ជាតិ
សេដ្ឋកិច្ច
ប្រាក់ខែកម្មករខ្មែរលើសឥណ្ឌា ប៉ាគីស្ថាន វៀតណាម តែទាបជាងម៉ាឡេស៊ី សិង្ហបុរី ចិន… រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន
× ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ខែកម្មករ ចំនួន១៧០ដុល្លារ នៅឆ្នាំ២០១៨ខាងមុខ។ តួលេខ១៧០ដុល្លារនេះ បង្ហាញថា កម្មករកម្ពុជា ទទួលបានប្រាក់ខែលើសកម្មកនៅប្រទេសឥណ្ឌា វៀតណាម ប៉ាគីស្ថាន តែទាបជាងកម្មករនៅម៉ាឡេស៊ី សិង្ហបុរី និងចិនជាដើម។
ប្រាក់ខែកម្មករ១៧០ដុល្លារ សម្រាប់ឆ្នាំ២០១៨នេះ គឺត្រូវបានភាគីរដ្ឋាភិបាល និយោគជក និងសហជីព បើកកិច្ចប្រជុំយ៉ាងតានតឹងអស់រយៈពេលជាច្រើនថ្ងៃ ទើបសម្រេចបានប្រាក់ខែនេះឡើង។ សហជីព និងកម្មករសាទរ ចំពោះលទ្ធផលដំឡើងប្រាក់ខែ១៧០ដុល្លារនេះ ខណៈដែលប្រទេសមួយចំនួន មានគម្លាតប្រាក់ខែទាបជាងកម្មករប្រទេសកម្ពុជានៅឡើយ។
ត្រង់ចំណុចនេះ បើក្រឡេកមើលទៅប្រទេសមួយចំនួននៅក្នុងតំបន់ ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ជាងកម្ពុជា បានប្រាក់ខែឲ្យកម្មករមានកម្រិតទាបជាងកម្ពុជា ក្នុងនោះរួមមាន ប្រទេសមីយ៉ាន់ម៉ា កម្មករទទួលបានប្រាក់ខែ៧៩ដុល្លារ ,ឡាវ (១១០ដុល្លារ) ,បង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្ការ (៦៧ដុល្លារ) ឥណ្ឌា (៧៧ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ខណៈដែលកម្មកររោងចក្រនៅប្រទេសវៀតណាមទទួលបានប្រាក់ខែចន្លោះពី ១១៣ដុល្លារទៅ១៦៥ដុល្លារ។
ចំណែកប្រទេសដែលផ្ដល់ប្រាក់ខែកម្មករមានកម្រិតខ្ពស់ជាងកម្ពុជា ក្នុងនោះប្រទេសថៃ (២៥០ដុល្លារ) និងម៉ាឡេស៊ី (៣០០ដុល្លារ) សិង្ហបុរី (៨៤០ដុល្លារ ) ឥណ្ឌូនេស៊ី ប្រាក់ខែតំបន់ខ្លះទាបត្រឹម៩៩ ដុល្លារនិងប្រាក់ខែខ្ពស់២៤៩ដុល្លារ ,ហ្វីលីពីន (ប្រាក់ខែទាប១៣៩ និងប្រាក់ខែខ្ពស់២៥៧) និងចិន (ប្រាក់ខែទាប១៧០ និងប្រាក់ខែខ្ពស់៦០០) ។ នេះបើតាមរដ្ឋាភិបាល។
កន្លងមកប្រមុខរដ្ឋាភិបាល ធ្លាប់បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាលើសពី ១៦០ដុល្លារ សម្រាប់កម្មកររោងចក្រទាំងអស់ នៅឆ្នាំ២០១៨នោះ គឺវាស្ថិតនៅក្នុងកម្រិតមួយ ដែលរដ្ឋាភិបាលអាចមានលទ្ធភាពផ្ដល់ជូនពួកគេ ស្របតាមលំហូរកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែកម្មកររោងចក្រ នឹងដំឡើងជារៀងរាល់ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com