ជាតិ
សេដ្ឋកិច្ច
ប្រាក់ខែ​កម្មករ​ខ្មែរ​លើស​ឥណ្ឌា ប៉ា​គី​ស្ថាន វៀតណាម តែ​ទាប​ជាង​ម៉ាឡេស៊ី សិង្ហ​បុរី ចិន​…
09, Oct 2017 , 10:19 pm         5505
រូបភាព
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ ចំនួន​១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨​ខាងមុខ​។ តួលេខ​១៧០​ដុល្លារ​នេះ បង្ហាញថា កម្មករ​កម្ពុជា ទទួលបាន​ប្រាក់ខែ​លើស​កម្មក​នៅ​ប្រទេស​ឥណ្ឌា វៀតណាម ប៉ា​គី​ស្ថាន តែ​ទាប​ជាង​កម្មករ​នៅ​ម៉ាឡេស៊ី សិង្ហ​បុរី និង​ចិន​ជាដើម​។


​ប្រាក់ខែ​កម្មករ​១៧០​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវបាន​ភាគី​រដ្ឋាភិបាល និ​យោ​គជក និង​សហជីព បើក​កិច្ចប្រជុំ​យ៉ាង​តានតឹង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទើប​សម្រេចបាន​ប្រាក់ខែ​នេះ​ឡើង​។ សហជីព និង​កម្មករ​សាទរ ចំពោះ​លទ្ធផល​ដំឡើង​ប្រាក់ខែ​១៧០​ដុល្លារ​នេះ ខណៈដែល​ប្រទេស​មួយចំនួន មាន​គម្លាត​ប្រាក់ខែ​ទាប​ជាង​កម្មករ​ប្រទេស​កម្ពុជា​នៅឡើយ​។​

​ត្រង់ចំណុច​នេះ បើ​ក្រឡេក​មើលទៅ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ជាង​កម្ពុជា បាន​ប្រាក់ខែ​ឲ្យ​កម្មករ​មាន​កម្រិត​ទាប​ជាង​កម្ពុជា ក្នុងនោះ​រួមមាន ប្រទេស​មី​យ៉ាន់​ម៉ា កម្មករ​ទទួលបាន​ប្រាក់ខែ​៧៩​ដុល្លារ ,​ឡាវ (១១០​ដុល្លារ​) ,​បង់​ក្លា​ដេ​ស (៦៧​ដុល្លារ​) ស្រីលង្ការ (៦៧​ដុល្លារ​) ឥណ្ឌា (៧៧​ដុល្លារ​) ប៉ា​គី​ស្ថាន (១៣៤​ដុល្លារ​) ខណៈដែល​កម្មករ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ១១៣​ដុល្លារ​ទៅ​១៦៥​ដុល្លារ​។

​ចំណែក​ប្រទេស​ដែល​ផ្ដល់​ប្រាក់ខែ​កម្មករ​មាន​កម្រិត​ខ្ពស់ជាង​កម្ពុជា ក្នុងនោះ​ប្រទេស​ថៃ (២៥០​ដុល្លារ​) និង​ម៉ាឡេស៊ី (៣០០​ដុល្លារ​) សិង្ហ​បុរី (៨៤០​ដុល្លារ ) ឥណ្ឌូនេស៊ី ប្រាក់ខែ​តំបន់​ខ្លះ​ទាប​ត្រឹម​៩៩ ដុល្លារ​និង​ប្រាក់ខែ​ខ្ពស់​២៤៩​ដុល្លារ ,​ហ្វីលីពីន (​ប្រាក់ខែ​ទាប​១៣៩ និង​ប្រាក់ខែ​ខ្ពស់​២៥៧) និង​ចិន (​ប្រាក់ខែ​ទាប​១៧០ និង​ប្រាក់ខែ​ខ្ពស់​៦០០) ។ នេះ​បើតាម​រដ្ឋាភិបាល​។​

​កន្លងមក​ប្រមុខ​រដ្ឋាភិបាល ធ្លាប់បាន​លើកឡើងថា ប្រាក់​ឈ្នួល​អប្បបរមា​លើសពី ១៦០​ដុល្លារ សម្រាប់​កម្មករ​រោងចក្រ​ទាំងអស់ នៅ​ឆ្នាំ​២០១៨​នោះ គឺ​វា​ស្ថិតនៅក្នុង​កម្រិត​មួយ ដែល​រដ្ឋាភិបាល​អាចមាន​លទ្ធភាព​ផ្ដល់ជូន​ពួកគេ ស្របតាម​លំហូរ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែ​កម្មករ​រោងចក្រ នឹង​ដំ​ឡើងជា​រៀងរាល់ឆ្នាំ​៕

Tag:
 កម្មករ​
 ​ ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង