កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អា​ហ្ស​ង់​ទីន ស៊ី​លី ព័រ​ទុយ​ហ្គា​ល់ និង​ហូ​ឡង់ មិនទាន់មាន​សុវត្ថិភាព​
09, Oct 2017 , 10:39 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ហូ​ឡង់ ស៊ី​លី និង​ព័រ​ទុយ​ហ្គា​ល់​ដែលជា​ក្រុម​ល្បី​ក្នុង​វិស័យ​បាល់ទាត់​បច្ចុប្បន្ន​អាច​ប្រឈម​នឹង​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ ដោយសារ​ក្រុម​របស់​ពួកគេ​មិនអាច​រក​ពិន្ទុ​គ្រប់គ្រាន់​ពី​ការប្រកួត​វគ្គ​ជម្រុះ​តាម​ទ្វីប ខណៈ​នៅសល់​១​ប្រកួត​ចុងក្រោយ​ប៉ុណ្ណោះ​។​



​អា​ហ្ស​ង់​ទីន​ដែល​គេ​ចាត់ទុកថា​ជា​ប្រទេស​ដែល​ខ្លាំង​ក្នុង​វិស័យ​បាល់ទាត់​មួយ និង​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​ដែល​ប្រកប​អាជីព​ក្នុង​លី​ក​បាត់​ទាត់​ល្បីៗ​លើ​លោក​ដូចជា Lionel Messi, Dybala និង​Angel Di Maria ជាដើម​នោះ នៅ​មិនទាន់​ច្បាស់​ថា​អាច​នាំ​ក្រុម​ទៅ World Cup ឆ្នាំក្រោយ​នៅ​ឡើង​ទេ​ដោយ​ចាំ​អ៊ុត​ការប្រកួត​ចុងក្រោយ​ជាមួយ​អេក្វាទ័រ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា​ខាងមុខនេះ​។​

​អា​ហ្ស​ង់​ទីន​ត្រូវ​ឈ្នះ​អេក្វាទ័រ​ជាដាច់ខាត ព្រោះ​បច្ចុប្បន្ន​មាន​២៥​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​លេខ​៦ ដែលជា​ចំណាត់ថ្នាក់​មិនអាច Play-off បាន ហើយក៏​ត្រូវ​ចាំ​អ៊ុត​លទ្ធផល​របស់ ប៉េ​រូ ស៊ី​លី និង​កូ​ឡំ​ប៊ី ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣, ៤, ៥ តាម​ពិន្ទុ​គ្នា​ប្រកៀក​ប្រកិត​សម្រាប់​ការប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាមេរិក​ឡាទីន​ផងដែរ​។​

​ចំណែក​ស៊ី​លី​ហាក់ដូចជា​ពិបាក​បន្តិច​នៅពេល​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង​ប្រេ​ស៊ី​ល​នា​ការប្រកួត​ចុងក្រោយ​។ ប្រេ​ស៊ី​ល​មាន​ស្តិ​តិ​ការប្រកួត​ក្នុង​ដី​ល្អ​បំផុត​ក្នុង​ការប្រកួត​ជម្រុះ​កន្លងមក​មិន​ធ្លាប់​ស្គាល់​ចាញ់​នោះទេ​។ ម្ចាស់​ជើងឯក Copa America ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​២៦​ពិន្ទុ ស្មើ​កូ​ឡំ​បី និង​លើស ប៉េ​រូ និង​អា​ហ្ស​ង់​ទីន​តែ​១​ពិន្ទុ​នោះ ត្រូវ​យកឈ្នះ​ក្រុម​សាំ​បា​ជាដាច់ខាត​។ ក្រុម​ចាប់បី​លេខ​១ ដល់​៤ ត្រូវ​ឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​លេខ​៥​ត្រូវ​លេង Play-off ជាមួយ​នូ​វែ​ល​សេ​ឡង់ ដើម្បី​ឈានទៅ World Cup ឆ្នាំក្រោយ​។​

​រីឯ​ព័រ​ទុយ​ហ្គា​ល់​វិញ​ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ នៃ​វគ្គ​ជម្រុះ​ទ្វីបអឺរ៉ុប​ក្នុង​ពូ​ល​B តាម​ពីក្រោយ​ស្វី​ស​ដែល​ឈរ​លេខ​រៀង​ទី​១​ចំនួន​៣​ពិន្ទុ​។ ការប្រកួត​ចុងក្រោយ​របស់​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ទទួលភ្ញៀវ​ស្វី​ស​នៅ​ថ្ងៃទី​១១ ខែតុលា​។ បើសិន​បើ​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​នេះ​មិនអាច​ឈ្នះ​ក្នុងការ​ប្រកួត​ចុ​ក្រោយនេះ​ទេ នោះ​នឹងត្រូវ​ប្រកួត​វគ្គ Play-off ជាមួយ​ក្រុម​លេខ​២​ពូ​ល​ផ្សេងទៀត​ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី​។​

​ដោយឡែក ហូ​ឡង់​វិញ​ស្ទើ​តែ​អស់​ឱកាស​ទៅហើយ ដើម្បី​បាន​កៅអី​ទៅ World Cup ដោយ​ការប្រកួត​៩​លើកចុងក្រោយ​មានតែ​១៦​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​លេខ​រៀង​ទី​៣ តាម​ពីក្រោយ​ក្រុម​លេខ​២​ស៊ុយអែត ៣​ពិន្ទុ ខណៈ​សល់​តែ​១​ប្រកួត​គត់​។ ការប្រកួត​ចុងក្រោយ ហូ​ឡង់​ត្រូវ​ទទួល​ស៊ុយអែត នៅ​ថ្ងៃទី​១១ ខែតុលា ហើយ​ក្រុម​រហស្សនាម​ទឹកក្រូច​នេះ ត្រូវយក​ឈ្នះ​ស៊ុត​អែ​ត​លើសពី ៧-០ ឯណោះ​ទើប​អាច​បាន​កៅអី​ទៅ​វគ្គ Play-off​។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ទ្វីបអឺរ៉ុប ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ​២​តាម​ពូ​ល​នីមួយៗ​ត្រូវ​ប្រកួត​ជម្រុះ Play-off ជាមួយគ្នា​បន្តទៀត​ដើម្បី​អាច​ទៅ World Cup 2018 នៅ​រុស្ស៊ី​៕


Tag:
 World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com