក់ គ្រួសារបែកបាក់គ្នា ក៏អាចជាដើមហេតុនាំឲ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរដែរ។
បញ្ហាសុខភាពផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬថប់អារម្មណ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំង ព្រមទាំងមិនអាចធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទេ។
ការអស់កម្លាំងដោយសារតែរបៀបរស់នៅ
ការអស់កម្លាំងអាចច្រើនតែបង្កឡើងដោយកត្តារបៀបរស់នៅដូចជា ញ៉ាំគ្រឿងស្រវឹងច្រើនៗពេក ឬរបបអាហារមិនល្អតែម្តង។ បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងនៅពេលល្ងាច អ្នកអាចនឹងភ្ញាក់នៅពាក់កណ្តាលយប់។ បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងជាទៀងទាត់ វាអាចធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងប៉ះពាល់ដល់ការគេងរបស់អ្នកបាន។
បើសិនជាអ្នកមានបញ្ហានៃការគេង ដូចជាត្រូវធ្វើការវេនយប់ ការគេងនៅពេលថ្ងៃអាចជារឿងពិបាកមួយសម្រាប់គេងលក់ដែរ ដូច្នេះវានឹងធ្វើឲ្យអ្នកអស់កម្លាំងជាញឹកញាប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com