ជាតិ
ជិះទូក និង​គយគន់​មើល​ផ្ទះ​លិច​ទឹក​នៅ​កំពង់​ភ្លុក​នៅតែ​ជាទី​ពេញនិយម​សម្រាប់​ទេសចរ​
09, Oct 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក នៅតែ​ជាទី​កន្លែង​កម្សាន្ត​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​ការកម្សាន្ត ដោយ​ការ​ជិះទូក គយគន់​មើល​ទេសភាព​នា​ដង​ទន្លេសាប ក្នុង​ខែវស្សា​។ កំពង់​ភ្លុក មានផ្ទះ​លិច​ទឹក ព្រៃ​លិច​ទឹក​ព័ទ្ធជុំវិញ អាហា​រដ្ឋា​ន​លើទឹក និង​ការ​ជិះទូក​គយគន់​ទេសភាព​តាម​ដើម​រាំង ដ៏​ស្រស់ស្អាត​។



​ភ្ញៀវទេសចរ​ដែល​ចង់​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​កំពង់​ភ្លុក ត្រូវ​ដឹង​ចំណុច​ខ្លះៗ​ពី​សេវាកម្ម​នៅ​ទីនោះ​។ ដំបូង​ទេសចរ ត្រូវ​ទិញ​សំបុត្រ​ទូក ដែលមាន​ទីតាំង​នៅជាប់​ផ្លូវ​ចូល ដោយ​ទូក​មួយ​អាច​ផ្ទុក​មនុស្ស​ប្រមាណ​១០​នាក់​ចុះ មានតម្លៃ​២០​ដុល្លារ ហើយ​តម្លៃ​លើសពីនេះ ទៅតាម​ទំហំ​ទូក​។

​ដោយសារ​បឹង​ទន្លេសាប​រីក​មាឌ​ក្នុង​រដូវវស្សា គេ​ត្រូវ​ធ្វើដំណើរ​តាម​ទូក​រយៈពេល​ប្រហែល ៣០​នាទី ទើប​ទៅដល់​ភូមិ​កំពង់​ភ្លុក​។ នៅ​ទីនោះ មានផ្ទះ​ឈើ​តូចធំ សសរ​តូចៗ ច្រើន​ជា​ឈើ សង់​អម​សងខាង​ផ្លូវ​ទូក​ដែល​ដឹក​អ្នកទេសចរ​ចូលទៅ​។​



​អ្វីដែល​ជាទី​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ នោះ​គឺ​ការកម្សាន្ត​លើ​ស្ពានឈើ ដែល​គេ​ឲ្យ​ឈ្មោះថា «​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​កំពង់​ភ្លុក​»​។ ទីនោះ ភ្ញៀវទេសចរ​ត្រូវ​បង់ថ្លៃ​សេវា​ដើរ​កម្សាន្ត ក្នុង​ម្នាក់​ចំនួន ២​ពាន់​រៀល ដោយ​អាច​ដើរ​លើ​ស្ពានឈើ ដែល​សង់​ព័ទ្ធ​ខ្វាត់ខ្វែង​ក្នុងព្រៃ​ដើម​រាំងភ្នំ ដាច់​កន្ទុយភ្នែក​។ នៅ​ទីនោះ ភ្ញៀវទេសចរ​ក៏​អាច​បញ្ជា​ទិញ​ម្ហូបអាហារ​សម្រាប់​ពិសា បែប​ធម្មជាតិ​ផងដែរ​។​

​មួយទៀត គឺ​ការ​ជិះទូក​តូចៗ កម្សាន្ត​ក្នុងព្រៃ​លិច​ទឹក ឬ​ដើម​រាំងភ្នំ ដែលជា​ដើមឈើ​ធន់​នឹង​ទឹក​ជាងគេ​។ ទូក​មួយ​អាច​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន​២​នាក់ និង​ម្ចាស់​ទូក​ម្នាក់​។ តម្លៃ​សំបុត្រ គឺ​ម្នា​ក់មួយ​ដុល្លារ ដោយ​ធ្វើដំណើរ​ជុំវិញ​តំបន់​គោលដៅ​ដែល​បានកំណត់​។​

​ផុតពី​នេះ គឺ​ការថតរូប​នៅ​កណ្តាល​បឹង​ទន្លេសាប​ដ៏​ល្វឹងល្វើយ​។ ទេសភាព​ស្រស់ស្រាយ ផ្ទៃ​ទន្លេសាប​គ្មាន​កោះ​គ្មាន​ត្រើយ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បំភ្លេច​មិនបាន​។ ក្រៅពីនេះ ភ្ញៀវទេសចរ​បរទេស​ខ្លះ ក៏បាន​ចូលទៅ​មើល​វត្ត​អារាម​នៅ​ភូមិ​កំពង់​ភ្លុក ដែល​សង់​លើដី​ទួល ផុតពី​ដី ដោយ​ពួកគេ​ចង់​យល់ដឹង​ផ្នែក​វប្បធម៌ និង​សាសនា នៅ​តំបន់​ទន្លេសាប​នោះ​ផងដែរ​។​



​ប្រធាន​សហគមន៍​ទូក​ទេសចរណ៍​កំពង់​ភ្លុក លោក ប៉ាន់ សាយ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន ៣១០​នាក់ ដែល​កំពង់​បើកទូក​ប​ម្រើ​វិស័យ​ទេសចរណ៍​ក្នុងភូមិ​សាស្ត្រ​មួយ​នេះ​។ លោក​បន្តថា ទូក​ទាំងអស់​មាន​ចំនួន ជាង​៥០០​ទូក ដោយ​បែក​ចែកជា​២​ប្រភេទ​។ ប្រភេទ​ទូក​តូច ដែល​អាច​ផ្ទុក​អ្នកដំណើរ​ពី​ម្នាក់​ទៅ ៧​នាក់ មាន​ចំនួន ៤៤២​ទូក និង​ប្រភេទ​ទូក​ធំ ផ្ទុក​អ្នកដំណើរ​ពី​៧ ទៅ​៥០​នាក់ មាន​ចំនួន ៩០​ទូក​។

​ចំណែក​មេភូមិ​កំពង់​ភ្លុក លោក នឹង នី បាន​ឲ្យ​ដឹងថា ភូមិ​កំពង់​ភ្លុក​មាន​ប្រជាជន​ចំនួន ៨៣៨​គ្រួសារ ដែល ៧៥% ជា​អ្នកនេសាទ ២០%​អ្នកបម្រើ​សេវា​ទេសចរណ៍ និង​៥%​ទៀត ជា​កម្មករ​នេសាទ លក់ដូរ និង​ជួសជុល​ទូក​។​



​តាម​លោក នឹង នី ចំណូល​ប្រចាំថ្ងៃ​សម្រាប់​ពលរដ្ឋ​ភូមិ​កំពង់​ភ្លុក ជា​មធ្យម​រកបាន ៦​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ អ្នកភូមិ​កំពង់​ភ្លុក ប្រើប្រាស់​ផ្សារ​ចំនួន​២ មាន​ផ្សារ​រលួស និង​ផ្សារលើ​។ សម្រាប់​ខែប្រាំង​អ្នកភូមិ​ធ្វើ​ដំណាំ​កសិកម្ម​មួយចំនួន​តូច​។ តំបន់​ទេសចរណ៍​កំពង់​ភ្លុក​មាន​ផ្ទៃដី​សរុប ៤៨​ហិកតា ដែលជា​តំបន់​ព្រៃ​លិច​ទឹក និង​ក្រៅ​តំបន់ ជាង​៤​ពាន់​ហិកតា​។ ព្រៃ​លិច​ទឹក មាន​ជាង​៥០​ប្រភេទ​៕


























Tag:
 កំពង់​ភ្លុក​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com