កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋដ៏តូច អ៊ីស្លង់ និងស៊ែប៊ី បានកៅអីទៅ World Cup ខណៈ វេលស៍ទឹកភ្នែក
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ស៊ែប៊ីនិង អ៊ីស្លង់បានកក់កៅអីឡើងទៅ World Cup ឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះការប្រកួតចុងក្រោយនៃវគ្គជម្រុះតាមពូល ខណៈវេលស៍ទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះក្រោយបរាជ័យក្រោមថ្វីជើងសាធារណរដ្ឋអៀរឡង់ក្នុងផ្ទះខ្លួនឯងនាការប្រកួតនៅថ្ងៃទី៩ ខែតុលា។
ស៊ែបរកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះហ្សកហ្ស៊ី ១-០ នាការប្រកួតចុងក្រោយវគ្គជម្រុះតំបន់អឺរ៉ុបក្នុងពូល D មាន២១ពិន្ទុ នាំមុខគេក្នុងតារាង អាចឈានទៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ីដោយស្វ័យប្រវត្តិ។
ដោយឡែកក្រុមជម្រើសវែលស៍ដែលស្ថិតក្នុងពូលនេះដែរ អស់ឱកាសទៅហើយ បន្ទាប់ពីចាញ់សាធារណរដ្ឋអៀរឡង់ ១-០ ក្នុងដីខ្លួនឯង។ សរុបទាំង១០ប្រកួត វែលស៍រកបាន១៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ នៅពីក្រោយសាធារណរដ្ឋអៀរឡង់ដែលមាន១៩ពិន្ទុ នៅលេខរៀងទី២ អាចបន្តទៅវគ្គ Play-Off ជាមួយក្រុមចំណាត់ថ្នាក់លេខ២នៅពូលផ្សេងទៀតដើម្បីបានកៅអីទៅរុស្ស៊ីឆ្នាំក្រោយ។
ចំណែកក្រុមជម្រើសជាតិ អ៊ីស្លង់ ដែលជាប្រទេសតូចមួយក្នុងទ្វីបអឺរ៉ុប និងមានប្រជាជនតិចនោះ ក៏អាចឈានទៅ World Cup ជាលើកដំបូងផងដែរ ក្រោយយកឈ្នះ កូសូវ៉ូ ២-០។ ប្រទេសដែលមានប្រជាជនត្រឹម ៣៣៥០០០នាក់នេះ ក៏ធ្លាប់ធ្វើព្យុះភ្លៀងនៅ Euro 2016 ផងដែរដោយទំលាក់ក្រុមខ្លាំងៗដូចជាអង់គ្លេស និងវែលស៍ ឈានដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង។
ក្នុងការប្រកួត១០លើកក្នុងពូល I អ៊ីស្លង់ អាចយកឈ្នះគូប្រកួតដល់ទៅ៧លើក មាន២២ពិន្ទុឈរលើកំពូលតារាង តាមពីក្រោយដោយក្រូអាស៊ីមាន២០ពិន្ទុដែលត្រូវបន្តទៅប្រកួតវគ្គ Play-Off។
ក្រៅពីម្ចាស់ផ្ទះរុស្ស៊ី មានប្រទេសចំនួន១៦ហើយដែលបានកៅអីទៅ World Cup រួមមាន ប្រេស៊ីល អាល្លឺម៉ង់ បែលហ្ស៊ិក កូស្តារីកា អង់គ្លេស អេហ្ស៊ីប អ៊ីរ៉ង់ ជប៉ុន ម៉ិកស៊ិក នេហ្សេរីយ៉ា ប៉ូឡូញ អារ៉ាបីសាអូឌីត កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ែប៊ីនិងអ៊ីស្លង់៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com